អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ​ការ​ស្រង់​ស្ថិតិ​បុគ្គលិក​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​ការ​គំរាមកំហែង

06
តុលា

អង្គការ​ក្រៅ​រដ្ឋាភិបាល៖ ​ការ​ស្រង់​ស្ថិតិ​បុគ្គលិក​ដោយ​អាជ្ញាធរ​មូលដ្ឋាន​ជា​ការ​គំរាមកំហែង

ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ដែល​ភាគ​ច្រើន​មាន​ទីស្នាក់​ការ​កណ្តាល ​និង​ការិយាល័យ​នៅខណ្ឌ​មាន​ជ័យ​ បាន​ប្រតិកម្ម​ទៅ​នឹង​ការ​ប៉ុនប៉ង​របស់​នគរបាល​មូលដ្ឋាន ​ដែល​ចង់​ចុះ​មក​ស្រង់​ចំនួន​បុគ្គលិក ​ដោយ​លើក​ឡើង​ថាជា​ចេតនា​ «ព្រមាន​និង​គំរាម»​ មិន​ឲ្យ​មាន​ភាព​សកម្ម​ក្នុង​ការ​ចូលរួម​តវ៉ា​ប្រឆាំង​ការ​រំលោភ​សិទ្ធិ​ជាមូលដ្ឋាន។​

បើ​តាម​ញត្តិ​ចុះ​ថ្ងៃ​ទី ​៣០ ​ខែ​កញ្ញា ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន ​៦ ​ដែល​វីអូអេ​ទទួល​បាន​នៅ​ថ្ងៃ​អង្គារ​នេះ​ អធិការ​នគរបាល​ខណ្ឌ​មានជ័យ​ បាន​ជូន​ដំណឹង​ទៅ​ក្រុម​អង្គការ​ក្រៅ​រដ្ឋាភិបាល ​ដែល​មាន​ការិយាល័យ​ស្ថិត​ក្នុង​ភូមិ​សាស្ត្រ​ខណ្ឌ​មាន​ជ័យ ​អំពី​ការ​ចុះស្រង់​និង​ធ្វើ​បច្ចុប្បន្ន​ភាព​ស្ថិតិ​បុគ្គលិក​និយោជក​ខ្មែរ​ និង​បរទេស​ទាំង​អស់​ ដែល​កំពុង​បម្រើ​ការ​ងារ​នៅ​តាម​អង្គការ​ទាំង​នោះ។​

អង្គការ​សមាគម​ទាំង​នោះ ​រួម​មាន​សម្ព័ន្ធ​សហជីព​ប្រជា​ធិបតេយ្យ​កម្មករ​កាត់​ដេរ​កម្ពុជា​ ហៅ​កាត់​ថា CCAWDU ​អង្គការ​សង់ត្រាល់​សហ​ព័ន្ធ​សហជីព​កម្ពុជា​ សមាគម​ប្រជា​ធិបតេយ្យ​ឯក​រាជ្យ​នៃ​សេដ្ឋ​កិច្ច​ក្រៅ​ប្រព័ន្ធ​ សហភាព​ការងារ​កម្ពុជា​ និង​សម្ព័ន្ធ​សហគមន៍​កសិករ​កម្ពុជា។​

លោក​ ឃុន ថារ៉ូ​ មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​និង​សិទ្ធិ​មនុស្ស​ ហៅ​កាត់​ថា​ សង់ត្រាល់ ​ប្រាប់​វីអូអេ​ នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ អាជ្ញាធរ​មូលដ្ឋាន​មិន​មាន​ភារកិច្ច​ចុះ​មក​ស្រង់​ស្ថិតិ​ចំនួន​បុគ្គលិក​របស់​អង្គការ​សមាគម​ក្រៅ​រដ្ឋាភិបាល​ទេ ​បើតាម​មាត្រា​ ១០ ​នៃ​ច្បាប់ស្តី​ពី​សមាគម​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល។​

លោក​ជឿ​ថា ​វិធានការ​រដ្ឋបាល​របស់​នគរបាល​ខណ្ឌ​មានជ័យ​មាន​ចេតនា​បំភិត​បំភ័យ​មក​លើ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​សកម្ម​ខ្លាំង​ក្នុង​ការងារ​តស៊ូ​មតិ​ បន្ទាប់​ពី​ពួក​គេ​បាន​ធ្វើ​សនិ្នសីទ​ព័ត៌មាន​ជា​សាធារណៈ​ បង្ហាញ​ជំហរ​ជំទាស់​នឹង​ការ​ដោះ​ស្រាយ​មិន​បាន​ល្អ​មួយ​ចំនួន​របស់​រដ្ឋាភិបាល ​ក្នុង​វិស័យ​ការងារ​ និង​ការ​ចូលរួម​រក​ដំណោះ​ស្រាយ​ដីធ្លី​ដល់​ប្រជា​ពលរដ្ឋ។​

«វា​ហាក់​ដូច​ជា​សារ​ព្រមាន​ទៅ​ដល់​អង្គការ​សង្គម​ស៊ីវិល​អ៊ីចឹង​…​អា​ទម្រង់​បែប​ហ្នឹង​គឺ​យើង​សង្កេត​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​ហ្នឹង​តែង​តែ​ប្រើប្រាស់​អា​ទម្រង់​អ៊ីចឹង។​ ហើយ​មិន​មែន​តែ​អង្គការ​សង្គម​ស៊ីវិល​សហ​ព័ន្ធ​សហជីព​តែ​ប៉ុណ្ណឹង​ទេ យើង​ឃើញ​មាន​អង្គការ​ដែល​គាត់​ធ្វើ​ការងារ​ផ្នែក​វិស័យ​ដីធ្លី​អី​ជាដើម​ហ្នឹង​ គឺ​គាត់​ត្រូវ​ទទួល​ការ​គំរាម​កំហែង​ ទទួល​ការ​ឃ្លាំ​មើល​តាម​ដាន​ទៅ​នឹង​រាល់​សកម្ម​ភាព​ទាំង​ឡាយ​ ទាក់​ទង​ទៅ​នឹង​ការ​ងារ​របស់​គាត់​ធ្វើ​ជាមួយនឹង​សហគមន៍​ ដែល​មាន​វិបត្តិ​ដីធ្លី​ មាន​ជម្លោះ​វិវាទ​ដីធ្លី​អី​ជា​ដើម​ហ្នឹង»។​

រូបឯកសារ៖ លោក ឃុន​ ថារ៉ូ​ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA នៅមុខនៅមុខ​សាលាបារាំង​ចុង​បូព៌ាប្រទេស​ ថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/វីអូអេ)
រូបឯកសារ៖ លោក ឃុន​ ថារ៉ូ​ មន្ត្រី​សម្របសម្រួល​ការងារ​នៃ​មជ្ឈ​មណ្ឌល​សម្ព័ន្ធ​ភាព​ការងារ​ និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​អង្គការ​សង់ត្រាល់​ ​(Central) ផ្តល់​បទសម្ភាសន៍​ជាមួយ​ VOA នៅមុខនៅមុខ​សាលាបារាំង​ចុង​បូព៌ាប្រទេស​ ថ្ងៃទី​ ១៦​ ខែមីនា​ ឆ្នាំ​២០២០។​ (ហ៊ុល រស្មី/វីអូអេ)

 

ក្នុង​ញត្តិ​សុំ​អន្តរាគមន៍​ពី​លោក ​ស ខេង​ រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ ដើម្បី​បញ្ឈប់​ការ​ប៉ុន​ប៉ង​របស់​នគរបាល​មូលដ្ឋាន​ក្នុង​ការ​ស្រង់​ស្ថិតិ​នេះ​ ​ក្រុម​មេ​ដឹកនាំ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​ ៦​ បាន​លើក​ឡើង​ថា​ វា​ជា​ប្រតិបត្តិការ​ផ្ទុយ​ពី​គោល​ការណ៍​នៃ​ច្បាប់ ​ស្តីពី​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល។​

ញត្តិ​ដដែល​បាន​សរសេរ​តាម​អត្ថន័យ​ដើម​ថា៖​ «ការ​ស្នើ​សុំ​ផ្ទុយ​នឹង​គោល​ការណ៍​ច្បាប់ ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ​ពី​ការ​រំខាន​យាយី​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​ មក​លើ​សហជីព​សមាគម ​និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ ដែល​ទទួល​បាន​នូវ​នីតិ​សម្បទា ​តាម​ច្បាប់​ស្តីពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល ​ក្នុង​ការ​ការពារ​នូវ​សិទ្ធិ​សេរីភាព​ និង​ផល​ប្រយោជន៍​ស្រប​ច្បាប់​របស់​ខ្លួន»។​

ក្រុម​អង្គការ​សមាគម​បាន​អធិប្បាយ​បន្ថែម​ក្នុង​ញត្តិ​ដដែល​ថា៖​ «ជាមួយ​គ្នា​នេះ​ផង​ដែរ ​យើង​ខ្ញុំ​សង្កេត​ឃើញ​ថា​ បេសក​កម្ម​ធ្វើ​បច្ចុប្បន្ន​ភាព​ខាង​លើ​នេះ​ លោក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​មានជ័យ ​គឺ​គ្រោង​ធ្វើ​ឡើង​តែ​ទៅ​លើ​សហជីព​ អង្គការ ​និង​សមាគម​ ដែល​ខ្លួន​ជ្រើស​រើស​តែ​ប៉ុណ្ណោះ​ ជា​ពិសេស​សមាគម​និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ដែល​មាន​បេសក​កម្ម​លើ​វិស័យ​សិទ្ធិ​មនុស្ស»។​

លោក​ ឃុន ថារ៉ូ​ មន្រ្តី​អង្គការ​សង់ត្រាល់​បាន​បញ្ជាក់​ថា ​នគរបាល​ក្នុង​ខណ្ឌ​មានជ័យ​បាន​ជូន​ដំណឹង​អំពី​គម្រោង​ការ​ចុះ​ស្រង់​ស្ថិតិ​បុគ្គលិក​នេះ ​កាល​ពី​ដើម​ខែ​កញ្ញា​ ទៅ​ដល់​អង្គការ​សមាគម​សរុប​ចំនួន​ ៨ ​ដែល​ក្នុង​នោះ​ ក៏​មាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​បង្កើត​ឡើង​ ដោយ​លោក រ៉ុង​ ឈុន​ មេ​ដឹកនាំ​សហជីព​ដែល​កំពុង​ជាប់​ពន្ធនាគារ។​ ប៉ុន្តែ​លោក​ថា​ គម្រោង​នោះ​បាន​ផ្អាក​ទៅ​វិញ​ បន្ទាប់​ពី​មាន​ប្រតិកម្ម​ពីក្រុម​អង្គការ​សមាគម​ជា​បន្ត​បន្ទាប់​ ហើយ​ខាង​ភាគី​នគរបាល​ក៏​បាន​បញ្ជាក់​ត្រឡប់​មក​វិញ​ផង​ដែរ​ថា​ ពួក​គេ​ជាប់​រវល់​មិន​អាច​មក​ស្រង់​ស្ថិតិ​តាម​ការ​គ្រោង​ទុក។​

មន្ត្រី​សម្រប​សម្រួល​ផ្នែក​ការងារ​នៃ​មជ្ឈមណ្ឌល​សង់ត្រាល់​រូប​នេះ​បន្ថែម​ថា ​ញតិ្ត​របស់​អង្គការ​សមាគម​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ក្រសួង​មហាផ្ទៃ​ នៅ​ព្រឹក​ថ្ងៃ​អង្គារ។​

«យើង​ចង់​ឲ្យ​ក្រសួង​មហា​ផ្ទៃ​ហ្នឹង​ ត្រូវ​មាន​វិធានការ​ជាក់​លាក់​សម្រាប់​មន្ត្រី​នៅ​ថ្នាក់​មូលដ្ឋាន​ហ្នឹង ​ជា​ពិសេស​នៅ​តាម​ខណ្ឌ​ នៅ​តាម​អី​ហ្នឹង​ហើយ ​ជា​ពិសេស​វា​ជា​រឿង​មួយ​ ដែល​យើង​កត់​សម្គាល់​ត្រង់​ថា​ ម៉េច​បាន​តែ​មាន​តែ​សហព័ន្ធ​សហជីព ​អង្គការ​សមាគម​ប៉ុន្មាន​ ដូច​ជា​ប្រាំ​ពីរ ​ប្រាំបី​ហ្នឹង​ បាន​ទទួល​លិខិត​ហ្នឹង?»​

លោកស្រី​ អ៊ុក ឆាយ៉ាវី​ ប្រធាន​សមាគម​គ្រូ​បង្រៀន​កម្ពុជា​ឯករាជ្យ​ ប្រាប់​វីអូអេ​ថា​ សមាគម​លោកស្រី​បាន​ទទួល​ការ​ស្រង់​ស្ថិតិ​បុគ្គលិក​រួច​ហើយ ​ពី​សំណាក់​អាជ្ញាធរ​មូលដ្ឋាន​ក្នុងខណ្ឌ​មានជ័យ ​កាលពី​ដើម​ខែ​កញ្ញា។​ ទោះ​យ៉ាង​ណា ​លោកស្រី​យល់​ថា​ ការ​ស្រង់​ស្ថិតិ​នេះ​ធ្វើ​ឡើង​ផ្ទុយ​ពី​ច្បាប់​ស្តីពី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​មាន​ចរិត​បំបាក់​ស្មារតី​ក្រុម​អង្គការ​សមាគម​ណាមួយ ​ដែល​ហ៊ាន​ចេញ​មុខ​តវ៉ា​ប្រឆាំង​អំពើ​អយុត្តិធម៌​សង្គម​នានា។​

«គោល​ដៅ​របស់​គេ​ គឺ​ផ្តោត​សំខាន់​បំផុត​គឺ​ដូច​ជា​មើល​ទៅ​អ្នក​ណា​ដែល​មាន​និន្នាការ​អ្នក​ណា ​ដែល​មើល​ទៅ​ថា ​ពូកែ​ស្រែក​តវ៉ា​ទាមទារ​ ហើយ​បើ​អ្នក​ណា​គ្រាន់​តែ​ blablabla ​[និយាយ​អត់​បាន​ការ] ​អា​ហ្នឹង​ដូច​ជា​អត់​អី​ទេ​អត់​រង​គ្រោះ​ទេ»។

វីអូអេ​ មិន​អាច​សុំការ​អធិប្បាយ​ពី​នាយ​ឧត្តម​សេនីយ៍​ ខៀវ សុភ័គ ​អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​បាន​ទេ។​ វីអូអេ​ ក៏មិន​ទាន់​អាច​សុំ​ការ​អធិប្បាយ​ពី​អធិការ​រង​ខណ្ឌ​មានជ័យ​មួយ​រូប​ តាម​លេខ​ទូរស័ព្ទ​ដែល​មាន​នៅ​លើ​លិខិត​ផ្ញើជូន​អង្គការ​សមាគម​ខាង​លើ​បាន​ដែរ។​

ចំណែក​លោក​ សាន សុខសីហា​ អ្នក​នាំពាក្យ​ស្នងការ​ដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា​ លោក​មិន​មាន​ព័ត៌មាន​អំពី​គម្រោង​ចុះ​ស្រង់​ស្ថិតិ​បុគ្គលិក​អង្គការ​សង្គម​ស៊ីវិល​នោះ​ទេ។​

បើ​តាម​ការ​បញ្ជាក់​របស់​លោក​ ឃុន ថារ៉ូ​ នា​រសៀល​ថ្ងៃ​អង្គារ​នេះ​ ក្រសួង​មហាផ្ទៃ​បាន​បដិសេធ​មិន​ទទួល​យក​លិខិត​របស់​អង្គការ​នោះ​ទេ​ ដោយ​តម្រូវ​ឲ្យ​ភ្ជាប់​ជាមួយ​បញ្ជិកា​របស់ស្ថាប័ន​នីមួយៗ៕

ប្រភព៖ VOA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...