19
មិថុនា

សហជីព​ធំៗ​មួយ​ចំនួន​ទទូច​ដល់​ក្រសួង​ការងារ​បង្គាប់​ឱ្យ​ថៅកែ​បើកប្រាក់​អតីតភាព ឆ្នាំ​២០២០ ឱ្យ​កម្មករ​វិញ

ក្រុម​សហជីព​ធំៗ ១៣ ស្ថាប័ន កំពុង​ធ្វើ​លិខិត​រួមគ្នា ដាក់​ទៅ​ក្រសួង​ការងារ បង្គាប់​ឱ្យ​ថៅកែ បើកប្រាក់​អតីតភាព ឆ្នាំ​២០២០ ឱ្យ​កម្មករ​វិស័យ​កាត់ដេរ វាយនភណ្ឌ និង​ស្បែកជើង​វិញ​។ សំណើ​នេះ ក្រោយ​ពេល​ក្រុម​សហជីព រក​ឃើញ​ថា ថៅកែ​មានលទ្ធភាព​បើកប្រាក់​អតីតភាព​ឱ្យ​កម្មករ ខណៈ​កម្មករ​កំពុង​ប្រឈម​ជីវភាព​លំបាក​ខ្លាំង។

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ ឱ្យ​ដឹង​ថា ក្រុម​សហជីព​ធំៗ បាន​ព្រាង​លិខិត​រួច​ហើយ ហើយ​គ្រោង​ដាក់​ទៅ​ក្រសួង​ការងារ នៅ​ថ្ងៃ​ទី​២២ មិថុនា ខាងមុខ​។ លោក​អះអាង​ថា ការ​ពន្យារ​ពេល​បើកប្រាក់​អតីតភាព​ការងារ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ជីវភាព​កម្មករ ដែល​កំពុង​លំបាកលំបិន​ស្រាប់​។ លោក​បន្ត​ថា លុយ​អតីតភាព​ដែល​កម្មករ​ត្រូវ​ទទួល​បាន​រាល់ ៦​ខែ​ម្ដង ជា​លុយ​បម្រុង នៅ​តាម​ខែ​នីមួយៗ​របស់​កម្មករ តាំងពី​រោងចក្រ​មិនទាន់​ប្រឈម​វិបត្តិ​ជំងឺ​កូវីដ១៩(Covid-19)​។​

តំណាង​សហជីព​រូប​នេះ សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ជួយ​ជ្រោមជ្រែង ដល់​ក្រុម​ថៅកែ​ច្រើន​ករណី​មក​ហើយ ដូចជា​ការលើកលែង​ពន្ធ​មួយ​ចំនួន នឹង​ការកាត់បន្ថយ​ប្រាក់ឧបត្ថម្ភ​កម្មករ​ព្យួរ​ការងារ មក​នៅ ត្រឹម​៣០​ដុល្លារ​ក្នុង​មួយ​ខែ​ជាដើម​។ ដូច្នេះ លោក​ស្នើសុំ​ឱ្យ​ក្រសួង​ការងារ រក​មធ្យោបាយ ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​កម្មករ​ផង ដោយ​ត្រូវ​បើកប្រាក់​រំលឹក​អតីតភាព ឱ្យ​កម្មករ​វិញ ជា​ដាច់ខាត៖ «អ៊ីចឹង ក្រុមហ៊ុន​ហ្នឹង វា​គួរតែ​គាត់​ហ្នឹង គិត​អំពី​ការ​លំបាក​របស់​ខ្លួន ភ្លេច​គិត​អំពី​ការ​លំបាក​របស់​កម្មករ ដែល​ជា​អ្នក​ផលិត ដែល​ជា​អ្នក​ជួយ​ឱ្យ​ក្រុមហ៊ុន​មានបាន​ហ្នឹង​ទេ ព្រោះ​ក្រុមហ៊ុន​អាច​ធ្វើ​មិន​ចំណេញ អាច​នឹង​លំបាក​ផ្នែក​សេដ្ឋកិច្ច​ខ្លះ​។ តែ​ខាង​កម្មករ អាច​នឹង​ប៉ះពាល់​ទៅដល់​ការ​ហូបចុក ជីវិត​ប្រចាំថ្ងៃ​របស់​គាត់​។ អាហ្នឹង ត្រូវ​គិត​កន្លែង​ហ្នឹង​ផង»

កាលពី​ថ្ងៃ​ទី​០២ មិថុនា ក្រសួង​ការងារ អនុញ្ញាត​ឱ្យ​ម្ចាស់​រោងចក្រ សហគ្រាស ពន្យារពេល​បើកប្រាក់​បំ​ណា​ច់​អតីតភាព​ការងារ​សម្រាប់​ឆ្នាំ​២០១៩ និង ២០២០ ទៅ​បើក​ឱ្យ​នៅ​ឆ្នាំ​២០២១​វិញ ប៉ុន្តែ​ក្រសួង ក៏​ណែនាំ ឱ្យ​ថៅកែ​រោងចក្រ ទូទាត់​ប្រាក់​បំណាច់​អតីតភាព​ការងារ ឱ្យ​កម្មករនិយោជិត បានដែរ ក្នុងករណី​កម្មករ​សុំ​លាឈប់ ឬ មានការ​បញ្ចប់​កិច្ចសន្យាការងារ។

ក្រសួង​ការងារ បាន​កំណត់​ថា ប្រាក់​បំណាច់​អតីតភាព​ការងារ ត្រូវ​ធ្វើ​ឡើង ២​ដង​ក្នុង​មួយ​ឆ្នាំ គឺ​នៅ​ចុងខែ​មិថុនា និង​ចុងខែ​ធ្នូ ប៉ុន្តែ ការ​ពន្យារ​ពេលនេះ ដោយសារ ថៅកែ​រោងចក្រ​កំពុង​ជួប​វិបត្តិ មិនអាច​នាំ​ទំនិញ​ចេញ​បាន ដោយសារ​ស្ថានភាព​ជំងឺ​កូវីដ​១៩ (Covid-19) នៅលើ​ពិភពលោក​។​

អគ្គលេខាធិការ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) លោក ខេន លូ ប្រាប់​អាស៊ីសេរី កាលពី​ថ្ងៃ​ទី​០៩ មិថុនា ថា ខាង​ភាគី​ថៅកែ ពិតជា​គ្មាន​លទ្ធភាព​បើកប្រាក់​អតីតភាព​ឱ្យ​កម្មករ នៅ​ឆ្នាំ​២០២០​ពិតមែន ដោយសារ ក្រុម​អ្នកបញ្ជា​ទិញ បាន​លុប​ចោលការ​កុម្ម៉ង់​ទិញ​ភ្លាមៗ ដែល​ធ្វើ​ឱ្យ​ថៅកែ​រោងចក្រ ជួប​វិបត្តិ​។ តែ​យ៉ាងណា លោក​អះអាង​ថា ថៅកែ​នឹង​បើកប្រាក់​អតីតភាព​ឱ្យ​កម្មករ​គ្រប់​ចំនួន​ទាំងអស់ នៅ​ពេល​មានលទ្ធភាព​គ្រប់គ្រាន់ នៅ​ឆ្នាំ​បន្តបន្ទាប់៖ «យើង​បាន​ណែ​នាំទៅ​សមាជិក​យើង​ទាំងអស់ ក្រុមហ៊ុន​ណា ដែល​មាន​លទ្ធភាព បើក​ឆ្នាំ​ហ្នឹង បើក​ចុះ​។ តែ​បើ​អត់​មាន​លទ្ធភាព ធ្វើតាម​ប្រកាស​របស់​ក្រសួង ពន្យារពេល​ទៅ​ឆ្នាំក្រោយ​ក៏បាន​។ លុយ​ហ្នឹង (​អតីតភាព​មិនមែន​ថា អត់​បានទេ តែ​អាច​បាន​ឆ្នាំ​ហ្នឹង ឬ​បាន​ឆ្នាំក្រោយ»

ទោះជា​បែបនេះ​ក្តី អ្នកគ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ លោក ឃុន ថា​រ៉ូ យល់ថា និយោជក មិនទាន់​ជួប​ផល​លំបាក​ខ្លាំង ដូច​កម្មករ និង​និយោជិក​ទេ ដូច្នេះ ក្រសួង​ការងារ គួរតែ​ពិចារណា ឱ្យ​ថៅកែ​បើក​លុយ​អតីតភាព​ការងារ​នៅ​ចុងខែ​មិថុនា​នេះ ឱ្យ​កម្មករ​វិញ៖ «ខ្ញុំ​គិត​ថា និយោជក​ហ្នឹង គាត់​នៅតែ​មាន​លទ្ធភាព​ទេ​។ គាត់​នៅ​តែ​​​​​​​​​មាន​លទ្ធភាព ក្នុង​ការ​ទូទាត់​ប្រាក់​បំណាច់​ហ្នឹង ទៅ​ឱ្យ​កម្មករ និយោជិក ហើយ​បើសិនជា​យើង​គិត​អំពី​ការ​គាំពារ​សង្គម បើ​យើង​គិត​អំពី គោលការណ៍​សមធម៌​វិញ កម្មករ​គឺ​គាត់​លំបាក​ណាស់ ហើយ​និយោជក ទោះបី គាត់​ពិបាក គាត់​ក៏​មិន​ដល់​ថ្នាក់ អត់​លុយ​កាក់​អ្វី ដល់​ថ្នាក់​ទ្រទ្រង់​ជីវភាព​របស់​គាត់​រស់​នៅ​ទេ​។ អ៊ីចឹង ខ្ញុំ​គិត​ថា កាលៈទេសៈ​ហ្នឹង​និយោជក​ហ្នឹង គាត់​នៅតែ​មាន​លទ្ធភាព ទូទាត់ (​អតីតភាព​)​ទៅដល់​កម្មករ និយោជិក​ទេ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បញ្ជាក់​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក ហេង សួរ បានទេ នៅ​ថ្ងៃ​​ទី​១៩ មិថុនា ដោយសារ មិន​ទទួល​ទូរស័ព្ទ។

​ប្រធាន​សហភាព​ស្មារតី​យុវជន​ដើម្បី​ការងារ​កម្មករ​កម្ពុជា និង​ជាទី​ប្រឹក្សា​ក្រសួង​ការងារ លោក មុំ សៀក ប្រាប់​អាស៊ីសេរី​ថា កម្មករ​ពិតជា​ប៉ះពាល់​ជីវភាព​ខ្លាំង​មែន​។ តំណាង​សហជីព​ស្និទ្ធ នឹង​រដ្ឋាភិបាល​រូប​នេះ ក៏​យល់​ឃើញ​ថា ថៅកែ ពិតជា​មានលទ្ធភាព​បើកប្រាក់​រំលឹក​អតីតភាព​ឱ្យ​កម្មករ​ដែរ​។ លោក មុំ សៀក គាំទ្រ ចំពោះ​ការ​ស្នើសុំ​របស់​ក្រុម​សហជីព​ទាំង​១៣ ហើយ​ខាង​សហជីព​លោក នឹង​ធ្វើ​ញត្តិ​ដាច់ដោយឡែក ដើម្បី​ដាក់​ទៅ​ក្រសួង​ការងារ ស្នើសុំ​ក្នុង​គោលបំណង​ដូចគ្នា​នេះ៖ «អ្នក​ដែល​ជួប​វិបត្តិ​ពិតប្រាកដ អ្នក​ពិបាក​ពិតប្រាកដ​កម្មករ។ ចំពោះ​ថៅកែ គឺ​គាត់​ធ្លាប់​រកស៊ី​ចំណេញ​មក​យូរ​មក​ហើយ​។ អ៊ីចឹង ចំពោះ​វិបត្តិ​ហ្នឹង ក៏​វា​មិន​ប៉ះពាល់​អ្វី​ប៉ុន្មាន​ដែរ សម្រាប់​ពួកគាត់​ណា​។ តែបើ​បងប្អូន​កម្មករ​យើង គឺ​ប៉ះពាល់​ជាក់ស្ដែង​តែម្ដង អ៊ីចឹង​ណា​។ វា​ខុសគ្នា រវាង​កម្មករ និង​ថៅកែ វា​ខុសគ្នា​ឆ្ងាយ​ណាស់ ការ​ប៉ះពាល់​បញ្ហា​ជីវភាព​នេះ»

គិត​ត្រឹម​ចុង​ខែ ឧសភា ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ បានប្រកាសថា មាន​រោងចក្រ​កាត់ដេរ និង សហគ្រាស​ក្នុង​វិស័យ​ទេសចរណ៍ សរុប ជាង​បួន​រយ (៤២៥បាន​ព្យួរ​ការងារ ដែល​ប៉ះពាល់ ដល់​កម្មករ​ជាង ១៤​ម៉ឺន​នាក់ ព្រោះ​វិបត្តិ​ជំងឺ​កូវីដ​១៩។ ចំណែក សមាគម​ថៅកែ​រោងចក្រ ព្យាករណ៍​ថា នឹង​មាន​ជាង​ចិតសិប​ប្រាំ (៧៥)​ម៉ឺន​នាក់​ផ្សេងទៀត ប្រឈម​វិបត្តិ​អត់​ការងារ​ធ្វើ ដោយសារ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុប ចំនួន​២០​ភាគរយ ហើយ​ក្រុម​គ្រួសារ​របស់​ពួកគេ ខ្ទង់​បី ()​លាន​នាក់ នឹង​ទទួលរង​ផល​ប៉ះពាល់​បន្ត​ទៀត៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...