កម្មករ​កាត់​ដេរ​ជាង ៨០០នាក់​នៅ​ខេត្ត​តាកែវ បន្ត​តវ៉ា​រឿង​ថៅកែ​រត់ចោល​មិន​បើក​ប្រាក់​ខែ​ឱ្យ

12
កញ្ញា

កម្មករ​កាត់​ដេរ​ជាង ៨០០នាក់​នៅ​ខេត្ត​តាកែវ បន្ត​តវ៉ា​រឿង​ថៅកែ​រត់ចោល​មិន​បើក​ប្រាក់​ខែ​ឱ្យ

កម្មករ​-កម្មការិនី​កាត់ដេរ ​នៅ​ខេត្ត​តាកែវ ​ប្រមាណ ៨០០នាក់ បន្ត​ធ្វើ​បាតុកម្ម​នៅ​មុខ​រោង​ចក្រ ទាម​ទារ​ឲ្យ​ថៅកែ​ជនជាតិ​ចិន​ដែល​រត់​ចោល​កម្មករ បើក​ប្រាក់​ឈ្នួល​និង​ប្រាក់​អត្ថប្រយោជន៍​ឲ្យ​ពួក​គេ ​តាម​ច្បាប់​ស្ដី​ពី​ការ​ងារ។ អ្នក​ឃ្លាំមើល​សិទ្ធិ​ការងារ យល់​ថា ​ករណី​មាន​ថៅកែ​​រត់​ចោល​កម្មករ​នេះ ក្រសួង​ការងារ​គួរ​មាន​វិធានការណ៍​ផ្លូវ​ច្បាប់​ឲ្យ​បាន​​តឹង​រឹង​បំផុត ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​កម្មករ។

តំណាង​កម្មករ​រោងចក្រ ​ហុង សេន ថិចស្ថាយ (Hong Sen Textile (Cambodia) Co., Ltd.) លោកស្រី​ នុប សុផាត ប្រាប់​អាស៊ី​សេរី​ នៅ​ថ្ងៃ​ទី១២ កញ្ញា ថា​ កម្មករ​ទាំង​អស់​នៅ​តែ​ជួបជុំ​គ្នា​ ខាង​មុខ​រោងចក្រ ដើម្បី​តវ៉ា​ឲ្យ​ថៅកែ​ចិន ចេញ​មុខ​ដោះ​ស្រាយ រឿង​បើក​ប្រាក់​ឈ្នួល និង​ប្រាក់​សំណង​ការងារ​ផ្សេង​ទៀត ឲ្យ​កម្មករ។ ប៉ុន្តែ​លោក​ស្រី​ថា ​អស់​រយៈពេល ៤ថ្ងៃ​ហើយ ពួក​គាត់ ​នៅ​មិន​ទាន់​ទទួល​បាន​ដំណោះ​ស្រាយ​ណា​មួយ​ទេ។

លោក​ស្រី ឲ្យ​ដឹង​ទៀត​ថា ប្រសិន​បើ​លក់​យក​​សម្ភារៈ​ក្នុង​រោងចក្រ​ លក់​ឡាយឡុង តាម​មន្ត្រី​ការងារ​ចុះ​ទៅ​អន្តរាគមន៍ ប្រាក់​ដែល​កម្មករ​ម្នាក់ៗ ទទួល​បាន គឺ​ចន្លោះ​ពី​ពី ២០ ទៅ ៣០ដុល្លារ​ប៉ុណ្ណោះ។ លោក​ស្រី​បន្ត​ថា ក្រុម​កម្មករ ក៏​សម្រេច​ដាក់​ពាក្យ​បណ្ដឹង​ទៅ​តុលាការ​ខេត្ត​តាកែវ ដើម្បី​ជួយ​ស្វែង​រក​ដំណោះស្រាយ​រឿង​នេះ ​តាម​ផ្លូវ​ច្បាប់។

លោកស្រី បញ្ជាក់​ថា មក​ដល់​ពេល​នេះ កម្មករ​ទាំងអស់​គ្នា​ កំពុង​ជួប​ប្រទះ​បញ្ហា​ជីវភាព និង​គ្មាន​ប្រាក់​បង់​ធនាគារ និង​សង​បំណុល​គេ។ តំណាង​កម្មករ​រូប​នេះ​ ស្នើ​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ ជាពិសេស​ខាង​តុលាការ និង​ក្រសួង​ការងារ ​ជួយ​អន្តរាគមន៍​រឿង​នេះ ដើម្បី​ឲ្យ​កម្មករ​បាន​ប្រាក់​ដោះស្រាយ​ជីវភាព​រស់​នៅ៖ «បាត់បង់​ការងារ​ទាំង​ស្រុង​ហើយ ឲ្យ​គាត់​បាត់បង់​ប្រាក់​ពី​មុន​មក​ឲ្យ​បាត់​អស់​ទៀត។ ប្រាក់​ខែ​ក៏​មិន​បាន​ លុយ​អី​ក៏​មិន​បាន ការងារ​ក៏​អត់​មាន​ធ្វើ។ ហើយ​ឥឡូវ​ ជិត​ភ្ជុំ​ផង ពូក​ខ្ញុំ​ក៏​វេទនា​រឿង​ភ្ជុំ​ទៀត។ ដូច​ដឹង​ស្រាប់​ហើយ​ប្រាក់​ខែ​ ម្នាក់​បន្តិច​ៗ គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ ។ ចង់​ឲ្យ​ថៅកែ​ចូល​ខ្លួន​មក​ដោះស្រាយ​ ឲ្យ​គាត់​ដោះស្រាយ​ប្រាក់​ខែ​ចុង​ក្រោយ​ខែ៨ ដែល​ពួក​ខ្ញុំ​អត់​ទាន់​បាន​ហ្នឹង។ ហើយ​ឲ្យ​គាត់​គិត​គូរ​៥%​ ហើយ​បំណាច់​ឆ្នាំ​ពួក​​ខ្ញុំ ដែល​នៅ​សល់​ម្នាក់​ ២ឆ្នាំ​ ៣ឆ្នាំ​ អ៊ីចឹង!»។

អាស៊ី​សេរី មិន​អាច​សុំ​ការ​បំភ្លឺ​រឿង​នេះ​ ពី​អនុប្រធាន​នៃ​អគ្គលេខាធិការដ្ឋាន​ដោះស្រាយ​កូដកម្ម បាតុកម្ម គ្រប់​មុខ​សញ្ញា នៃ​ក្រសួង​ការងារ លោក អ៊ូ រតនា បាន​ទេ នៅ​ថ្ងៃ​ទី១២ កញ្ញា ដោយ​លោក​មិន​ទទួល​ទូរស័ព្ទ។

អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​ សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា ករណី​ថៅកែ​រត់​ចោល​ហើយ​មិន​បើក​ឲ្យ​កម្មករ​នេះ ខាង​ក្រសួង​គួរ​មាន​វិធានការ​ផ្លូវ​ច្បាប់​ឲ្យ​បាន​​តឹង​រឹង​បំផុត ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​កម្មករ។ លោក​បន្ត​ថា អាជ្ញាធរ​មាន​សមត្ថកិច្ច គួរ​ស្រាវជ្រាវ​រក​ឲ្យ​ឃើញ​ថៅកែ​រោងចក្រ ដើម្បី​ឲ្យ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់​ លើ​សំណង​ប្រាក់​ឈ្នួល​កម្មករ។ លោក ស្នើ​ក្រសួង​ការងារ គួរ​ចេញ​ជា​ដំណោះស្រាយ​ណាមួយ​ ដើម្បី​ធានា​ថា ក្រុម​កម្មករ​ នឹង​ទទួល​បាន​ដំណោះ​ស្រាយ​ និង​អត្ថប្រយោជន៍ ស្រប​តាម​ច្បាប់​ការងារ៖ «ធម្មតា​ក្រុមហ៊ុន​ចុះ​បញ្ជី​ វា​មាន​ក្រុមប្រឹក្សាភិបាល មាន​ចុះ​បញ្ជី​ត្រឹមត្រូវ។ វា​មាន​អាសយដ្ឋាន​ថៅកែ។ អ៊ីចឹងព័ត៌មាន​ទាំង​អស់​ហ្នឹង វា​អត់​អាច​ទៅ​ណា​ក្រៅ​ពី​យើង​សិក្សា​ស្រាវជ្រាវ​ទៅ ស៊ើប​អង្កេត​ទៅ​ហើយ​ស្វែង​យក​និយោជក​មក​ដោះស្រាយ​អ៊ីចឹង​ទៅ។ ខ្ញុំ​គិត​ថា​បើ​នៅ​តែ​បន្ត​អ៊ីចឹង កម្មករ​នៅ​តែ​ជា​ជន​រងគ្រោះ និយោជក​នៅ​តែ​គេចវេះ​ពី​កាតព្វកិច្ច​ ហើយ​វា​ធ្វើ​ជា​គំរូ​អាក្រក់​នៅ​ក្នុង​ប្រសិទ្ធភាព​នៃ​ការ​អនុវត្ត​ច្បាប់​នៅ​កម្ពុជា»។

រោងចក្រ ​ហុង សេន ថិចស្ថាយ (Hong Sen Textile (Cambodia) Co., Ltd.) គឺ​ជា​រោងចក្រ​កាត់​ដេរ​​ខោ​អាវ​ក្នុង​ និង​ខោ​អាវ​កូន​ក្មេង ​ដែល​មាន​ទីតាំង​ស្ថិត​នៅ សង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ខេត្ត​តាកែវ និង​មាន​កម្មករ​សរុប ៨២២នាក់។ កម្មករ ប្រាប់​ថា ​មិន​ស្គាល់​ម៉ាក និង​មិន​ដឹង​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​ណា​ទេ។

កម្មករ ប្រកាន់​ជំហរ​តវ៉ា​មុខ​រោងចក្រ​ត​ទៅ​ទៀត។ កម្មករ ​បញ្ជាក់​ថា ប្រសិន​បើ​មិន​ទទួល​បាន​​ដំណោះ​ស្រាយ​ទេ ពួកគាត់ ​នឹង​នាំ​គ្នា​ទៅ​រក​កិច្ច​អន្តរាគមន៍​ពី​ក្រសួង​ការងារ នៅ​រាជធានី​ភ្នំពេញ។

របាយការណ៍​ក្រសួង​ការងារ បង្ហាញ​ថា អំឡុង​ការ​រាតត្បាត​ជំងឺ​កូវីដ-១៩ គិត​​ចាប់​តាំង​ពី​​ខែ​កុម្ភៈ មក​ដល់​ថ្ងៃ​ទី១០ កញ្ញា​ មាន​​រោងចក្រ ៤៩១ បាន​ព្យួរ​ការងារ​កម្មករ ដោយ​ខ្លះ​ព្យួរ​​រយៈពេល​យូរ ហើយ​ខ្លះ​ទៀត​ព្យួរ​រយៈ​ពេល​ខ្លី​ ដែល​បណ្ដាល​ឲ្យ​កម្មករ​សរុប​​​ជិត ២៩ម៉ឺន​នាក់ រង​ផល​ប៉ះពាល់៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...