សេចក្តីថ្លែងការណ៍រួមរបស់សហជីព សមាគម និងអង្គការសង្គមស៊ីវិល អំពីតម្រូវការអាទិភាពរបស់ស្រី្តកម្មករនិយោជិត និងកសិករ ក្នុងកំឡុងវិបត្តិកូវីដ១៩ និងសំណើសុំអន្តរាគមបន្ទាន់ ពីសំណាក់រាជរដ្ឋាភិបាល​ និងក្រុមធុរៈកិច្ចក្នុងវិស័យឯកជន

09
ធ្នូ

សេចក្តីថ្លែងការណ៍រួមរបស់សហជីព សមាគម និងអង្គការសង្គមស៊ីវិល អំពីតម្រូវការអាទិភាពរបស់ស្រី្តកម្មករនិយោជិត និងកសិករ ក្នុងកំឡុងវិបត្តិកូវីដ១៩ និងសំណើសុំអន្តរាគមបន្ទាន់ ពីសំណាក់រាជរដ្ឋាភិបាល​ និងក្រុមធុរៈកិច្ចក្នុងវិស័យឯកជន

រាជធានីភ្នំពេញ ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០

កាលពីឆ្នាំ១៩៩១ស្រ្តីមួយក្រុមបានរួបរួមគ្នារៀបចំ “យុទ្ធនាការ១៦ថ្ងៃនៃភាពសកម្មនិយមដើម្បីលុបបំបាត់អំពើ ហិង្សាផ្អែកលើយេនឌ័រ”​ ដែលធ្វើឡើងចាប់ពីថ្ងៃទី២៥ខែវិច្ឆិការហូតដល់ថ្ងៃទី១០ខែធ្នូ ក្នុងគោលបំណងអំពាវនាវ ឲ្យមានការចាត់វិធានការទប់ស្កាត់ និងលុបបំបាត់រាល់ទម្រង់នៃអំពើហិង្សាប្រឆាំងស្រ្តីនិងក្មេងស្រី នៅថ្នាក់អន្តរជាតិ និងថ្នាក់ជាតិ។ យុទ្ធនាការនេះបានបន្តធ្វើឡើងជារៀងរាល់ឆ្នាំរហូតមកដល់បច្ចុប្បន្ននេះ និងមានការចូលរួមពីសំណាក់ ទីភ្នាក់ងារ អង្គការសហប្រជាជាតិ ភ្នាក់ងាររដ្ឋាភិបាល ក្រុមសកម្មជនស្រ្តីនិយម សហជីព និងអង្គការសង្គមស៊ីវិល ដែលបាននឹងកំពុងបំពេញបេសកកម្មដើម្បីលើកកម្ពស់សិទ្ធិស្រ្តី និងសមភាពយេនឌ័រស្ថិតក្នុងប្រទេសចំនួន១៨៧។ នៅក្នុងឱកាសយុទ្ធនាការ ១៦ថ្ងៃឆ្នាំនេះ យើងខ្ញុំជាសហជីព សមាគម និងអង្គការសង្គមស៊ីវិលចំនួន ៩​​ស្ថាប័ន ដែលកំពុងបំពេញការងារនៅក្នុងព្រះរាជាណាចក្រកម្ពុជា សូមលើកយកបញ្ហាប្រឈម និងតម្រូវការអាទិភាព របស់ស្រី្តកសិករ និងកម្មករនិយោជិត ក្នុងកំឡុងវិបត្តិសកលកូវីដ១៩ មកបង្ហាញរាជរដ្ឋាភិបាល​ក្រុមធុរៈកិច្ច ក្នុងវិស័យឯកជន និងភ្នាក់ងារអភិវឌ្ឍន៍នានាជាព័ត៌មាន និងសើ្នចាត់វិធានការបន្ទាន់ដើម្បីឆ្លើយតបតម្រូវការទាំងនោះ។ 

ជំងឺរាតត្បាតសកលកូវីដ១៩ បានបង្កផលប៉ះពាល់ដល់សុខមាលភាពផ្លូវកាយ ផ្លូវចិត្ត និងជីវភាពប្រចាំថ្ងៃរបស់​ ប្រជាពលរដ្ឋគ្រប់រូប និងបានធ្វើឲ្យសេដ្ឋកិច្ចជាតិធ្លាក់ចុះ និងដើរថយក្រោយ។ ស្រ្តីកម្មករនិយោជិតដែលកំពុង ប្រកបការងារ នៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធជាច្រើនម៉ឺននាក់ត្រូវបានព្យួរការងារ​ ឬបាត់បង់ការងារទាំងស្រុង។ កសិករ និង អ្នកលក់ដូរតាមដងផ្លូវត្រូវខាតបង់ប្រាក់ចំណូល ទន្ទឹមនេះដែរស្ថានភាពនៃអំពើហិង្សាផ្អែកលើយេនឌ័រ ក៏អាចមានការកើនឡើងមកលើស្រ្តី និងក្មេងស្រីនៅ​ក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩នេះដែរ។ ​យើងខ្ញុំទទួលស្គាល់ នូវទុក្ខលំបាកនិងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ១៩​ និងការខិតខំទប់ស្កាត់កុំឲ្យសេដ្ឋកិច្ចជាតិដួលរលំ តាមរយៈការដាក់ចេញនូវវិធានការឆ្លើយតបចំពោះ ការខាតបង់ផ្នែកសេដ្ឋកិច្ចរបស់វិស័យឯកជន។ យើងខ្ញុំក៏ទទួលស្គាល់ផងដែរនូវការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលទៅលើកម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង និងវិស័យទេសចរណ៍តាមរយៈការផ្តល់នូវប្រាក់ឧបត្ថម្ភចំនួន៤០ដុល្លារ និងការចែកនូវស្បៀង និងសម្ភារៈការពារកូវីដ១៩ដល់ គ្រួសារក្រីក្រមួយចំនួន។ 

យើងខ្ញុំសូមយកឱកាសយុទ្ធនាការ១៦ថ្ងៃដើម្បីបង្ហាញជូនរដ្ឋាភិបាលឱ្យឃើញថា គោលនយោបាយឆ្លើយតប របស់រាជរដ្ឋាភិបាលក្នុងកំឡុងវិបត្តិកូវីដ១៩នេះ នៅមានកង្វះចន្លោះដោយមានស្ត្រីកម្មករនៅក្នុងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅ​ប្រព័ន្ធជាច្រើននាក់ទៀត រួមទាំងស្ត្រីកសិករខ្នាតតូចដែលជាក្រុមអ្នកដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេនៅក្នុង កំឡុងពេលនេះមិនទាន់បានរាប់បញ្ចូលនៅក្នុងវិធានការដោះស្រាយ។ ដោយសារតែជីវភាពប្រចាំថ្ងៃរបស់ពួកគាត់ និងក្រុមគ្រួសារត្រូវពឹងអាស្រ័យលើចំណូលជាប្រចាំថ្ងៃនិងប្រចាំខែរបស់ពួកគាត់ នៅពេលដែលពួកគាត់បាត់បង់ ឬត្រូវព្យួរការងារជីវភាពរបស់គាត់ត្រូវធ្លាក់ចុះក្រោមបន្ទាត់នៃភាពក្រីក្រ ហើយស្ថានភាពកាន់តែវឹកវរដោយសារតែបំណុល ដែលគាត់ជំពាក់គ្រឹះស្ថានហិរញ្ញវត្ថុឯកជន​និងឬម្ចាស់បំណុលឯកជន។ ស្រី្តកសិករនិងកម្មករនិយោជិតទាំងវិស័យសេដ្ឋកិច្ចក្នុង និងក្រៅប្រព័ន្ធគឺជា ឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ នៅពេលរាជរដ្ឋាភិបាល និងធុរៈកិច្ចជនខកខានមិនបានឆ្លើយតប​តម្រូវការអាទិភាពរបស់ពួកគាត់ ហាក់មានន័យថាពួកគាត់មិនត្រូវបាន យកចិត្តទុកដាក់ ឬ ត្រូវបានទុកចោលនៅក្នុងគ្រាដ៏លំបាកនេះ​។ 

ដូច្នេះយើងខ្ញុំ ស្នើដល់រាជរដ្ឋាភិបាល ​និងក្រុមធុរៈកិច្ចក្នុង​វិស័យឯកជន បង្កើនការវិនិយោគលើប្រព័ន្ធកិច្ចគាំពារ សង្គម និងចាត់វិធានការឆ្លើយតបលើតម្រូវការអាទិភាពចំនួន៧ចំណុចរបស់ស្រ្តីកសិករនិងកម្មករនិយោជិត ក្នុងនិងក្រៅ ប្រព័ន្ធ ដូចខាងក្រោមនេះដើម្បីធានាថាគ្មានពលរដ្ឋណាម្នាក់ត្រូវបានទុកចោល៖

. ស្នើរដ្ឋាភិបាលផ្តល់ប្រាក់ឧបត្ថម្ភប្រចាំខែចំនួន៤០ដុល្លាក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដ១៩ ដល់កម្មករនិយោជិតគ្រប់វិស័យ​​ទាំងក្នុងនិងក្រៅប្រព័ន្ធ។  

. ស្នើអាជ្ញាធរមូលដ្ឋាន រួមទាំងក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសុខាភិបាល និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្រួលលក្ខខណ្ខចុះបញ្ជីបេឡារបបសន្តិសុខសង្គមដើម្បីទទួលបានប័ណ្ណ មូលនិធិសមធម៌សុខាភិបាលសម្រាប់កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងកសិករខ្នាតតូច ជាពិសេស សូមធានាថា កម្មករស្រ្តីមានផ្ទៃពោះអាចប្រើសេវាសុខាភិបាលដោយមិនអស់ថ្លៃសេវា និងទទួលបានប្រាក់ឧបត្ថម្ភ ដើម្បីសម្រួលជីវភាពប្រចាំថ្ងៃបន្ថែមទៀត។

. ស្នើរដ្ឋាភិបាល និងក្រុមនិយោជក ចាត់វិធានការទប់ស្កាត់និងលុបបំបាត់អំពើបៀតបៀនផ្លូវភេទ និងការ រើសអើងផ្អែកលើយេនឌ័រនៅក្នុងពិភពការងារ​ចាត់នីតិវិធីដើម្បីផ្តល់សច្ចាប័នលើអនុសញ្ញាស្តីពី ការលុបបំបាត់ អំពើហិង្សា និងការយាយីផ្អែកលើយេនឌ័រក្នុងពិភពការងាររបស់អង្គការអន្តរជាតិខាងការងារ(ILO.C 190) ។ 

. ស្នើរដ្ឋាភិបាលរឹតបណ្តឹង និងពង្រឹងការអនុវត្តច្បាប់ដើម្បីបញ្ឈប់អំពើហិង្សាបង្កឡើងដោយដៃគូស្និទ្ធស្នាល និងអំពើហិង្សាផ្អែកលើយេនឌ័រគ្រប់រូបភាព បង្កើនការផ្តល់សេវាឆ្លើយតបជាពិសេសក្នុងកំឡុងវិបត្តិកូវីដ១៩ ដែលផ្តោតការយកចិត្តទុកដាក់ដោះស្រាយសុខុមាលភាពផ្លូវកាយ ផ្លូវចិត្ត និងធានាថាជនរងគ្រោះទទួលបាន យុត្តិធម៌។ 

. ស្នើរដ្ឋាភិបាលការពារសិទ្ធិដីធ្លីកសិករដោយចាត់វិធានការបន្ទាន់ដើម្បីដោះស្រាយជម្លោះដីធ្លីដែលអូសបន្លាយ រ៉ាំរ៉ៃ និងបញ្ឈប់នូវការប្រើប្រាស់ប្រព័ន្ធតុលាការដើម្បីដាក់សម្ពាធឲ្យកសិករបញ្ឈប់សកម្មភាពតវ៉ាអំពីជម្លោះដីធ្លី។ 

. ស្នើរដ្ឋាភិបាលដាក់បញ្ចូលក្រុមកសិករទៅក្នុងច្បាប់ស្តីពីកិច្ចគាំពារសង្គម។

. ស្នើ​ក្រុមហ៊ុនបញ្ជារទិញ និងអ្នកផ្គត់ផ្គង់រៀបចំថវិកាសង្រ្គោះបន្ទាន់តាមរយៈការផ្តល់ប្រាក់ឧបត្ថម្ភបន្ថែម ចំនួន ៧៦ (ចិតសិបប្រាំមួយ) ដុល្លា ជារៀងរាល់ខែពីលើប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ៤០(សែសិប) ដុល្លារ ដែល​រដ្ឋាភិបាលបានផ្តល់ឲ្យកម្មករនិយោជិតក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើងដែលត្រូវបាន ព្យួរពីការងារ។

 

សេចក្តីថ្លែងការ​រួមនេះចូលរួមគាំទ្រដោយ៖

១. សហពន្ធ័សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF)

២​. សហពន្ធ័សហជីពកម្ពុជា ​(CATU)

៣. សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)

៤. អង្គការមជ្ឈមណ្ឌលសម្ពន្ធ័ភាពការងារ​ និងសិទ្ធិមនុស្ស (CENTRAL)

៥. សមាគមសម្ពន្ធ័សហគមន៍កសិករកម្ពុជា (CCFC)

៦. សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា (BWTUC)

៧. មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)

៨. អង្គការក្លាហាន (Klahaan)

៩. អង្គការអាកសិនអេតកម្ពុជា (ActionAid Cambodia)

 

សម្រាប់ព័ត៌មានបន្ថែម៖​

អ្នកស្រី អ៊ូ ទេពផល្លីន​ ០១១ ៩៨៤ ៨៨៣ ប្រធានសហពន្ធ័សហជីពកម្មករចំណីអាហារ និងសេវាកម្ម កម្ពុជា

អ្នកស្រី ចក់ សុភាព ០១១​ ៩៤៣ ២១៣ នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា

អ្នកស្រី យ៉ាង សុភ័ណ្ឌ ០១២ ៨៨០ ០៣៩ ប្រធានសហព័ន្ធសហជីពកម្ពុជា

អ្នកស្រី ឆន សុខា ០៩៣ ៥៥៦ ៦៣៤ ប្រធានកម្មវិធីចងក្រងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធមនុស្ស

អ្នកស្រី បុណ្យ​ រចនា ០៨៩ ៤៧៦ ១៤៦ សហស្ថាបនិក និង នាយិកា នៃអង្គការក្លាហាន

អ្នកស្រី រិន ម៉ាក់ទីន ០១៥ ៤៥៦ ៧៣៨ អ្នកសម្របសម្រួលគម្រោង សហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា

អ្នកស្រី វុន សម្ផស្ស ០១៦ ៤៥៨ ៧២១ អគ្គលេខាធិការរង នៃសមាគមប្រធាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ

អ្នកស្រី កែ ចាន់រ៉ា ០៧៧ ៥៥៣ ២១១ អគ្គលេខាធិការនៃសមាគមសម្ពន្ធ័សហគមន៍កសិករកម្ពុជា

អ្នកស្រី អ៊ូ សុភារី ០១២ ៦២១ ៨២២ មន្រ្តីសម្របសម្រួលកម្មវិធីយុទ្ធនាការ អង្គការអាក់សិនអេត 

 

*សូមភ្ជាប់ជូននូវព័ត៌មានបន្ថែមខាងក្រោម

ព័តមានបន្ថែម

កម្មករស្ត្រីក្នុងវិស័យសេវាកម្សាន្ត(ខារ៉ាអូខេនិងម៉ាស្សា)៖ យោងតាមការស្ទង់មតិរបស់អង្គការអាក់សិនអេតអំពីផលប៉ះពាល់នៃកូវីដ១៩លើស្ថានភាពសេដ្ឋកិច្ច និងសង្គម របស់កម្មករក្រៅប្រព័ន្ធ ចំនួន ៣៨៤នាក់ ដែលក្នុងនោះមានកម្មករស្ត្រីក្នុងវិស័យសេវាកម្សាន្តដែរនោះ បានរកឃើញថា៖

  • ២៧% នៃកម្មករស្ត្រីសេវាកម្សាន្ត រកចំណូលបានក្រោម $១.៩០ ក្នុងមួយថ្ងៃ ក្នុងកំឡុងពេលកូវីដ១៩
  • មាន ១/៣ គ្រួសារកម្មករសេវាកម្សាន្ត ធ្លាក់ក្នុងស្ថានភាពដែលមិនមានអាហារហូបគ្រប់គ្រាន់ 
  • មានតែ ១/១០ គ្រួសារកម្មករសេវាកម្សាន្តទេ ដែលបានទទួលការឧបត្ថម្ភជាអាហារ ថវិកា ឬម៉ាស់និងអាកុល 
  • ៧៤% នៃកម្មករសេវាកម្សាន្តមិនមានប័ណ្ណបសស ឬ ប័ណ្ណក្រីក្រ ឬប័ណ្ណមូលនិធិសមធម៌សុខាភិបាលទេ
  • កម្មករសេវាកម្សាន្តមិនត្រូវបានរាប់បញ្ចូលទៅក្នុងប្រ ព័ន្ធកិច្ចគាំពារសង្គមដើម្បីទទួលបានប្រាក់ឧបត្ថម្ភន៍ ពី

រាជរដ្ឋាភិបាលអំឡុងពេលព្យួរការងារដោយសារវិបត្តិកូវីដ១៩ ដូចវិស័យកាត់ដេរនិងវិស័យទេសចរណ៍ទេ 

 

កម្មករស្ត្រីក្នុងវិស័យទេសចរណ៍ សណ្ឋាគារ និងកាស៊ីណូ៖

  • បុគ្គលិកធ្វើការផ្នែកកាស៊ីណូជាង ៤០០០ នាក់នៅណាហ្គាវើលដ៏ និងបុគ្គលិករាប់ម៉ឺននាក់នៅកាស៊ីណូផ្សេង ទៀតទូទាំងប្រទេស មិនត្រូវបានរាប់បញ្ចូលទៅក្នុងប្រព័ន្ធកិច្ចគាំពារសង្គមរបស់រាជរដ្ឋាភិបាល ដើម្បីទទួលបាន នូវប្រាក់ឧបត្ថម្ភក្នុងអំឡុងពេលព្យួរការងារដោយសារវិបត្តិកូវីដ១៩ឡើយ។
  • បុគ្គលិកបំរើការនៅផ្នែកសណ្ឋាគារណាហ្គាវើលដ៏ជាង ៤០០០នាក់ បានទទួលប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាល តែពីរខែ ប៉ុណ្ណោះ ខណៈពួកគាត់ត្រូវបានព្យួរការងារតាំងពីខែមេសារហូតដល់បច្ចុប្បន្ន។
  • បុគ្គលិកកាស៊ីណូរាប់ពាន់នាក់នៅទូទាំងប្រទេសត្រូវបាត់បង់ការងារទាំងស្រុងដោយនិយោជកមិនអនុញ្ញាត ឱ្យចូលធ្វើការវិញនៅពេលរដ្ឋាភិបាលប្រកាសឱ្យបើកដំណើរការកាស៊ីណូវិញទូទាំងប្រទេសដោយសារព្រំដែននៅបន្តបិទ ដដែល។
  • បុគ្គលិកស្រ្តីរាប់រយនាក់នៅណាហ្គាវើលដ៏ត្រូវបានកាត់បន្ថយអត្ថប្រយោជន៍ពី បសស សម្រាប់លំហែមាតុភាព ជិត៤០%នៃប្រាក់ដែលត្រូវទទួលបាន។ 

 

កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ (យោងតាមការស្ទង់មតិរបស់សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ បានសម្ភាសន៍កម្មករក្រៅប្រព័ន្ធដែលជាសមាជិកចំនួន៧០០នាក់ ក្នុងនោះមានអ្នករត់រឺម៉កង់បីចំនួន២០០នាក់ 

អ្នកធ្វើការតាមផ្ទះចំនួន៣០០នាក់ និងអ្នកលក់ដូរតាមផ្លូវចំនួន២០០នាក់ ដើម្បីស្វែងយល់ពីទុក្ខលំបាកនិងតម្រូវការចាំបាច់របស់កម្មករដែលរងផលប៉ះពាល់ដោយសារវិបត្តិកូវីដ១៩។)៖

  • ប្រាក់ចំណូលរបស់កម្មករធ្លាក់ចុះរហូតដល់៥០% ក្នុងកំឡុងពេលកូវីដ១៩
  • មានកម្មករប្រមាណ ៣៤% បានបាត់បង់ការងារនិងកំពុងរកការងារថ្មីធ្វើ
  • កម្មករមិនមានលទ្ធភាពទិញសំភារះការពារពីការឆ្លងកូវីដ ដូចជាម៉ាស់ និងជែលលាងដៃជាដើម។
  • ៦១% នៃកម្មករ មិនមានលទ្ធភាពបង់ការប្រាក់ឬសងបំណុលធនាគារឬមីក្រូហិរញ្ញវត្ថុ  
  • អ្វីដែលកម្មករបារម្ភបំផុតពីវិបត្តិកូវីដគឺ ការបាត់បង់ប្រាក់ចំណូល បាត់បង់ការងារ កូនត្រូវបោះបង់ចោលការសិក្សា និងមិនអាចទទួលបានសេវាសុខភាពដែលមានគុណភាព
  • ជាង៤,០០០នាក់/១៥,០០០នាក់ នៃសមាជិកសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ ទទួល បាននូវប័ណ្ណមូលនិធិសមធម៌សុខាភិបាល។ ប៉ុន្តែបច្ចុប្បន្ន និតិវិធីនៃការចុះបញ្ជីមានភាពរាំងស្ទះ ដោយសាររាជរដ្ឋា ភិបាលតម្រូវឱ្យមានលិខិតបញ្ជាក់ពីមុខរបរ និងកន្លែងស្នាក់នៅរបស់កម្មករ តែរាជរដ្ឋាភិបាលមិនទាន់មានយន្តការ ច្បាស់លាស់ពីភ្នាក់ងារដែលត្រូវទទួលបន្ទុកចេញលិខិតបញ្ជាក់ទាំងនេះព្រមទាំងទម្រង់នៃលិខិតបញ្ជាក់ផងដែរ ហើយ​ អ្នកប្រកបមុខរបរក្រៅប្រព័ន្ធភាគច្រើនជាអ្នកចំណាកស្រុកមកពីខេត្តនានា ដោយជួលបន្ទប់ស្នាក់នៅ ឬជួល ដីបោះតង់ស្នាក់នៅបណ្តោះអាសន្ន។

 

កម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ និងដេរស្បែកជើង៖ (យោងតាមការស្ទង់មតិរបស់ សហពន័្ធសហជីពកម្ពុជា មជ្ឈមណ្ឌលសម្ព័នភាព ការងារ និងសិទ្ធិមនុស្ស និងសម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស)

  • ៦៣% នៃកម្មករកាត់ដេរជាប់កម្ចីឥណទាន ហើយភាគច្រើនខ្ចីពីកន្លែងមួយទៅសងកន្លែងមួយទៀត
  • កម្មករកាត់ដេរប្រមាណ ១៥ ម៉ឺននាក់ បានបាត់បង់ការងារក្នុងកំឡុងពេលកូវីដ យោងតាមសេចក្តីថ្លែងការណ៍ របស់សមាគមរោងចក្រកាត់ដេរកម្ពុជា
  • កម្មករកាត់ដេរបាត់បង់អត្ថប្រយោជន៍ដោយសាមានការបង្កើតសេចក្តីណែនាំនិងសេចក្តីជូនដំណឹងផ្ទុយពីច្បាប់។ (សេចក្តីជូនដំណឹងលេខ ០១៨/២០ ស្តីពីការពន្យាពេលក្នុងការបើករំលឹកប្រាក់បំណាច់អតីតភាពការងារដែលមាន មុនឆ្នាំ ២០១៩ និងប្រាក់អតីតភាពការងារថ្មីក្នុងឆ្នាំ២០២០)
  • ការផ្តល់ប្រាក់ឧបត្ថម្ភតែ៧០ដុល្លាក្នុងមួយខែ នៅពេលដែលកម្មករត្រូវបានថៅកែព្យួរកិច្ចសន្យាការងារលើសពី ពីរខែធ្វើអោយប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់កម្មករ

 

ពលករចំណាកស្រុក៖ (យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលសម្ព័នភាពការងារ និងសិទ្ធិមនុស្ស)

  • ៦៨% នៃពលករចំណាកស្រុកកំពុងតែជាប់បំណុលធនាគារ 
  • ពលករចំណាកស្រុកតែ៣៨%ប៉ុណ្ណោះដែលមានបណ្ណក្រីក្រ
  • ៦៨% នៃពលករចំណាកស្រុកដែលបានត្រឡប់មកស្រុកកំណើតវិញកំឡុងពេលវិបត្តិកូវីដ ១៩ នៅតែចង់ត្រឡប់ ទៅធ្វើការចំណាកស្រុកនៅក្រៅប្រទេសវិញ។
  • ៦៥%នៃពលករចំណាកស្រុកដែលបានត្រលប់មកកម្ពុជា មិនបានទទួលជំនួយឧបត្ថម្ភពីរាជរដ្ឋាភិបាលនោះទេ។

 

កម្មករសំណង់៖ (យោងតាមការស្ទង់មតិរបស់មជ្ឈមណ្ឌលវិភាគគោលនយោបាយ ដែលបានសម្ភាសកម្មករចំនួន ១០១០នាក់ និងការស្ទង់មតិរបស់អង្គការឃែរកម្ពុជាជាមួយស្ត្រីកម្មករចំនួន២៨៦នាក់)

  • ៣២% នៃស្ត្រីកម្មករបានឃើញអំពើបៀតបៀនរាងកាយកម្មករស្ត្រីផ្សេងទៀតនៅកន្លែងការងារ
  • ៣៦% នៃស្ត្រីកម្មករបានរងអំពើហិង្សាពីដៃគូស្និទ្ធស្នាល
  • ការទទួលបានប្រាក់ឈ្នួលមិនស្មើគ្នារវាងបុរស ($៨.៣៤/ថ្ងៃ) និងស្រ្តី ($៥.៥៤/ថ្ងៃ) 
  • មិនទទួលបានច្បាប់សម្រាក និងប្រាក់ឈ្នួលពេលសម្រាកលំហែមាតុភាព
  • បង្គន់អនាម័យមិនគ្រប់គ្រាន់សម្រាប់កម្មករ និងគ្មានការបែងចែករវាងបុរស និងស្រ្តី
  • មានតែ១១% នៃកម្មករទេដែលមានកិច្ចសន្យាជាលាយលក្ខអក្សរ
  • ៩១% នៃកម្មករមិនមានចុះបញ្ជីបេឡាសន្តិសុខសង្គម
  • ១៩% រងគ្រោះថ្នាក់នៅកន្លែងការងារ 
  • ៧៦% នៃកម្មករដែលស្នាក់នៅក្នុងការដ្ឋានសាងសង់ ដែលមិនមានសុវត្ថិភាព
  • កន្លែងស្នាក់នៅរបស់កម្មករមានការប្រើប្រាស់គ្រឿងញៀន និងល្បែងស៊ីសង
  • ៤៨% នៃកម្មករមានជាប់បំណុល ដែលជាមធ្យមចំនួន $១,៦៤៥ ហើយដែលជាកម្ចីពីធនាគារ ៤២% និងពីមីក្រូហិរញ្ញវត្ថុ ៣៣% 

 

កសិករខ្នាតតូច៖

  • ប្រជាកសិករព្រួយបារម្ភពីលទ្ធភាពសងបំណុលទៅស្ថាប័នមីក្រូហិរញ្ញវត្ថុ ដោយសារប្រាក់ចំណូលត្រូវបានថយចុះ ហើយសមាជិកគ្រួសារក៏បាត់បង់ការងារដោយសារវិបត្តិកូវីដទៀត។
  • កសិករបន្តរងគ្រោះដោយសារជម្លោះដីធ្លីអូសបន្លាយ មិនទាន់ទទួលបានដំណោះស្រាយ ថែមទាំងបន្តរងគ្រោះ ពីការបណ្តេញចេញពីលំនៅដ្ឋាន និងត្រូវបានប្តឹងដោយប្រើប្រព័ន្ធតុលាការដោយសារតែការពារដីរបស់ខ្លួន។
  • ដោយសារជម្លោះដីធ្លី ដីស្រែចំការត្រូវបានបង្កកចោលរាប់ឆ្នាំធ្វើឱ្យកសិករមិនអាចបង្កបង្កើនផលបានដែលធ្វើឱ្យ ប៉ះពាល់ដល់សន្តិសុខស្បៀងរបស់កសិករ ក៏ដូចជាការរីកចម្រើននៃវិស័យកសិកម្មនៅកម្ពុជាផងដែរ។
  • នៅក្នុងនិយមន័យពាក្យ «ក្រុមស្វ័យនិយោជ» នៅក្នុងច្បាប់ស្តីពីកិច្ចគាំពារសង្គម នៅមិនទាន់មានការពន្យល់ ជាក់លាក់ថាតើកសិករជាក្រុមដែលមានចែងនៅក្នុងនិយមន័យនោះដែរ ឬ យ៉ាងណា។ 

 

ទាញយកសេចក្តីថ្លែងការណ៍រួម

 

 

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...