ចំនួនពលករខ្មែរនៅថៃឆ្លងជំងឺកូវីដ-១៩ កើនឡើងជិតពាក់កណ្ដាល
ក្រសួងសុខាភិបាលថៃបានរកឃើញពលករខ្មែរ ឆ្លងជំងឺកូវីដ–១៩ បានកើនឡើងដល់ ១៥៣ គិតត្រឹមព្រឹកថ្ងៃទី៨ ខែ មករា នេះ។ ចំនួននេះ បានកើនឡើងស្ទើរពាក់កណ្តាល បើប្រៀបធៀបទៅនឹងចំនួនឆ្លងលើពលករចំណាកស្រុកខ្មែរ កាលពីថ្ងៃទី៧ ខែ មករា ដែលមាន ១០៨នាក់។
មន្ត្រីអង្គការសង់ត្រាល់ (Central) ទទួលបន្ទុកផ្នែកពលករ លោក ឌី ថេហូយ៉ា ថា ពលករខ្មែរដែលឆ្លងជំងឺកូវីដ១៩ នៅប្រទេសថៃទាំងនោះ ប្រឈមនឹងការខ្វះខាតស្បៀងអាហារ ដោយសារពួកគេឆ្លងជំងឺបែបនេះ គឺមិនអាចធ្វើការងារបានឡើយ។
មន្ត្រីសង្គមស៊ីវិលរូបនេះ យល់ថា រដ្ឋាភិបាលខ្មែរគួរតែចុះតាមដានរឿងនេះដល់ទីកន្លែងពលកររស់នៅឱ្យបានជាប់ជាប្រចាំ ដើម្បីតាមដានពីស្ថានភាពជំងឺរបស់ពួកគាត់។ លោក ឌី ថេហូយ៉ា ជឿថា ពលករមួយចំនួនអាចនឹងត្រូវថៅកែបញ្ឈប់ពីការងារដោយសារតែជំងឺនេះទៀតផង។
ប៉ុន្តែប្រធានអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល លោក ផៃ ស៊ីផាន ប្រាប់អាស៊ីសេរីថា ពលករទាំងនោះគួរតែទាក់ទងមន្ត្រីស្ថានទូតខ្មែរប្រចាំនៅប្រទេសថៃ ដើម្បីឱ្យស្ថានទូតជួយដល់ពួកគេបាន ប្រសិនបើពួកគេត្រូវការជំនួយបន្ទាន់អំឡុងពេលនេះ។ លោកអំពាវនាវដល់ពលករខ្មែរទាំងអស់ ត្រូវអត់ធ្មត់ស្នាក់នៅប្រទេសថៃបន្តទៀត ដោយមិនគួរត្រឡប់មកកម្ពុជាអំឡុងពេលនេះឡើយ៕
ប្រភព៖ RFA