27
ឧសភា

លោក ហ៊ុន សែន អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​ត្រឡប់​ចូល​កម្ពុជា​ដោយ​មិន​ចាំបាច់​មាន​លិខិត​បញ្ជាក់​សុខភាព

ប្រមុខ​រដ្ឋាភិបាល​កម្ពុជា លោក ហ៊ុន សែន ផ្លាស់​ប្ដូរ​ចិត្ត​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ​នៅ​ក្រៅ​ប្រទេស អាច​វិល​ចូល​កម្ពុជា​បាន ដោយ​មិន​ចាំបាច់​មាន​លិខិត​បញ្ជាក់​សុខភាព​នោះ​ទេ។ ពលរដ្ឋ​ខ្មែរ​ដែល​ជាប់​គាំង នៅ​ម៉ាឡេស៊ី រំពឹង​ថា រដ្ឋាភិបាលនឹង​ជួយ​បញ្ជូន​ពួក​គាត់​ត្រឡប់​ទៅ​កម្ពុជា​ឲ្យ​បាន​ឆាប់ៗ ក្រោយ​មាន​ដំណោះ​ស្រាយ​ថ្មី​នេះ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​លើ​ហ្វេសប៊ុក​ថា ចាប់​ពី​ថ្ងៃ​ទី២៧ ខែ​ឧសភា តទៅ ពលរដ្ឋ​ខ្មែរ​ដែល​កាន់ លិខិត​ឆ្លង​ដែន​កម្ពុជា ហើយ​មាន​បំណង​វិល​ត្រឡប់​ចូល​កម្ពុជា​វិញ គឺ​មិន​តម្រូវ​ឲ្យ​មាន​វិញ្ញាបនប័ត្រ​បញ្ជាក់​សុខភាព​ថា គ្មាន​ជំងឺ​ឆ្លង​កូវីដ-១៩ ដូច​មុន​ឡើយ។ លោក ថា ការ​ផ្លាស់​ប្តូរ​ចិត្ត​របស់​លោក​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ដល់​ពលរដ្ឋ​នៅ​ក្រៅ​ប្រទេស ឲ្យ​ឆាប់​បាន​វិល​ត្រឡប់​មក​ជួបជុំ​ក្រុម​គ្រួសារ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​វិញ។

ទោះ​ជា​យ៉ាង​ណា លោក​បញ្ជាក់​ថា ពេល​ត្រឡប់​មក​ដល់​ប្រទេស​កម្ពុជា​វិញ ពលរដ្ឋ​ទាំង​នោះ​ត្រូវ​ចូល​ពិនិត្យ សុខភាព ហើយ​ដាក់​ឲ្យ​ស្នាក់​នៅ​ដាច់​ដោយ​ឡែក​ចំនួន ១៤ថ្ងៃ ទើប​អនុញ្ញាត​ឲ្យ​ទៅ​លំនៅឋាន​រៀងៗ ខ្លួន​វិញ។

ការ​ផ្លាស់​ប្តូរ​ចិត្ត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅ​ពេល​នេះ គឺ​បន្ទាប់​ពី​ពលរដ្ឋ​ខ្មែរ​ដែល ជាប់​គាំង​នៅ​ក្រៅ​ប្រទេស ជាពិសេស​នៅ​ប្រទេស​ម៉ាឡេស៊ី រិះគន់​ផង និង​ទទូច​ស្នើសុំ​ម្ដង​ហើយ ម្ដង​ទៀត​ផង ឲ្យ​រដ្ឋាភិបាល​របស់​លោក​ជួយ​សម្រប​សម្រួល​បញ្ជូន​ពួក​គេ​ត្រឡប់​មក​កម្ពុជា​វិញ​ឲ្យ​បាន​ឆាប់ ព្រោះ​ពួក​គេ​ជួប​ការ​លំបាក​ផ្នែក​ជីវភាព និង​ពុំ​មាន​ថវិកា​សម្រាប់​ចំណាយ​ថ្លៃ ធ្វើ​តេស្ត​សុខភាព។

ពលករ​ធ្វើ​ការ​សំណង់​នៅ​ប្រទេស​ម៉ាឡេស៊ី​មួយ​រូប គឺ​លោក ហាំ សាលី ត្រេកអរ​ចំពោះ​ការ​ប្រកាស របស់​ប្រមុខ​រដ្ឋាភិបាល ហើយ​លោក​រំពឹង​ថា រដ្ឋាភិបាល នឹង​ជួយ​រៀបចំ​ជើង​ហោះ​ដឹក​ពួក​លោក​ ទៅ​ស្រុក​ខ្មែរ​ឲ្យ​បាន​ឆាប់​បំផុត។ លោក ត្អូញត្អែរ​ថា ការ​ទ្រាំ​រស់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ១៩ នេះ លោក និង​ពលករ​ដទៃ​ទៀត ជួប​ការ​លំបាក​ខ្លាំង​ដោយសារ​គ្មាន​ការងារ​ធ្វើ ហើយ​គ្មាន​ចំណូល​សម្រាប់​ជួល​បន្ទប់​ស្នាក់នៅ និង​ទិញ​អាហារ​ហូប​ចុក​ជា​ដើម៖ «កន្លង​មក​ដែល​គាត់ (លោក ហ៊ុន សែនមិន​ឲ្យ​ទៅ​ស្រុក​ខ្មែរ​នោះ ខ្ញុំ​ពិបាក​ក្នុង​ចិត្ត​ខ្លាំង ហើយ​ឥឡូវ​នេះ​រឿង​ពិបាក​នៅ​តែ​ពិបាក​ដដែល ប៉ុន្តែ​ធ្វើ​ម៉េច យើង​មិន​អាច​ទៅ​បាន ដូច្នេះ​ចេះ​តែ​ខំ​រក​ការងារ​ធ្វើ ដើម្បី​បាន​លុយ​បន្តិចបន្តួច។ ឥឡូវ​ឮ​ថា សម្តេច​នាយក​រដ្ឋមន្ត្រី ថា អាច​ឲ្យ​ទៅ​បាន​អ៊ីចឹង ខ្ញុំ​ត្រូវ​ទៅ​ដែរ ព្រោះ​ខ្ញុំ​នៅ​តែ​ចង់​ទៅ​ជួប​ប្រពន្ធ និង​កូន​របស់ខ្ញុំ»

ស្រដៀង​គ្នា​នេះ ពលករ​ធ្វើ​ការ​ជា​អ្នក​រត់​តុ​ក្នុង​ភោជនីយដ្ឋាន​នៅ​ប្រទេស​ម៉ាឡេស៊ី លោកស្រី ស៊ាង សំអូន រៀបរាប់​ថា ការ​ប្រកាស​មិន​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់​សុខភាព​នេះ គឺ​ធ្វើ​ឲ្យ​ពលករ​សប្បាយ ចិត្ត​មួយ​ផ្នែក ប៉ុន្តែ​លោក​ស្រី ចង់​ឃើញ​រដ្ឋាភិបាល ចាត់​វិធានការ​ច្បាស់លាស់​ក្នុង​ការ​បញ្ជូន​អ្នក​ជាប់ គាំង​នៅ​ម៉ាឡេស៊ី​ត្រឡប់​ទៅ​កម្ពុជា​ឲ្យ​បាន​ឆាប់។ លោកស្រី​បន្ត​ថា រហូត​មក​ដល់​ពេល​នេះ ស្ថានទូត ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ម៉ាឡេស៊ី មិន​ទាន់​ជូន​ដំណឹង​ជាក់លាក់​ថា ពួក​គាត់​ត្រូវ​ឡើង​យន្តហោះ​ថ្ងៃ​ណា នោះ​ទេ៖ «ខ្ញុំ​សំណូមពរ​ថា បើ​គាត់​ចង់​ឲ្យ​ពួក​ខ្ញុំ​ទៅ​អ៊ីចឹង គឺ​ចង់​ឲ្យ​បាន​ទៅ​លឿនៗ ព្រោះ​មិន​ចង់​ថា គាត់​ឲ្យ​ទៅ​ហើយ ត្រូវ​ផ្អាក​ដំណើរ​វិញ វា​យូរ​ថ្ងៃ​ទៀត ខ្ញុំ​អត់​ចង់​អ៊ីចឹង​ទេ។ ខ្ញុំ នៅ​ទី​នេះ​ពិបាក​ណាស់ វា​អត់​មាន​អី​ធ្វើ​បាន​លុយ ហើយ​លុយ​ជួល​ផ្ទះ​ក៏​គ្មាន លុយ​ទិញ​អី​ហូប​ក៏​គ្មាន ហើយ​បាន​តែ​គេ​ឲ្យ​ហូប ហើយ​បើ​គេ​មិន​ឲ្យ​យើង​អត់»

ប្រជាពលរដ្ឋ​ខ្មែរ ១៥០នាក់ បាន​ជាប់​គាំង​នៅ​ប្រទេស​ម៉ាឡេស៊ី ជិត​ពីរ​ខែ​ហើយ​ដោយសារ​តែ​ការ ផ្លាស់ប្តូរ​ចិត្ត​មិន​ប្រាកដប្រជា​របស់​លោក ហ៊ុន សែន។ កាល​ពី​ថ្ងៃ​ទី៧ ខែមេសា លោក​បាន​សម្រេច​ចិត្ត​ភ្លាមៗ ហាម​មិន​ឲ្យ​យន្តហោះ​ដឹក​ពលរដ្ឋ​ទាំង ១៥០នាក់​ចូល​កម្ពុជា ក្រោម ហេតុផល​ទប់​ស្កាត់​ជំងឺ​កូវីដ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី២៧ ខែមេសា លោក​បាន​ប្តូរ​ចិត្ត​បើក​ផ្លូវ ឲ្យ​ពលរដ្ឋ​ទាំង ១៥០នាក់ ចូល​កម្ពុជា​វិញ តែ​តម្រូវ​ឲ្យ​មាន​លិខិត​បញ្ជាក់​សុខភាព​ថា គ្មាន​ជំងឺ​កូវីដ-១៩។ លើស​ពី​នេះ រដ្ឋាភិបាល​លោក ហ៊ុន សែន ប្រកាស​ថា ការ​ពិនិត្យ​សុខភាព​នោះ​មិន​អស់​លុយ​ទេ ប៉ុន្តែ​ក្រោយ​មក​តម្រូវ​ពលរដ្ឋ​ចំណាយ​លុយ​ខ្លួន​ឯង​វិញ។

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា សង់​ត្រាល់ (CENTRAL) លោក ឌី ថេហូយ៉ា ថ្លែង​ថា ដំណោះ​ស្រាយ​ថ្មី​របស់​រដ្ឋាភិបាល​នេះ ជា​រឿង​ល្អ ប៉ុន្តែ​មិន​ទាន់​គ្រប់គ្រាន់​នៅ​ឡើយ​ទេ។ លោក​ស្នើសុំ​ឲ្យ​រដ្ឋាភិបាល ដោះ​ស្រាយ​ចំណុច​សំខាន់ៗ ជា​ច្រើន​ទៀត ដូច​ជា ជួយ​ចំណាយ​ថ្លៃ​ធ្វើ​ដំណើរ និង​អាហារ​ហូប​ចុក​សម្រាប់​អ្នក​ដែល​រង​ផល​ប៉ះ​ពាល់​ធ្ងន់ធ្ងរ​ទាំង​ក្នុង​អំឡុង​ពេល​ពួក​គេ​នៅ​ក្រៅ​ប្រទេស និង​ទៅ​ដល់​ក្នុង​ប្រទេស​វិញ៕

ប្រភព៖ RFA

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...