រដ្ឋាភិបាល​កម្ពុជា​ ស្នើសុំ​​​ថៃ​ឱ្យ​ទទួល​យក​ពលករ​ខ្មែរ​ទៅ​​​​​ធ្វើការ​​វិញ​ និង​​​​​សុំ​បញ្ចុះ​ថ្លៃ​ធ្វើ​ចត្តាឡីស័ក

05
តុលា

រដ្ឋាភិបាល​កម្ពុជា​ ស្នើសុំ​​​ថៃ​ឱ្យ​ទទួល​យក​ពលករ​ខ្មែរ​ទៅ​​​​​ធ្វើការ​​វិញ​ និង​​​​​សុំ​បញ្ចុះ​ថ្លៃ​ធ្វើ​ចត្តាឡីស័ក

មន្ត្រី​សង្គម​ស៊ីវិល​ ជំរុញ​ឲ្យ​រដ្ឋាភិបាល​ ខិតខំ​បង្កើន​​​មុខ​របរ​ក្នុង​ស្រុក​ ឲ្យ​ពលរដ្ឋ​ធ្វើ ប្រសើរ​ជាង​ ​បញ្ជូន​ពលរដ្ឋ​​ទៅ​ធ្វើការ​ជា​ពលករ។ ការ​លើក​ឡើង​នេះ ក្រោយ​ពេល​រដ្ឋាភិបាល​កម្ពុជា​ បន្ត​​ស្នើ​សុំ​​រដ្ឋាភិបាល​​​ថៃ​ជាថ្មី ឲ្យ​​​ទទួល​យក​ពលរដ្ឋ​ខ្មែរ​ ​​ទៅ​​​​​ធ្វើការ​​នៅ​ប្រទេស​ថៃ​វិញ​ និង​​​​​ស្នើ​សុំ​ឲ្យ​​បញ្ចុះ​ថ្លៃ​ចត្តាឡឺស័ក​សម្រាប់​ពួកគេ​ ប៉ុន្តែ​មក​ទល់​ពេល​នេះ រដ្ឋាភិបាល​​ថៃ មិន​ទាន់​ឆ្លើយ​តប​សំណើ​កម្ពុជា​​​​​នៅ​ឡើយ​ទេ។

មន្ត្រី​កម្មវិធី​ផ្នែក​ទេសន្តរប្រវេសក៍​ នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា អង្គការ​សង់ត្រាល់ លោក ឌី ថេហូយ៉ា សោកស្ដាយ​ចំពោះ​រដ្ឋាភិបាល​ ដែល​ធ្លាប់​បាន​ប្រកាស ​ពី​កិច្ច​ខិតខំ​​ប្រឹង​ប្រែង​ បង្កើន​​​មុខ​របរ​ក្នុង​ស្រុក​ ឲ្យ​ពលករ​ ដែល​បាត់បង់​ការងារ​ធ្វើ​ក្នុង​សម័យ​កាល​ផ្ទុះ​ជំងឺ​កូវីដ១៩ (Covid-19) តែ​ពលរដ្ឋ នៅ​តែ​ប្រថុយ​ប្រថាន​លួច​ឆ្លង​ដែន​ខុស​ច្បាប់ ទៅ​រក​ការងារ​ធ្វើ​នៅ​ប្រទេស​ថៃ​ដដែល។ អ្នក​ឃ្លាំមើល​សិទ្ធិ​ពលករ​រូប​នេះ ជំរុញ​ឲ្យ​រដ្ឋាភិបាល ខិតខំ​បង្កើន​​​មុខ​របរ​ក្នុង​ស្រុក​​បន្ថែម​ទៀត ដើម្បី​ធានា​ឲ្យ​​បាន​ថា ពលរដ្ឋ​ពិតជា​មាន​ការងារ​ធ្វើ​ និង​ប្រាក់​ចំណូល​សមរម្យ៖ «កត្តា​ក្នុង​ស្រុក​ វា​មិន​មាន​ការ​គ្រប់គ្រាន់ ប្រាក់​ឈ្នួល​ទាប​​ជាង​អ្វី​អ៊ីចឹង វា​ជា​ជម្រើស​គាត់​ទៅ​ក្រៅ​ហើយ។ បើ​ដឹង​ថា គាត់​ទៅ​ក្រៅ​ហើយ​ ត្រូវ​តែ​បង្កើត​គោល​នយោបាយ​ យន្តការ​ គាំពារ​ ធ្វើ​ម្ដេច ការពារ​ផល​ប្រយោជន៍​ ការពារ​សិទ្ធិ​របស់​ពួកគាត់​​ហ្នឹង ឲ្យ​បាន​ល្អ។ កុំ​ឲ្យ​ចំណាក​ស្រុក​ ក្នុង​ន័យ​បង្ខំ​(ចិត្តក្នុង​ន័យ​ជំពាក់​បំណុល​​គេ ព្រោះ​យើង​មើល​ភាព​ជាក់​ស្ដែង ដែល​យើង​ធ្វើការ​ជាមួយ​ពលករ​ហ្នឹង ហេតុផល​អ្វី បាន​​មក​(ធ្វើការ)​ស្រុក​គេហេតុផល​ ដែល​ជំពាក់​លុយ​គេ​ហ្នឹង ៧០ភាគ​រយ ហើយ​៧០ភាគ​រយ​ហ្នឹង សួរ​ថា មក (ស្រុក​គេហ្នឹង មាន​លុយ (ធ្វើ​ដំណើរខ្លួន​ឯង ឬ​ខ្ចី​គេ ហើយ​ភាគ​ច្រើន​គឺ​ខ្ចី​គេ។ ដល់​អ៊ីចឹង​ទៅ វា​ថែម​បំណុល​ទៀត»

កាល​ពី​ថ្ងៃ​​ទី២ ខែ​តុលា ក្រសួង​ការបរទេស និង​ស្ថានទូត​ខ្មែរ​ប្រចាំ​ទីក្រុង​បាងកក បាន​ស្នើសុំ​ជាថ្មី​ទៀត​ ទៅ​ភាគី​ថៃ ក្នុង​ជំនួប​ដាច់​ដោយ​ឡែក​គ្នា សុំ​ឲ្យ​រដ្ឋាភិបាល​ថៃ ​ ទទួល​យក​ពលករ​កម្ពុជា ដែល​កាន់​ប័ណ្ណ​​​ឆ្លង​ព្រំដែន (border passes) និង​ ពលករ​ ដែល​ចុះ​ឈ្មោះ​ធ្វើ​ការ​តាម​ប្រព័ន្ធ​អនុស្សរណៈ​​យោគយល់​គ្នា​ (MOU) អាច​វិល​ត្រឡប់​ចូល​ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​វិញ និង​សុំ​ឲ្យ​បញ្ចុះ​ថ្លៃ​ទិដ្ឋាការ និង​ថ្លៃ​ធ្វើ​ចត្តាឡីស័ក​ជាដើម​។

​​អាស៊ី​សេរី​ មិន​អាច​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​ឯក​អគ្គ​រាជ​ទូត​ប្រចាំ​ទី​ក្រុង​បាងកក លោក អ៊ូក សោភ័ណ បាន​ទេ នៅ​ថ្ងៃ​ទី៤ តុលា ដោយសារ​ទូរស័ព្ទ​រោទ៍​គ្មាន​អ្នក​ទទួល​។ ប៉ុន្តែ​ស្ថានទូត​ បាន​សរសេរ​ក្នុង​បណ្ដាញ​សង្គម (facebook) ថា ភាគី​ថៃ បាន​ទទួល​​​យក​សំណើ​ទាំង​អស់​ ទៅ​ពិភាក្សា​ផ្ទៃ​ក្នុង​ និង​ប្រាប់​​ឲ្យ​​ ត្រៀម​​បញ្ជូន​ពលករ​ចំនួន ១.០០០នាក់ តាម​ច្រក​ឡែម និង​ច្រក​ដូង ចូល​ខេត្ត​ចាន់ថាក់បូរី (Chanthaburi)។

ពលករ​ម្នាក់ កំពុង​​​ធ្វើការ​នៅ​ប្រទេស​ថៃ លោក នូវ ប៊ុន​រ័ត្ន ប្រាប់​ថា ថៃ​បន្ត​បិទ​ប្រទេស​​បន្ត​ទៀត ដូច្នេះ ជា​គោលការណ៍ គឺ​ថៃ​​លែង​ទទួល​យក​ពលករ​ទាំងអស់​​ ចូល​ធ្វើការ។​ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ នៅ​តែ​បន្ត​​​ប្រថុយ​លួច​ឆ្លង​ដែន​ខុស​ច្បាប់ រត់​កាត់​ព្រៃ​ ឆ្លង​ភ្នំ ​​ស្ទឹង អូរ ​ចូល​ប្រទេស​ថៃ​ រាល់​ថ្ងៃ​រាល់​យប់​ ដោយ​សារ គ្មាន​​ការងារ​ធ្វើ​នៅ​ស្រុក​កំណើត។

ពលករ​រូប​នេះ​ឲ្យ​ដឹង​ថា ការ​ប្រថុយ​​លួច​ឆ្លង​ដែន​ខុស​ច្បាប់​ ទៅ​រក​ការងារ​ធ្វើ​ ទាំង​ស្ថានភាព​ថៃ​កំពុង​បិទ​ប្រទេស​នៅ​ឡើយ​នេះ បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​ ត្រូវ​ចំណាយ​លុយ​ អស់​ច្រើន​ជាង​ការ​ឆ្លង​ដែន​ស្រប​ច្បាប់ គឺ​​​ច្រើន​ជាង​ប្រហែល​​គុណ​នឹង​​១០​ដង​ ដោយសារ​​​ឈ្មួញ ឬ​មេ​ខ្យល់​ នាំ​ដើរ​ផ្លូវ​វៀង​ឆ្ងាយ​ លុក​ព្រៃ​ជ្រៅ ឡើង​ភ្នំ ដើម្បី​រត់​គេច​ពី​ប៉ូលិស​ថៃ ហើយ​ពេល​ខ្លះ មាន​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​កើត​ឡើង​ ចំពោះ​ឡាន​ដឹក​ពលករ​ឆ្លង​ដែន​ខុស​ច្បាប់​ ជាដើម។

លោក​ បន្ត​ថា អ្នក​ដែល​​អាច​លួច​​ឆ្លង​ដែន​ខុស​ច្បាប់​នេះ ប្រឈម​នឹង​ប៉ូលិស​ចាប់​ខ្លួន​បាន​យក​ទៅ​ឃុំ ហើយ​បញ្ជូន​ចេញ​ ទៅ​ប្រទេស​កំណើត​វិញ។ ឯ​អ្នក​លួច​ឆ្លង​ដែន​ជោគជ័យ ចូល​ដល់​ភាគ​កណ្ដាល​ប្រទេស​ថៃ​បាន​ ក៏​នៅ​តែ​ប្រឈម​ការ​អត់​ការងារ​​ធ្វើ​ដែរ ដោយសារ​ រោងចក្រ​ខ្លះ ក្ស័យធន ឯ​រោងចក្រ​ខ្លះ មិន​ត្រូវ​​ការ​រើស​កម្លាំង​ពលកម្ម​បន្ថែម និង​និយោជក​ខ្លះ មិន​យក​អ្នក​ឆ្លង​ដែន​ខុស​ច្បាប់​ជាដើម៖ «ប៉ុន្តែ​ចំពោះ​ម្យ៉ាង​ទៀត រឿង​ការងារ​នៅ​តែ​ជា​បញ្ហា​សម្រាប់​ពលករ​ខ្មែរ​យើង​ដដែល​ ដោយ​សារ​អ្វី រោងចក្រ​ខ្លះ​ក្ស័យធន ត្រូវ​បិទ​ទ្វារ​ចោល។ រោងចក្រ​ខ្លះ​ ក៏​គេ​យក យក​អ្នក​ចាស់។ ប៉ុន្តែ​ អ្នក​ថ្មី ដែល​គាត់​មក​ដាក់​ពាក្យ​ ដាក់​ CV រក​ការងារ​ហ្នឹង គេ​អត់​ទទួល​យក។ អ៊ីចឹង ធ្វើ​ឲ្យ​ពួកគាត់​ហ្នឹង អត់​ការងារ​ដដែល»។

របាយការណ៍​របស់​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ គិត​ត្រឹម​ឆ្នាំ២០១៩ បង្ហាញ​ថា ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​ថៃ មាន​​ប្រហែល​មួយ​លាន (១.០០០.០០០) នាក់។ លោក ឌី ថេហូយ៉ា ឲ្យ​ដឹង​ថា ស្ថានភាព​ជាក់​ស្ដែង​ ពលករ​ខ្មែរ​ធ្វើការ ទាំង​មាន​ច្បាប់ និង​ខុស​ច្បាប់ នៅ​ប្រទេស​ថៃ មាន​ខ្ទង់​ពីរ​លាន (២.០០០.០០០) នាក់ ភាគច្រើន​​ក្នុង​វិស័យ​សំណង់ និង​កសិកម្ម។

លោក ប្រាប់​ថា តាំង​ពី​ប្រទេស​ថៃ បិទ​ប្រទេស​ដាក់​ក្នុង​ភាព​អាសន្ន ចាប់​ពី​ខែ​មីនា​មក ពលករ​ខ្មែរ ជាង​មួយ​ម៉ឺន (១០.០០០) បាន​លួច​ឆ្លង​ដែន​ ចូល​ទៅ​ប្រទេស​ថៃ រក​ការងារ​ធ្វើ​ជា​បន្ត​បន្ទាប់​ តែ​ភាគ​ច្រើន ត្រូវ​ថៃ​ចាប់​​បាន ហើយ​បញ្ជូន​ត្រឡប់​មក​វិញ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...