ពលករ​២៧​នាក់​ទៀត​ដែល​គ្មាន​ការ​ងារ​ធ្វើ​ជា​ច្រើន​ខែ​នៅ​ហ្ស៊ក​ដា​នី​បាន​មក​ដល់​កម្ពុជា​វិញ​

19
តុលា

ពលករ​២៧​នាក់​ទៀត​ដែល​គ្មាន​ការ​ងារ​ធ្វើ​ជា​ច្រើន​ខែ​នៅ​ហ្ស៊ក​ដា​នី​បាន​មក​ដល់​កម្ពុជា​វិញ​

ស្ថាន​ទូត​​កម្ពុជា​​ប្រចាំសាធា​​រណរដ្ឋអារ៉ាប់អេហ្ស៊ីប​ បានជួយ​សម្រួល​ពលករខ្មែរ​ចំនួន២​​៧​នាក់​​បន្ថែម​ទៀត បន្ទាប់ពីត្រូវថៅកែបញ្ចប់កិច្ចសន្យាការងារ​នៅក្នុងរោងចក្រវាយ​នភណ្ឌ​ចំនួន០២ គឺរោងចក្រ Vega​ Textile Co., Ltd. និង Camel Textile International Corporation នៅប្រទេសហ្ស៊កដានី បានវិលត្រលប់​មកដល់ប្រទេសកម្ពុជាកា​លពីថ្ងៃ​ទី​១៦​តុលា​នេះ។​ នេះបើការប្រកាសព័ត៌មានរបស់​លោក កុយ គួង មន្រ្តីនាំពាក្យក្រសួងការ​បរ​ទេស​និង​សហប្រតិបត្តិការអន្តរជាតិនៅថ្ងៃទី១៩តុលានេះ។

ពលករទាំងនេះ បានធ្វើដំណើរចាកចេញពីទីក្រុង Amman ប្រទេស​ហ្ស៊កដានីនៅថ្ងៃ​ទី​១៥​តុលា ហើយបានឆ្លងកាត់ប្រទេសកាតា និងប្រទេសកូរ៉េខាងត្បូង មុនមកដល់កម្ពុជាកាល​ពីថ្ងៃស្រុក ដែលគិតមកដល់ពេលនេះ មានពលករខ្មែរ​នៅ​ប្រទេស​ហ្ស៊កដានី ត្រូវបានគេ​ជួយឱ្យវិលត្រឡប់មកប្រទេសវិញបានចំនួន៨៤នាក់

កាលពីខែកក្កដា អង្គការសង់ត្រាល់បានលើកឡើងថា រោងចក្ររបស់ប្រទេសហ្ស៊កដានីទាំង​ពីរនេះ មិនបានគោរពតាមកិច្ចសន្យាសម្រាប់ពលករចំណាកស្រុក និងកិច្ចព្រមព្រៀង​ដោយផ្ទាល់មាត់ ដែលកិច្ចសន្យានិងកិច្ចព្រមព្រោងទាំងនោះបានបញ្ជាក់ថា រោង​ចក្រ​ជាអ្នកទទួលខុសត្រូវក្នុងការទិញសំបុត្រយន្តហោះឱ្យពលករខ្មែរធ្វើដំណើរមក​ប្រទេស​វិញ នៅពេលដែលកិច្ចសន្យាការងាររបស់ពួកគេត្រូវបានបញ្ចប់។

អង្គការនេះបន្តថា លើសពីនេះទៀត រោងចក្រ Vega Textile និង Camel Textile ថែមទាំងមិនបានផ្តល់អត្ថប្រយោជន៍ផ្នែកគាំពារសង្គម ដែលកន្លងមកក្រុមហ៊ុនបានកាត់ប្រាក់ឈ្នួលរបស់ពលករខ្មែរជារៀងរាល់ខែ ដែលអត្ថប្រយោជន៍ទាំងនោះយ៉ាងហោចណាស់ប្រមាណ ១០០០ ដុល្លារអាមេរិកសម្រាប់ពលករម្នាក់ៗ។

អង្គការដដែលអះអាងថា បន្ទាប់ពីបញ្ចប់កិច្ចសន្យាការងារមក បានធ្វើឱ្យពលករខ្មែរទាំងនេះ ប្រឈមការជាប់នៅប្រទេសហ៊្សកដានីដោយគ្មានការងារធ្វើ នឹងបាត់បង់ប្រាក់ចំណូលអស់រយៈពេលជាច្រើនខែ។

លោក មឿង តុលា នាយកប្រតិបត្តិនៃអង្គការសង់ត្រាល់ប្រាប់ខ្មែរណាស់នៅថ្ងៃទី១៩តុលា​នេះ​ថា តាមព័ត៌មានដែលទទួលបានពីពលករនៅប្រទេសហ្ស៊កដានី គឺកម្ពុជាមានពលករ​ធ្វើកា​រ​ងាក្នុងប្រទេសនេះមិនតិចជាង៣០០នាក់ឡើយ ប៉ុន្តែអង្គការរបស់លោកដែលទទួល​​បានព័ត៌មានថាមានពលករខ្មែរត្រូវរោងចក្របញ្ចប់កិច្ចសន្យាការងារដោយ​សារ​វិបត្តិ​កូវីដ១៩ គឺមានតែពលករប្រហែល៨០នាក់នេះប៉ុណ្ណោះ។

លោកថា៖«​ជាការពិត រោងចក្រទាំងពីរហ្នឹងអត់ទទួលខុសត្រូវចំពោះស្ថានភាព​របស់ពល​ករ​​ខ្មែរ​ទាំងហ្នឹងទេ ជាពិសេសថ្លៃសំបុត្រយន្តហោះអីហ្នឹង។​ ហើយចុងក្រោយ​ និយាយឱ្យត្រង់ទៅ បានខាងក្រុមហ៊ុនបញ្ជាទិញទេ គឺជាអ្នកជំរុញហើយក្រុមហ៊ុនបញ្ជាទិញហ្នឹង ជាអ្នក​ទិញ​​សំបុត្រយន្តហោះឱ្យទៅ។ ស្ថានទូតខ្មែរមានលុយណាទិញ(សំបុត្រយន្តហោះ) និយាយឱ្យត្រង់​ទៅ។​ ប៉ុន្តែស្ថានទូតខ្មែរមិនមែនមិនបានធ្វើទេ គឺគាត់បានជួយ ដូចជាចេញជាលិខិត​និងទាក់ទងទៅខាងហ្ស៊កដានីជាដើម»។

លោក មឿង តុលា បញ្ជាក់ទៀតថា ក្នុងចំណោមពលករខ្មែរទាំង៨៤នាក់នេះ គឺធ្លាប់ចូលរួមតវ៉ាជាមួយពលករមកពីប្រទេសមួយចំនួនទៀត ដូចជាប្រទេសមីយ៉ាន់ម៉ានិង​ប្រទេស​បង់​ក្លាដេស ក្រោយពីពួកគេបានបាត់បង់ប្រាក់ចំណូលជាច្រើនខែហើយបែរជា​ត្រូវ​ចំណាយ​កាន់តែច្រើនឡើង ក្រោយពីបានបាត់បង់ការងារនៅក្នុងប្រទេសហ្ស៊កដានី៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...