16
កក្កដា

លិខិតចំហរួម ឆ្លើយតបនឹង CMA និង ABC

ជម្រាបជូន

  • ប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា
  • ប្រធានសមាគមធនាគារនៅកម្ពុជា

 

យើងខ្ញុំបានអាន លិខិតចំហររបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ដែលបានផ្សព្វផ្សាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា កាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២០នេះ និងបានជម្រាបជូនមកអង្គការ និងសហជីពយើងខ្ញុំ ទាំង៤ស្ថាប័ន ។

ជាជំហររួមយើងខ្ញុំ សូមបដិសេធសំណើរបស់សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក្នុងការកែប្រែទៅលើរបាយការណ៍ទាំង៣ ពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្សក្នុងវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូច នៅកម្ពុជា ។ ព័ត៌មាន និងរឿងរ៉ាវរបស់បុគ្គលនៅក្នុងរបាយការណ៍ដែលបានចុះផ្សាយទាំងនេះគឺនៅតែមានភាពច្បាស់លាស់ត្រឹមត្រូវដដែលដោយមិនអាចកែប្រែបាន ។ យើងខ្ញុំ នឹងបន្តការពារឯកជនភាពបុគ្គលដែលសម្រេចចិត្តចែករំលែករឿងរ៉ាវរបស់ពួកគាត់ជាមួយក្រុមអ្នកសិក្សាស្រាវជ្រាវយើងខ្ញុំ ក្នុងលក្ខខណ្ឌលាក់បាំងអត្តសញ្ញាណ ។ យើងខ្ញុំ​ សូមលើកទឹកចិត្ត សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា ក៏ដូចជាភាគីពាក់ព័ន្ធ ឱ្យអានរបាយការណ៍ទាំងនេះ ឱ្យបានលម្អិត ដើម្បីឈ្វេងយល់កាន់តែច្បាស់អំពី គោលបំណង វិធីសាស្ត្រ និងការរកឃើញផ្សេងៗនៅក្នុងរបាយការណ៍ ។

សិទ្ធិមនុស្សគឺជាសិទ្ធិមានពីកំណើតរបស់មនុស្សគ្រប់រូប ហើយរឿងរ៉ាវរបស់មនុស្សគឺជាមូលដ្ឋានគ្រឹះសំខាន់នៃការស្រាវជ្រាវបែបគុណភាព ។ ការងារមួយក្នុងចំណោមការងារផ្សេងទៀតរបស់យើងខ្ញុំគឺ ដើម្បីជួយបន្លឺសំឡេងរបស់ប្រជាពលរដ្ឋ ដែលកំពុងរងគ្រោះពីការរំលោភសិទ្ធិមនុស្ស និងផ្សព្វផ្សាយរឿងរ៉ាវទាំងនោះឱ្យបានទូលំទូលាយ ក្នុងគោលបំណងដើម្បីឱ្យមានការកែប្រែជាវិជ្ជមាននៅក្នុងសង្គម និងដើម្បីការពារកុំឱ្យកើតមានការរំលោភបំពានផ្សេងៗ ។ យើងខ្ញុំ នឹងបន្តផ្សព្វផ្សាយ និងចែករំលែកទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ទោះបីជាការរៀបរាប់ពីបញ្ហាសិទ្ធិមនុស្សទាំងនេះ ពាក់ព័ន្ធគ្នាទៅនឹងវិស័យមីក្រូហិរញ្ញវត្ថុ និងកម្ចីឥណទានខ្នាតតូចក៏ដោយ ។

ជាថ្មីម្ដងទៀត យើងខ្ញុំ សូមយកឱកាសនេះ លើកយកសំណើ និងអនុសាសន៍ ដែលក្រុមសង្គមស៊ីវិល បានផ្ញើជូនទៅ អ្នកផ្ដល់កម្ចីឥណទានខ្នាតតូចទាំងអស់ ដើម្បីទប់ស្កាត់កុំឱ្យកើតមានការរំលោភសិទ្ធិមនុស្សនៅក្នុងវិស័យនេះ​ ក្នុងនោះរួមមាន៖

១. សូមកែប្រែបទបញ្ជាផ្ទៃក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីហាមឃាត់ការទាមទារដាក់ប័ណ្ណសម្គាល់កម្មសិទ្ធ ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លី ធ្វើជាទ្រព្យធានា សម្រាប់កម្ចីឥណទានខ្នាតតូចថ្មីទាំងអស់ ។

២. សូមគណនា និងចេញផ្សាយជាសាធារណៈនូវចំនួនប័ណ្ណសម្គាល់កម្មសិទ្ធ ឬ​លិខិត​បញ្ជាក់​ការ​កាន់​កាប់​ដីធ្លីដែលត្រូវបានដាក់តម្កល់ជាទ្រព្យធានា ។​

៣. សូមបញ្ឈប់ការដាក់សម្ពាធលើអតិថិជនឱ្យលក់ដី ដើម្បីដោះបំណុល និងជំនួសវិញដោយការដោះស្រាយតាមរយៈការប្រើប្រាស់យន្តការផ្លូវច្បាប់ដែលមានស្រាប់ សម្រាប់អតិថិជនដែលគ្មានលទ្ធភាពសងបំណុល ។

៤. សូមបញ្ឈប់ការយកកម្រៃបង់មុន ដែលនាំឱ្យអត្រាការប្រាក់ពិតលើសពី ពិដានអត្រាការប្រាក់ ១៨ភាគរយក្នុងមួយឆ្នាំ ដែលបានកំណត់ដោយធនាគារជាតិកម្ពុជា កាលពីខែមីនា ឆ្នាំ២០១៧ ។

៥. សូមគាំទ្រ និងសម្របសម្រួលឱ្យមានការស៊ើបអង្កេតដោយឯករាជ្យលើគ្រប់វិស័យ ទៅលើការអនុវត្តនានារបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងគ្រឹះស្ថានធនាគារ និងធានាថា ការសម្រាលបន្ទុក និងសំណងត្រូវបានផ្ដល់ឱ្យអតិថិជនអ្នកខ្ចីប្រាក់ នៅពេលដែលមានការរកឃើញកំហុស ។

៦. សូមផ្ដល់ការពន្យាពេលសងបំណុលមីក្រូហិរញ្ញវត្ថុ និងការប្រាក់ យ៉ាងតិចបំផុត៣ខែ ដោយផ្ដល់អាទិភាពដល់ក្រុមអ្នកខ្ចីប្រាក់ដែលងាយរងគ្រោះដូចជា គ្រួសារ និងសហគមន៍ក្រីក្រ កម្មករនិយោជិកគ្រប់វិស័យដែលត្រូវបានបាត់បង់ការងារ និងត្រូវបានព្យួរការងារ ជាពិសេសអ្នកដែលត្រូវបានសម្គាល់ដោយប័ណ្ណក្រីក្រ ដែលជាអ្នករងគ្រោះខ្លាំងជាងគេដោយសារវិបត្តិសេដ្ឋកិច្ចកើតចេញពីការរីករាលដាលនៃជំងឺកូវីដ១៩ ៕

ដោយក្ដីគោរពរាប់អានអំពីយើងខ្ញុំ!

 

ថ្ងៃព្រហស្បតិ៍ ១១រោច ខែអាសាឍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២០

 

មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងការពារសិទ្ធិមនុស្ស                សម្ព័ន្ធសហជីពកម្ពុជា

តំណាង                                                   តំណាង

 

 

 

 

សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ                           អង្គការសមាគមធាងត្នោត

          តំណាង                                                            តំណាង

 

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...