ក្រសួង​ការងារ​ ដាក់ឱ្យ​ប្រើ​សេវាសាធារណៈ​វិស័យ​ការងារ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម

08
មករា

ក្រសួង​ការងារ​ ដាក់ឱ្យ​ប្រើ​សេវាសាធារណៈ​វិស័យ​ការងារ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម

ភ្នំពេញៈ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បានប្រកាស​ដាក់ឱ្យ​ប្រើប្រាស់​សេវាសាធារណៈ​ពាក់ព័ន្ធ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ចាប់ពី​ថ្ងៃទី​ ១១ មករា តទៅ ខណៈ​ការផ្តល់​សេវាសាធារណៈ​ទាំងនេះ​នៅ​ថ្នាក់​ក្រោម​ជាតិ​តាម​អង្គភាព​ច្រកចេញចូល​តែ​ ១ នឹង​ដំណើរការ​ចាប់ពី​ខែមីនា​ទៅ​។

ប្រកាស​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ចុះ​ថ្ងៃទី​ ៣១ ធ្នូ ឆ្នាំ ២០២០ និង​ទើប​ត្រូវបាន​ផ្សព្វផ្សាយ​កាលពី​ថ្មីៗ​នេះ​បាន​ឱ្យ​ដឹងថា ការសម្រេច​នេះ គឺ​មាន​គោលបំណង​ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព តម្លាភាព និង​គណនេយ្យភាព​។

ការសម្រេច​នេះ​ក៏​ស្របតាម​សំណើ​របស់​វិស័យ​ឯកជន​នៅក្នុង​ក្រុមការងារ​ផ្នែក​ទំនាក់ទំនង​វិជ្ជាជីវៈ​នៃ​វេទិកា​រាជរដ្ឋាភិបាល និង​ផ្នែក​ឯកជន​។

ប្រកាស​របស់​ក្រសួង​បាន​ណែនាំ​ថា សម្រាប់​សេវាសាធារណៈ​ដែល​នឹងត្រូវ​ប្រកាស​ឱ្យ​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១១ មករា គឺអាច​ចូល​ស្វែងរក​សេវា​សាធារណៈ​ពាក់ព័ន្ធ​នឹង​វិស័យ​ការងារ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​មាន​គេហទំព័រ https://lacms.mlvt.gov.kh​។

ចំណែក​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​ពាក់ព័ន្ធ​សេវាសាធារណៈ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​ចូល​តាមរយៈ​គេហទំព័រ​ដែលមាន​គឺ https://tvcms.mlvt.gov.kh និង​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​ដែល​ពាក់ព័ន្ធ​នឹង​សេវាសាធារណៈ​ជនបរទេស គឺ​ចូល​តាមរយៈ​គេហទំព័រ​ក្រសួង​ដែល​មាន​​គឺ​https://fwcms.mlvt.gov.kh​។

 

ក្រសួង​បញ្ជាក់ថា​៖ «​ដោយឡែក​ចំពោះ​សេវាសាធារណៈ​ដែល​ស្ថិតក្រោម​ដែន​សមត្ថកិច្ច​របស់​មន្ទីរការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង​អង្គភាព​ច្រកចេញចូល​តែ​ ១ រាជធានី ខេត្ត នឹងត្រូវ​ឱ្យ​ដាក់​ដំណើរការ​ចាប់ពី​ថ្ងៃទី​ ១ ខែ មីនា ឆ្នាំ​ ២០២១ តទៅ​»​។

លោក ហេង សួរ អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ បន្ថែមថា ការដាក់​ឱ្យ​ដំណើរការ​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​គឺ​ដើម្បី​លើកកម្ពស់​គុណភាព ប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព និង​ភាពងាយស្រួល​ដល់​រោងចក្រ សហគ្រាស ក៏ដូចជា កម្មករនិយោជិត ដោយ​មិនចាំបាច់​ធ្វើ​ដំណើរ​មក​ក្រសួង ឬ​មន្ទីរ ឬ​ច្រកចេញ​ចូលក្នុង​ការទទួល​យក​សេវា​របស់​ក្រសួង​។

លោក ហេង សួរ ក៏បាន​ថ្លែង​ឱ្យដឹង​ទៀត​ថា​៖ «​តាមរយៈ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​កម្មនេះ​យើង​ក៏មាន​ទិន្នន័យ​ច្បាស់លាស់​រក្សា​បាន​នូវ​អតីតភាព និង​ប្រវត្តិ​ការងារ​របស់​កម្មករ​និយោជិត ទោះ​ជា​ផ្លាស់ប្តូរ​សហគ្រាស ឬ​បាត់បង់​ឯកសារ​ណាមួយ​ក៏ដោយ​។ ប្រព័ន្ធ​ទិន្នន័យ​នេះ​ក៏​នឹង​ជួយ​ឱ្យ​ក្រសួង​អាច​បូក​យោង​អតីតភាព​ការងារ ការទទួល​ស្គាល់​ជំនាញ​ក្នុង​អាជីព​របស់​កម្មករនិយោជិត​ម្នាក់ៗ​ទោះ​ជា​គាត់​ធ្វើ​ការងារ​ក្នុង​ប្រទេស ឬ​ក្រៅប្រទេស​ក៏ដោយ​»​។

ជាមួយ​គ្នា​នេះ​លោក ហេង សួរ បាន​ឱ្យ​ដឹងថា ក្រសួង​កំពុង​បន្ត​ការចរចា​ជាមួយ​បណ្តា​ប្រទេស​អាស៊ាន​ដែល​បានអនុម័ត​កិច្ចព្រមព្រៀង​បំផ្លាស់ទី​ដោយ​សេរី​របស់​រូបវន្តបុគ្គល ដើម្បី​អាច​បង្វែរ​អត្ថប្រយោជន៍ និង​បូក​យោង​ទទួល​ស្គាល់​ជំនាញ​គ្នា​ទៅវិញទៅមក បន្ទាប់ពី​ដាក់ឱ្យ​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​ផងដែរ​។

លោក មឿន តុលា នាយក​ប្រតិបត្តិ​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅកាត់​ថា សង់ត្រាល​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា ការប្រើប្រាស់​សេវាសាធារណៈ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នឹង​ជួយផ្តល់​ភាពងាយស្រួល​ដល់​អ្នកប្រើប្រាស់​សេវា​ដោយ​ការកាត់បន្ថយ​ថវិកា និង​ពេលវេលា​។ បន្ថែម​ពីនេះ​លោក​ថា កម្មវិធី​នេះ​ក៏​ចូលរួម​កាត់បន្ថយ​ការប្រព្រឹត្ត​អំពើពុករលួយ ​ឬ​ក៏​ត្រូវបាន​លុបបំបាត់​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​រឿងនេះ គឺ​បាន​​ប្រយោជន៍​សម្រាប់​វិស័យ​ឯកជន និង​សាធារណជន​ដែល​កាត់បន្ថយ​នូវ​ចំណាយ​ផ្សេងៗ ព្រោះ​កាលណា​គាត់​ទៅដល់​ផ្ទាល់​គឺ​គាត់​ត្រូវ​ចំណាយ​ពេលវេលា​ផង ថវិកា​ផង ហើយ​អាចមាន​អំពើពុករលួយ​ពី​មន្ត្រី​ខូចខិល​មួយចំនួន​ផង​។ មួយទៀត បើ​ការប្រើប្រាស់​សេវា​តាម​អនឡាញ​នេះហើយ តែ​បែរ​ជា​គាត់​មិន​ទទួល​បាន​សេវា​វិញ​នោះ​នឹង​មាន​អ្វី​មិន​ប្រក្រតី​ហើយ​»​។

ជាមួយ​នឹង​ការសាទរ​លោក មឿន តុលា រំពឹង​ថា​ក្រសួង នឹង​ធ្វើការ​ផ្សព្វផ្សាយ​អំពី​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​ឱ្យ​បាន​ទូលំទូលាយ​ដល់​អ្នកប្រើប្រាស់​សេវា និង​ក្រុមហ៊ុន​ដែល​ស្វែងរក​សេវា​ទាំងអស់ ដើម្បី​ឱ្យ​ពួកគេ​មាន​ការយល់ដឹង និង​ដើម្បីឱ្យ​ប្រាកដថា ការដាក់​ដំណើរការ​តាម​ប្រព័ន្ធ​ស្វ័យប្រវត្តិកម្ម​នេះ​ទទួល​បាន​ជោគជ័យ​៕

ប្រភព៖The Phnom Penh Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...