វិភាគ៖ សំណុំ​រឿង​​លោក ​កែម ឡី​ ជា​​ករណី​​មួយ​​ឆ្លុះ​បញ្ចាំង​​ពី​​ប្រព័ន្ធ​​យុត្តិធម៌​​

09
កក្កដា

វិភាគ៖ សំណុំ​រឿង​​លោក ​កែម ឡី​ ជា​​ករណី​​មួយ​​ឆ្លុះ​បញ្ចាំង​​ពី​​ប្រព័ន្ធ​​យុត្តិធម៌​​

សមត្ថកិច្ច​ពាក់ព័ន្ធ​បាន​រក​ឃើញ​មនុស្ស​តែម្នាក់​គត់ដែល​ត្រូវ​បាន​ចោទ​ថា ​ជា​អ្នក​បាញ់សម្លាប់លោក កែម ឡី កាលពី៤ឆ្នាំមុន ទាំង​កណ្តាល​ថ្ងៃ​ នៅក្នុង​ស្តា​ម៉ាត​មួយ​ក្នុង​រាជធានី​ភ្នំពេញ កន្លែង​ដែល​មាន​មនុស្ស​ចេញចូល​ច្រើន និង​មាន​បំពាក់​ដោយ​កាមេរ៉ា​សុវត្ថិភាព​ទៀតផង។

បុរស​ដែល​សមត្ថកិច្ច​រក​ឃើញ ហើយ​តុលាការ​ចោទប្រកាន់​នោះ​ឈ្មោះ ​អឿ​ត អាង ដែល​ហៅ​ខ្លួនឯង​ថា ជួប សម្លាប់​ ជា​អតីត​ពលករ​ធ្វើការងារ​នៅ​ប្រទេស​ថៃ។ បុរស​រូប​នេះសារភាព​ថា លោក​ជា​អ្នក​បាញ់សម្លាប់​ ព្រោះ​ខឹង​លោក កែម ឡី ជំពាក់​លុយ ៣០០០ដុល្លារ​ មិនព្រម​សង។

ហេតុការណ៍​ឃាតកម្ម​កន្លងទៅ៤ឆ្នាំ សមត្ថកិច្ច​ពាក់ព័ន្ធ​ហាក់​ស្ងប់ស្ងាត់​មិនបាន​បង្ហាញ​ពី​តម្រុយ​រក​ឃើញ​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ៗទៀត​នោះ​ទេ។ បើ​ទោះ​សមត្ថកិច្ច​ស្ងប់ស្ងាត់ ប៉ុន្តែ​ អារម្មណ៍​អ្នក​គោរព​ស្រឡាញ់​ចូលចិត្ត​លោក កែម ឡី នៅ​មិន​ស្ងប់​នោះ​ទេ។

ចម្ងល់ ​ឬសំនួរ​ជាច្រើន​ដែល​កើត​ចេញ​មក​ ពាក់ព័ន្ធ​ដំណើរការ​ស្វែងរក​យុត្តិធម៌​សម្រាប់​លោក កែម ឡី នេះ។ តើ​លោក កែម ឡី អាច​ទៅ​ខ្ចី​លុយ​លោក អឿត អាង​ ទេ​? លោក​ អឿ​ត អាង ​មាន​លុយ​ពីណា​ទិញ​កាំភ្លើង​តម្លៃ​រាប់ពាន់​ដុល្លារ​? ហេតុអ្វី​មិន​បង្ហាញ​វី​ឌី​អូ​ពី​កាមេរ៉ា​សុវត្ថិភាព​នៅកន្លែង​បាញ់សម្លាប់​? តើ​អ្នកណា​នាំ​ អឿ​ត អាង ពី​ព្រំដែន​ថៃ​មក​ភ្នំពេញ​? មក​ប៉ុន្មាន​ថ្ងៃ មុន​ធ្វើសកម្មភាព​បាញ់សម្លាប់​? អឿត អាង​ ស្នាក់នៅ​ជាមួយ​អ្នកណា​នៅ​ភ្នំពេញ​? និយាយទូរសព្ទ​ជាមួយ​អ្នកណា​ខ្លះ​ក្នុង​ការ​រៀប​ផែនការ​? តើ​មនុស្ស​ប៉ុន្មាន​នាក់​តាម​ឃ្លាំមើល​លោក កែម ឡី ដើម្បី​រៀប​ផែនការ​ឈាន​ដល់​ការ​បាញ់សម្លាប់​?

សំនួរ​ទាំងនេះតែង​មានការ​សាកសួរ​គ្នា​តាម​ទី​សាធារណៈ កន្លែង​ការងារ ឬមានការ​លើកឡើង​តាម​បណ្តាញ​សង្គម​ផង​ដែរ។

រាល់ពេល​ពិធី​រំឭក​ខួប​នៃ​ការ​បាញ់សម្លាប់ អ្នកចូលរួម និង​អ្នក​រៀបចំ​កម្មវិធី​ទាំង​នៅក្នុង និង​ក្រៅប្រទេស តែងតែទាមទារ​ឱ្យ​មានការ​ស្វែងរក​យុត្តិធម៌​ពិត​សម្រាប់​លោក កែម ឡី។

នាយក​ប្រតិបត្តិ​វិទ្យាស្ថាន​ប្រជាធិបតេយ្យ​កម្ពុជា​ លោក ប៉ា ចន្ទ​រឿន ថ្លែង​ថា វិទ្យាស្ថាន​របស់​លោករៀបចំ​កម្មវិធីឆ្លើយសំនួរ​ ហើយ​ផ្តល់​រង្វាន់​ជុំវិញ​ករណី​លោក កែម ឡី គឺ​ដើម្បី​រំឭក​ពី​វីរ​ភាព​ដែល​លោក​បាន​លះបង់ និងជា​ការជំរុញ​ឱ្យ​រក​យុត្តិធម៌​ក្នុងករណី​នេះ។

លោក ប៉ា ចន្ទ​រឿន មានប្រសាសន៍​ថា៖ «ដើម្បី​ទាមទារឱ្យ​មានការ​ចាប់អារម្មណ៍​ពី​យុវជន និង​គ្រប់​មជ្ឈដ្ឋាន​ទាំង​ក្នុង​ប្រទេស និង​ក្រៅប្រទេស ឱ្យ​បន្ត​តាមដាន និង​យកចិត្ត​ទុកដាក់​ក្នុង​ដំណើរការ​ស្វែងរក​យុត្តិធម៌​សម្រាប់​គាត់ និង​ក្រុម​គ្រួសារ​គាត់»។

នាយក​ប្រតិបត្តិ​អង្គការ​សង់​ត្រា​ល់ ​និង​ជា​អតីត​សមាជិក​គណៈកម្មការ​រៀបចំ​បុណ្យសព​លោក កែម ឡី គឺលោក មឿន តុលា លើកឡើង​ថា សម្រាប់​សំណុំរឿង​នេះ ​គឺ​មិនទាន់​បាន​ទទួល​យុត្តិធម៌​ទាល់តែសោះ។

លើស​ពីនេះ លោក​ថា កាន់តែ​រង​ភាព​អយុត្តិធម៌​ថែម​មួយ​កម្រិត​ទៀត គឺ​គ្រាន់តែ​រៀបចំ​ពិធី​រំឭក​ខួប​នៃ​ឃាតកម្ម​ ក៏​មានការ​រារាំង​ថែមទៀត។

លោក មឿន តុលា បន្ថែម​ថា៖ ​«នៅពេល​ដែល​ប្រជាពលរដ្ឋ​រៀបចំ​ធ្វើពិធី​បុណ្យខួប​គាត់​ហ្នឹង។ល។ យើង​ឃើញ​មានការ​ចាប់ខ្លួន​យុវជនដាក់​ពន្ធនាគារ ចឹង​បើ​យើង​និយាយ​ពី​យុត្តិធម៌​សម្រាប់​លោកបណ្ឌិត​ កែម ឡី អត់មាន! ក៏ប៉ុន្តែ វា​អយុត្តិធម៌​ សូម្បីតែ​រៀបចំ​ពិធី​រំឭក​បុណ្យខួប បុណ្យសព​អី​ហ្នឹង មិន​មាន​សេរីភាព​ក្នុង​ការ​ធ្វើ​ទៅទៀត»។

តើ​ដំណើរការ​ស្វែងរក​យុត្តិធម៌​ដែល​បន្សល់ទុក​នូវ​ចម្ងល់​ជាច្រើន​នេះ ពល​រដ្ឋ​ផ្សេង​ៗទៀត​មាន​ធ្លាប់​ជួបប្រទះ​ដូច​ក្រុម​គ្រួសារ​លោក កែម ឡី ដែរ​ឬទេ​?

លោក មឿន តុលា លើកឡើង​ថា ករណី​រឿង​លោក កែម ឡី បង្ហាញថា នៅ​កម្ពុជាមាន​សំណុំរឿង​អយុត្តិធម៌​របៀប​នេះ​កើតឡើង​ច្រើន​ទៀត មិនមែន​មានតែ​លោក កែម ឡី មួយ​នោះ​ទេ។

លោក មឿន តុលា មានប្រសាសន៍​បន្ថែម​ថា៖ «ករណី​លោក កែម ឡី ហ្នឹង​ជា​ភស្តុតាង​មួយ​រឹង​បង្ហាញថា អំពើ​និ​ទណ្ឌ​ភាព​នៅ​កម្ពុជា​នៅ​មាន​ខ្ពស់​នៅឡើយ ក៏ដូចជា​ការ​សម្លាប់​មនុស្សក្រៅ​ច្បាប់ ក្រៅ​ប្រព័ន្ធ​ច្បាប់​ហ្នឹង ជា​រឿង​មួយ​ដែលនៅតែ​កើតមាន​នៅ​ប្រទេស​កម្ពុជា។ ចឹង​ពិបាក​នឹងអាច​បន្លំ​ភ្នែក​សា​ធារ​ណជន បន្លំ​ភ្នែក​ជាតិ និង​អន្តរជាតិ​បាន​ណាស់»។

របាយការណ៍​គម្រោង​យុត្តិធម៌​ពិភពលោក​ប្រចាំឆ្នាំ២០២០ បង្ហាញថា ​ក្នុងចំណោម ១២៨​ប្រទេស​ កម្ពុជា​​ស្ថិតនៅ​ក្នុង​ចំ​ណាត់ថ្នាក់​លេខ ១២៧ គឺ​ស្ថិតនៅ​ចំណាត់ថ្នាក់​លើ​ប្រទេស​វេ​ណេហ្សូ​អេ​ឡា​តែមួយគត់។ ចំណាត់ថ្នាក់​នេះ ស្ថិតនៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រព័ន្ធ​យុត្តិធម៌​មិនល្អ។

បើ​ទោះជា​របាយការណ៍​ប្រចាំឆ្នាំ​របស់​អង្គការ​នេះ ត្រូវ​បាន​មន្ត្រី​រដ្ឋាភិបាល​ច្រានចោល​ជា​រៀងរាល់​ឆ្នាំ​ក៏ដោយ ប៉ុន្តែ​ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​រដ្ឋ​តែងតែ​ប្រកាស​ពី​ការ​ធ្វើ​កំណែទម្រង់​ប្រព័ន្ធ​យុត្តិធម៌​ជាបន្តបន្ទាប់។

រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​កំពុងតែ​រៀបចំ​ដំណើរការ​ដោះស្រាយ​ភាព​កកស្ទះ​សំណុំរឿង​ក្នុង​តុលាការ និងការ​ដោះស្រាយ​វិវាទ​ក្រៅ​ប្រព័ន្ធ​តុលាការ។ វិធានការ​ទាំងនេះ​ធ្វើឡើង​ដើម្បី​ស្តារ និង​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌។

ក្នុង​ពិធី​រំឭក​ខួប​ជ័យជម្នះ៧មករា ធ្វើឡើង​នៅ​ឆ្នាំ២០២០នេះ លោក ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ក្រើន​រំឭក​ដល់​មន្ត្រី​ឱ្យ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ពង្រឹង​ប្រព័ន្ធ​យុត្តិធម៌។ លោកបន្ត​ថា សង្គមដែល​មិន​មាន​យុត្តិធម៌ ​នឹង​នាំ​ឱ្យ​មានការ​បែកបាក់។

សញ្ញា​មួយ​ក្នុងចំណោម​សញ្ញា​ផ្សេងទៀតដែល​បង្ហាញថា ពលរដ្ឋ​មិន​ជឿ​មន្ត្រី ឬស្ថាប័ន​ពាក់ព័ន្ធ​អាច​រក​យុត្តិធម៌​ឱ្យ​ពួក​គេ​បាន​នោះ​គឺ ទាំង​កម្មករ ទាំង​ពលរដ្ឋ​មាន​ជម្លោះដីធ្លី ឬអ្នកខ្លះ​សូម្បីតែ​ជម្លោះ​នៅក្នុង​គ្រួសារ ក៏​អំពាវនាវ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​ដែរ។ កម្មករ និងអ្នកមាន​ជម្លោះដីធ្លី​ខ្លះ ខំធ្វើ​ដំណើរ​ពី​ខេត្ត​ក្នុង​ចម្ងាយផ្លូវ​រាប់​រយ​គីឡូម៉ែត្រ ដើម្បី​ស្នើសុំ​ឱ្យ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ជួយ​ដោះស្រាយ​បញ្ហា​របស់​ពួក​គេ។

រំឭក​កាលពី៤ឆ្នាំមុន ​នៅក្នុង​ពិធី​ហែសព​លោក កែម ឡី ពី​ភ្នំពេញ​យក​ទៅ​ស្រុកកំណើត​របស់​លោក​នៅ​ខេត្តតាកែវ កាលពី​ឆ្នាំ២០១៦នោះ មាន​អ្នកចូលរួម​ប្រមាណ ២លាន ៥សែន​នាក់ នេះ​បើ​តាម​របាយការណ៍​របស់​គណៈកម្មការ​បុណ្យ​សព្វ។ នេះ​ជាពិធី​ហែសព​ធំ​មួយ​ដែល​មិនធ្លាប់​មាន បង្ហាញ​ពី​ការ​ស្រឡាញ់​គាំទ្រ​លោក កែម ឡី ហើយក៏​បង្ហាញ​ពី​ការឈឺចាប់ និង​មិន​ពេញចិត្ត​ចំពោះ​អំពើ​ឃាតកម្ម​នេះ។

កាល​នៅ​មានជីវិត លោក កែម ឡី តែងតែ​វិភាគ​ជំរុញឱ្យ​បណ្ឌិត ​បញ្ញវន្ត ក៏ដូចជា​ប្រជាពលរដ្ឋ​ចូលរួម​កិច្ចការ​សង្គម​ និយាយ​ការពិត ដើម្បី​ជំរុញ​ឱ្យ​មាន​យុត្តិធម៌។

លោកលើកឡើង​ថា៖ «បើ​អ្នក​មិន​ធ្វើ​សោះ ថ្ងៃក្រោយ​គង់តែ​ដល់វេន​អ្នក​ក្លាយជា​ជនរងគ្រោះ បើ​សង្គម​មានអំពើ​អយុត្តិធម៌​ច្រើន»។

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...