“EBA ២០% មិន​ត្រឹមតែ​ប៉ះពាល់​វិស័យ​កាត់ដេរ​​ទេ គឺ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល”

02
តុលា

“EBA ២០% មិន​ត្រឹមតែ​ប៉ះពាល់​វិស័យ​កាត់ដេរ​​ទេ គឺ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​ទាំងមូល”

តំណាង​សហជីព និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​លើក​ឡើង​ថា សមាគម​រោងចក្រ​កាត់ដេរ ប្ដឹង​គណៈកម្មការ​អឺរ៉ុប​រឿង​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA២០%​ពី​កម្ពុជា​នេះ នឹង​មិន​មាន​លទ្ធផល​ល្អ​ទេ ដរាបណា​មេដឹកនាំ​រដ្ឋាភិបាល​មិន​គោរព​តាម​លក្ខខណ្ឌ​តាម​សហភាព​អឺរ៉ុប​ចង់​បាន​នោះ​។ ក្រុម​សហជីព​ព្រួយ​បារម្ភ​ថា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នៅ​ស្រប​ពេល​ពិភពលោក​កំពុងតែ​ជួប​វិបត្តិ​ជំងឺ​កូ​វីដ​១៩​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ខ្លាំង​ថែមទៀត ហើយ​កម្មករ​ប្រឈម​នឹង​ការ​អត់​ការងារ​ធ្វើ​កាន់តែ​ច្រើន។

អ្នក​ជំនាញ​ខាង​សេដ្ឋកិច្ច និង​សហជីព អះអាង​ថា កម្ពុជា​ក្រោយពី​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​EBA ២០%​នោះ ទោះជា​ចំនួន​តិចក្ដី តែ​បញ្ហា​នេះ​ធ្វើ​ឲ្យ​ប៉ះពាល់​ខ្លាំង​ដល់​មុខមាត់​កម្ពុជា​នៅ​លើ​ឆាក​អន្តរជាតិ ដែល​ធ្វើ​ឲ្យ​អ្នក​វិនិយោគ មិន​ហ៊ាន​ចូល​មក​បណ្ដាក់ទុន​នោះ​ទេ​។ បញ្ហា​នេះ ធ្វើ​ឲ្យ​ពាល់​សេដ្ឋកិច្ច​ជាតិ​ទាំងមូល ស្រប​ពេល​កម្ពុជា​កំពុង​ជួប​វិបត្តិ​ជំងឺ​កូវីដ១៩ ផង​នោះ។

នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស (សង់ត្រាល់​) លោក មឿន តុលា មានប្រសាសន៍ កាលពី​ថ្ងៃ​ទី​២៩ កញ្ញា​ថា ការណ៍​ដែល​សមាគម​រោងចក្រ​កាត់ដេរ ដាក់ពាក្យ​ប្ដឹង​គណៈកម្មការ​អឺរ៉ុប​ទៅ​តុលាការ​នេះ តាម​មើលទៅ​ហាក់​ដូចជា ជា​ការ​ទប់ស្កាត់​មិន​ឲ្យ​គណៈកម្មការ​អឺរ៉ុប​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​បន្ត​ទៀត​ទៅវិញ ពីព្រោះ​ថា បើសិនជា​ការរំលោភ​សិទ្ធិ​មនុស្ស​នៅតែ​បន្ត អឺរ៉ុប​នឹង​មាន​ចំណាត់ការ​បន្ត​ទៀត​លើ​ការ​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​៖ «នឹង​ប៉ះពាល់​រយៈពេល​វែង ហើយ​មូលហេតុ​កម្ពុជា​រំលោភ»។

សមាគម​រោងចក្រ​កាត់ដេរ​ហៅ​កាត់​ថា GMAC បាន​ពាក្យ​ប្ដឹង​ទៅ​តុលាការ​សហភាព​អឺរ៉ុប កាលពី​ខែ​កក្កដា​ឆ្នាំ​២០២០ សុំ​ឱ្យ​តុលាការ​លុបចោល​ការសម្រេច​យក​លើ​ទំនិញ​គ្រប់មុខ​របស់​កម្ពុជា​លើកលែងតែ​អាវុធ​២០%​នោះ​វិញ ដោយ​GMAC លើក​ហេតុផល​ពីរ​សំខាន់​នៅ​ក្នុង​ពាក្យបណ្ដឹង​នេះ ទី​១ GMAC ចោទប្រកាន់​ថា គណៈកម្មការ​អឺរ៉ុប​សម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា​២០% កាលពី​ថ្ងៃ​ទី​១២ ខែ​សីហា កន្លង​ទៅ មិន​បាន​ធ្វើការ​វាយតម្លៃ​ឱ្យ​បាន​សមរម្យ។ ទី​២ ចោទ​គណៈកម្មការ​អឺរ៉ុប​ថា ការសម្រេច​នេះ​ជា​ការ​រំលោភ​លើ​សិទ្ធិ និង​សន្ធិសញ្ញា​របស់​សហភាព​អឺរ៉ុប​។ រីឯ​តុលាការ​អឺរ៉ុប​វិញ បាន​ឱ្យ​ដឹង​ថា គេ​បាន​ទទួល​ពាក្យ​ប្ដឹង​នេះ​ហើយ កាលពី​ថ្ងៃ​ទី​១៤ ខែ​សីហា ប៉ុន្តែ​តុលាការ​នេះ មិនទាន់​ឱ្យ​ដឹង​ពី​នីតិវិធី​បន្ត​ក្រោយ​ទទួល​ពាក្យបណ្ដឹង​នេះ​នៅឡើយ​ទេ​មក​ទល់​ពេល​នេះ។

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ទំនាក់ទំនង​អន្តរជាតិ លោក ឯម សុវណ្ណារ៉ា មាន​ប្រសាសន៍​ថា ជា​រឿង​ល្អ​ដែល​សមាគម​រឿង​ចក្រ​កាត់ដេរ​កម្ពុជា GMAC ស្វះ​ស្វែងរក​មធ្យោបាយ ដើម្បី​ឲ្យ​សហភាព​អឺរ៉ុប​ផ្ដល់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ចំនួន ២០%​ឲ្យ​កម្ពុជា​វិញ ក៏ប៉ុន្តែ​ការ​ស្វះស្វែង​នេះ មិន​មាន​លទ្ធផល​ល្អ​ទេ ដរាបណា​រដ្ឋាភិបាល​មិន​ព្រម​ធ្វើតាម​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​លើ​គោលការណ៍​គោរព​សិទ្ធិមនុស្ស​និង​ប្រជាធិបតេយ្យ​ទេ​នោះ៖ «ដាក់ពាក្យ​ប្ដឹង​នេះ​គ្មាន​ទម្ងន់​អ្វី​ទេ លក្ខខណ្ឌ​សំខាន់​គឺ​រដ្ឋាភិបាល​បើក​លំហ​សេរីភាព​ឲ្យ​ដូច​មុន​បោះឆ្នោត​ឃុំ​សង្កាត់​ឆ្នាំ​២០១៧​អ៊ីចឹង»។

ទំហំ​នៃ​ការនាំចេញ​ផលិតផល​ចំនួន ៨០​មុខ​ទៅកាន់​ទីផ្សារ​សហភាព​អឺរ៉ុប គឺ​មាន​តម្លៃ​ប្រមាណ​ជា​១.២៧៣​លាន​ដុល្លារ​អាមេរិក ឬ​ស្មើនឹង​២០%​នៃ​ការនាំចេញ​ទំនិញ​របស់​កម្ពុជា​ទៅកាន់​ទីផ្សារ​អឺរ៉ុប ដែល​ត្រូវ​បង់ពន្ធ​ប្រមាណ ១២៨​លាន​ដុល្លារ​អាមេរិក​នៅ​ឆ្នាំ​២០១៩។ ទិន្នន័យ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា កាល​ពី​ឆ្នាំ​២០១៩ បង្ហាញ​ពី​ផល​ប៉ះពាល់​លើ​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា ចំនួន​៣១​រោងចក្រ ក្នុង​ចំណោម​រោងចក្រ​សរុប​ចំនួន ១.២០៩​រោងចក្រ ហើយ​កម្មករ​ដែល​បាត់បង់​ការងារ​ប្រមាណ ៤​ម៉ឺន​នាក់​។ រីឯ​របាយការណ៍​របស់​ក្រសួង​ការងារ​គិត​ត្រឹម​ថ្ងៃ​ទី​២៦ ខែ​សីហា ឆ្នាំ​២០២០​នេះ​វិញ បង្ហាញ​ថា វិស័យ​វាយ​ន​ភណ្ឌ​កាត់ដេរ និង​ផលិតផល​ស្បែកជើង​ចំនួន​៤៩១​រោងចក្រ​បាន​ព្យួរ​កា​ងារ ស្មើនឹង​កម្មករ​និយោជិក​ជាង ២៩​ម៉ឺន​នាក់ (២៩,៣៦២២​នាក់​) ហើយ​កម្មករ​ដែល​បាត់បង់​ការងារ​ទាំងស្រុង​មាន​ប្រមាណ ៦​ម៉ឺន​នាក់។

ទាក់ទង​នឹង​បណ្ដឹង​នេះ​ដែរ ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មាន​ប្រសាសន៍ថា សម្រាប់​រយៈពេល​វែង​ទៅ​មុខ​ទៀត ផល​ប៉ះពាល់​ពី​ការបាត់បង់​ប្រពន្ធ​អនុគ្រោះ​ពន្ធ គួបផ្សំ​និង​វិបត្តិ​កូវីដ​១៩​ផង នឹង​កាន់តែ​​ប៉ះពាល់​កាន់តែ​ខ្លាំង​ថែមទៀត ទោះបីជា​ក្រសួង​ការងារ​អះអាង​ថា ស្ថានភាព​នេះ​បាន​ល្អ​ប្រសើរ​វិញ​បន្តិច​ហើយ​ក្ដី​៖ «កម្ពុជា​បាន​ទទួលយក​លក្ខខណ្ឌ​ការងារ​ជាមួយ​អឺរ៉ុប​ឲ្យ​ល្អ​ប្រសើរ តែ​ដល់ពេល​អនុវត្ត​មិន​បាន ហើយ​ឥលូវ​នេះ​រដ្ឋាភិបាល​បាន​ធ្វើ​កំណែទម្រង់​ខ្លះ តែ​មិនទាន់​ផ្ដល់​ប្រយោជន៍​ជូន​កម្មករ​បាន​ច្រើន​នៅឡើយ»។

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួង​ការងារ ហេង សួរ ដើម្បី​សួរ​អំពី​បញ្ហា​នេះ បន្ថែម​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ កញ្ញា។

រីឯ​អ្នក​ជំនាញ​ខាង​អចលនទ្រព្យ និង​សេដ្ឋកិច្ច​វិញ លោក ង៉ែត ជូ សម្ដែង​ការ​ព្រួយបារម្ភ​ថា ការ​បាត់បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​២០%​នេះ ជា​ចំនួន​តិចតួច​ក្ដី ប៉ុន្តែ​អ្វី​ដែល​សំខាន់​នោះ ធ្វើ​ឲ្យ​ប៉ះពាល់​មុខមាត់​កម្ពុជា​ខ្លាំង​នៅ​លើ​ឆាក​អន្តរជាតិ ពីព្រោះ​ថា អ្នក​វិនិយោគ​ឬ​អ្នកបញ្ជា​ទិញ​គេ​កត់សម្គាល់​ថា កម្ពុជា​ជា​ប្រទេស​មាន​កេរ្តិ៍​ឈ្មោះ​មិនល្អ ដែល​បញ្ហា​នេះ នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​កម្ពុជា​កាន់តែ​ខ្លាំង។ «»

ពលរដ្ឋ​នៅ​ខែត្រ​កំពង់ចាម​មួយ​រួប ឈ្មោះ មុំ ផល ត្អូញត្អែរ​ថា ពួកគាត់​ជា​កសិករ​រស់នៅ​តាម​បណ្ដា​ខែត្រ​នេះ មាន​បញ្ហា​លំបាក​ផ្នែក​សេដ្ឋកិច្ច​ជាង​ពី​ពេល​មុន​។ លោក​បញ្ជាក់​ថា នៅ​ស្រប​ពេល​វិបត្តិ​កូ​វីដ​១៩​នេះ ធ្វើ​ឲ្យ​ពលរដ្ឋ​ក្រីក្រ​កាន់តែ​ជួប​ការ​លំបាក​ថែមទៀត ពិសេស​ជំពាក់​បំណុល​ធនាគារ​៖ «វា​ជា​សញ្ញា​អវិជ្ជមាន​សម្រាប់​អ្នក​វិនិយោគ​បរទេស ហើយ​អ្វី​គេ​ចាប់អារម្មណ៍​គេ​ចង់​ឃើញ​ភាព​លូតលាស់​នៃ​សេដ្ឋកិច្ច»។

ធនាគារ​ពិភពលោក​បាន​ព្យាករណ៍​ជាថ្មី​ថា កាលពី​ថ្ងៃ​ទី​២៩ កញ្ញា​ថា សេដ្ឋកិច្ច​កម្ពុជា​នៅ​ឆ្នាំ​២០២០​នេះ ធ្លាក់​ចុះ​ក្រោម​សូន្យ (០) ឬ​(-២%)​នៅ​ឆ្នាំ​២០២០​នេះ​។ ការ​ព្យាករណ៍ សេដ្ឋកិច្ច​កម្ពុជា​ធ្លាក់​យ៉ាង​គំហុក​នេះ ដោយសារតែ វិស័យ​ទេសចរ សណ្ឋាគារ វិស័យ​សំណង់​ធ្លាក់​ចុះ និង​អចលនទ្រព្យ​កម្ពុជា​នៅ​ទ្រឹង និង​ការនាំ​ចេញ​ផលិតផល​កាត់ដេរ សម្ភារៈ​ធ្វើដំណើរ និង​ស្បែក​បាន​ធ្លាក់​ចុះ​ជាដើម។

អ្នក​ជំនាញ​សេដ្ឋកិច្ច និង​សហជីព ព្រមាន​ថា បើ​សិន​របប​លោក ហ៊ុន សែន មិន​ស្ដារ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស​ឡើងវិញ​ដូច​ដែល​សហភាព​អឺ​រ៉ុ​បាន​លើក​ឡើង​ទេ​នោះ អឺរ៉ុប​និង​ប្រទេស​លោក​សេរី នឹង​ដាក់​ទណ្ឌកម្ម​របប​នេះ​ថែមទៀត ហើយ​សេដ្ឋកិច្ច​នឹង​កាន់តែ​ប៉ះពាល់​ថែម​ទៀត​ជា​មិន​ខាន៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...