ពលករខ្មែរត្រឡប់ពីថៃតាមច្រកអូរ៣ជាន់រាប់រយនាក់រាល់ថ្ងៃ

06
ធ្នូ

ពលករខ្មែរត្រឡប់ពីថៃតាមច្រកអូរ៣ជាន់រាប់រយនាក់រាល់ថ្ងៃ

អាជ្ញាធរអះអាងថា ពលករខ្មែរត្រឡប់ពីប្រទេសថៃតាមច្រកអូរ៣ជាន់ក្នុងក្នុងស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យចន្លោះពី១០០ទៅ៣០០នាក់រៀងរាល់ថ្ងៃដោយសារនៅថៃមិនមានការងារធ្វើ និងអ្នកខ្លះមកចូលរួមកម្មវិធីសាច់ញាតិនៅស្រុកកំណើត។​

អភិបាលស្រុកអូរជ្រៅលោក លី សុវណ្ណារិទ្ធ បាននិយាយថា ពលករចំណាកស្រុកដែលចូលមកតាមច្រកអូរ៣ជាន់ ដែលមកពីតំបន់ប្រឈមត្រូវធ្វើចត្តាឡីស័កនៅឯក្រុងប៉ោយប៉ែត និងពលករមកពីតំបន់ដែលគ្មានការប្រឈមគឺត្រូវវាស់កម្តៅហើយអនុញ្ញាតឱ្យទៅផ្ទះបើកម្តៅធម្មតា។​

លោកបន្តថា រដ្ឋាភិបាលបានត្រៀមក្រុមការងារសម្រាប់ដោះស្រាយមធ្យោបាយធ្វើដំណើរដល់ពួកគាត់ តែភាគច្រើនពលករអស់ទាំងនោះគឺធ្វើដំណើរដោយខ្លួនឯង អ្នកខ្លះមានបងប្អូនមកយក និងផ្សេងទៀតជិះរថយន្តឈ្នួលត្រឡប់ទៅផ្ទះវិញ។

លោក និយាយថា «មធ្យោបាយខាងក្រុមការងារ គឺជូនពួកគាត់ទៅ តែកន្លងមកច្រើនតែពួកគាត់ទៅខ្លួនឯង តែយើងចេញនូវបណ្ណអោយសមាជិកមូលដ្ឋាន អោយពួកគាត់ទៀតបណ្ណលឿងមួយ។ បណ្ណគឺមានន័យថាគឺគាត់បានចូលតាមច្រកយើង បានវាស់កម្ដៅប៉ុន្មានអីប៉ុន្មាន អាយុអី ភេទ»។​​

អនុប្រធានមន្ទីរសុខាភិបាលខេត្តបន្ទាយមានជ័យលោក ចេ ពិចិត្រ មានប្រសាសន៍ថា​ ពលរដ្ឋខ្មែរ ដែលធ្វើចំណាកស្រុកពីប្រទេសថៃតំបន់ប្រឈម គឺធ្វើចត្តាឡីស័ក២ទៅ៣ថ្ងៃ ដើម្បីរងចាំលទ្ធផលធ្វើតេស្ត ប្រសិនបើអវិជ្ជមានពួកគេត្រូវបន្តធ្វើចត្តាឡីស័កនៅតាមភូមិស្រុករបស់ខ្លួនវិញ និងអ្នកដែលមកពីតំបន់គ្មានការប្រឈមគឺគ្រាន់តែវាស់កម្ដៅធម្មតា និងណែនាំពួកគេទៅផ្ទះត្រូវដាក់អោយនៅដោយឡែករយៈ១៤ថ្ងៃ ។​

លោកបន្តថា ក្រុមការងាររបស់លោកក៏បានបញ្ជូនឈ្មោះពួកគេទៅតាមមូលដ្ឋាន​ដែលពួកគេរស់នៅដើម្បីឱ្យអាជ្ញាធរមូលដ្ឋានចុះអប់រំអំពីវិធានការអនាម័យនិងតាមដានការធ្វើចត្តាឡីស័ក។

លោក និយាយថា «លទ្ធផលនឹងអវិជ្ជមានពួកគាត់អាចធ្វើចត្តាឡីស័កនៅតំបន់គាត់ ផ្ទះគាត់ នៅមូលដ្ឋានគាត់រយៈពេល១៤ថ្ងៃ ចឹងហើយចន្លោះនឹងចន្លោះចត្តាឡីស័ក១៤ថ្ងៃនឹង បើសិនជាគាត់មានរោគសញ្ញាគឺត្រូវអោយគាត់ទៅពេទ្យដើម្បី យកសំណាកទៅវិភាគ»

លោក ឃុន ថារ៉ូ មន្ត្រីគ្រប់គ្រងកម្មវិធីការងារនៅមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធមនុស្ស បាននិយាយថា អាជ្ញាធរមូលដ្ឋានអាចនឹងមានការពិបាកក្នុងការចុះតាមដាន ថាតើពួកគាត់ពិតជាបានធ្វើចត្តាឡីស័កនៅផ្ទះនិងមិនចេញទៅទីណាផ្សេងនោះ។

លោកបន្តថា រាជរដ្ឋាភិបាលគួរតែមានវិធានការដើម្បីលើកទឹកចិត្តអោយពួកគាត់ដើម្បីដាក់ខ្លួនឯងឱ្យនៅដាច់ដោយឡែករយៈ១៤ថ្ងៃ ដូចជាករណី២៨វិច្ឆិកាផងដែរ ដែលគ្រួសារក្រីក្រជាប់ពាក់ព័ន្ធត្រូវធ្វើចត្តាឡីស័កដោយទទួលបានម្នាក់២ម៉ឺនរៀលក្នុងថ្ងៃ។

លោក បញ្ជាក់ថា «រាជរដ្ឋាភិបាលត្រូវធានាថា ពួកគាត់ត្រូវនៅដាច់ខ្លួនដោយឡែក ផ្ទះនឹងគួរតែមានការគាំទ្រគាំពារអីហ្នឹង ដូចជាការផ្ដល់ថវិកាអីផ្សេងៗ»

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយថា​ ដោយកាលពីមុនការធ្វើចត្តាឡីស័កនៅដាច់ដោយឡែកពីគ្រួសារធ្វើឱ្យមានឧបសគ្គច្រើន សម្រាប់អ្នកដែលនឹកដល់ក្រុមគ្រួសារ។

លោក បញ្ជាក់ថា លុះត្រាតែអ្នកទាំងអស់នោះធ្វើតេស្តអវិជ្ជមានទើបអនុញ្ញាតអោយពួកគេ ទៅធ្វើចត្តាឡីស័កនៅតាមផ្ទះ ហើយមន្រ្តីជាប់ពាក់ព័ន្ធនឹងបញ្ជូនឈ្មោះពួកគេទៅតាមមូលដ្ឋានដែលស្នាក់នៅ ពេលដែលពលករចំណាកស្រុកអស់ទាំងនោះទៅដល់ស្រុកកំណើតរៀងៗខ្លួនហើយ អាជ្ញាធរនិងបុគ្គលិកពេទ្យ ដែលមានមូលដ្ឋាននៅទីនោះ នឹងចុះអប់រំណែនាំអំពីអនាម័យ នឹងវិធីសាស្រ្តការពារការឆ្លងកូវីដទៅកាន់ពួកគេ។

លោក បញ្ជាក់ថា «អាជ្ញាធរហើយនិងពេទ្យគេទៅមើល គេប្រាប់ពីវិធីការពារអប់រំអោយយល់អំពីអនាម័យ  និងវិធានការទប់ស្កាត់នៃ ការឆ្លងកូវីដនេះឯង»។

អភិបាលស្រុកអូរជ្រៅលោក លី សុវណ្ណារិទ្ធឱ្យដឹងថា គិតតាំងពីដើមខែមេសា មកដល់ខែធ្នូឆ្នាំ២០២០នេះពលករចំណាកស្រុកមានចំនួនជាងប្រាំម៉ឺននាក់ហើយ​ ដែលបានត្រឡប់មកពីថៃតាមច្រកអូរ៣ជាន់នេះ៕​

ប្រភព៖ VOD

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...