បុគ្គលិក​ព្រះលាន​យន្ត​ហោះ​ខេត្ត​សៀមរាប​ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ការងារ​ គ្រោង​ដាក់​បណ្ដឹង​លើក​ទី២​ទៅ​ក្រសួង​ការងារ

24
មករា

បុគ្គលិក​ព្រះលាន​យន្ត​ហោះ​ខេត្ត​សៀមរាប​ដែល​ត្រូវ​ក្រុមហ៊ុន​បញ្ឈប់​ការងារ​ គ្រោង​ដាក់​បណ្ដឹង​លើក​ទី២​ទៅ​ក្រសួង​ការងារ

សហជីព និង​បុគ្គលិក​ក្រុម​ហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា (VINCI/​SCA/​CAMS) នៅ​ខេត្ត​សៀម​រាប គ្រោង​ដាក់​បណ្ដឹង​លើក​ទី២ទៅ​ក្រសួង​ការ​ងារ​ជាថ្មី​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី២៦ មករា ខាង​មុខ​នេះ ដើម្បី​ឲ្យ​ក្រសួង​ពន្លឿន​នីតិវិធី​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​នេះ។ មន្ត្រី​សង្គម​ស៊ីវិល​យល់​ថា មន្ទីរ​ការងារ​ខេត្ត​សៀមរាប​ ហាក់​អសកម្ម​ក្នុង​ការ​ដោះស្រាយ​វិវាទ​ការងារ​រួម​របស់​ក្រុម​អ្នក​តវ៉ា។

ប្រធាន​សហជីព​ព្រះលាន​យន្តហោះ​ខេត្ត​សៀមរាប និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​​វិស័យ​​ដឹក​ជញ្ជូន​កម្ពុជា (CTWF) លោក រ៉ន រ៉ាវ៉ាន់ ឲ្យ​អាស៊ី​សេរី​ដឹង​ថា លោក​បដិសេធ​ចំពោះ​ការ​លើក​ឡើង​​របស់​ប្រធាន​ការិយាល័យ​ដោះ​ស្រាយ​វិវាទ​ការងារ​ខេត្ត​សៀមរាប លោក ផេង ឆេង​លី ដែល​អះអាង​ថា បុគ្គលិក​ក្រុមហ៊ុន​អាកាសចរណ៍​ទាំង​នោះ​ បោះ​បង់​ការ​ចរចា​របស់​ខ្លួន។ លោក​បន្ត​ថា បុគ្គលិក​ក្រុម​ហ៊ុន​ទាំង​នោះ​បាន​សរសេរ​នៅ​លើ​បដា​តវ៉ា​កាល​ពី​ថ្ងៃ​ទី២២ មករា យ៉ាង​ច្បាស់​ថា ពួក​គេ​ឲ្យ​សហជីព​​ជា​អ្នក​តំណាង​របស់​ពួកគេ​ក្នុង​ការ​ដោះស្រាយ​វិវាទ និង​ការ​ចរចា​ផ្សេងៗ ប៉ុន្តែ​ខាង​មន្ទីរ​ការ​ងារ​បែរជា​ហៅ​បុគ្គលិក​ទាំង​នោះ​ទៅ​ដោះ​ស្រាយ​ជា​បុគ្គល​ទៅ​វិញ។

លោក រ៉ន រ៉ាវ៉ាន់ លើក​ឡើង​ថា បណ្ដឹង​លើក​ទី២ នេះ លោក​ស្នើ​ឲ្យ​ក្រសួង​ការ​ងារ​ដោះ​ស្រាយ​បញ្ហា​វិវាទ​ការ​ងារ​របស់​ពួកគេ​ជា​វិវាទ​រួម និង​ជួយ​ជំរុញ​ទៅ​ក្រុម​ហ៊ុន​ឲ្យ​ទទួល​យក​បុគ្គលិក​ទាំង​១៦១នាក់​នោះ​ឲ្យ​ចូល​ធ្វើការ​វិញ ព្រម​ទាំង​ទូទាត់​ប្រាក់​រំលឹក​ជូន​បុគ្គលិក​ព្រះលាន​យន្តហោះ​ទាំង​នេះ​ចាប់​ពី​ថ្ងៃ​បញ្ឈប់ រហូត​ដល់​ថ្ងៃ​ចូល​ធ្វើការ​វិញ៖ «ក្នុង​កំឡុង​ពេល​ព្យួរ​ការងារ​ហ្នឹង ស្រាប់តែ​ក្រុមហ៊ុន​ហ្នឹង​ ឈ្លៀត​ឱកាស​បញ្ឈប់ៗ គាត់​ទៀត គឺ​បញ្ឈប់​ហ្នឹង អត់​យក​ប្រាក់ខែ​ពេញ យក​មក​ទូទាត់​ឲ្យ​គាត់​ទេ គឺ​យក​ប្រាក់ខែ ៥០ឬ ៨០ហ្នឹង យក​មក​ទូទាត់។ អ៊ីចឹង​ហើយ វា​បាត់​ប្រយោជន៍​កន្លែង​ហ្នឹង ហើយ​មួយ​ទៀត អត់​ទូទាត់​ជំងឺ​ចិត្ត​ឲ្យ​គាត់​ទេ។ បើ​តាម​ច្បាប់ ក្រុមហ៊ុន​ដែល​ធ្វើ​ខុស​នីតិ​វិធី​ច្បាប់​អ៊ីចឹង ត្រូវ​តែ​ទូទាត់​ជំងឺ​ចិត្ត​ទាំង​អស់​ឲ្យ​ពួក​គាត់»

លោក មុំ សឹមសិលា បុគ្គលិក​ដែល​ត្រូវ​បាន​ក្រុម​ហ៊ុន​បញ្ឈប់​ការងារ ថ្លែង​ថា នេះ​ជា​រឿង​អយុត្តិធម៌​បំផុត​សម្រាប់​លោក​ និង​រិះគន់​ចំៗ ទៅ​លើ​មន្ទីរ​ការងារ​ខេត្ត​សៀម​រៀប​ចំពោះ​ភាព​អសកម្ម​ និង​ការ​យឺត​យ៉ាវ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​នេះ។ លោក​ស្នើ​ឲ្យ​ក្រសួង​ការ​ងារ​ ជំរុញ​ទៅ​ក្រុម​ហ៊ុន ឲ្យ​ទទួល​ពួកគាត់​ចូល​ធ្វើការ​វិញ និង​ទូទាត់​ប្រាក់​សំណង​ទាំង​អស់​ជូន​ពួក​គាត់​ផង៖ «ពួកខ្ញុំ​រងនូវ​ គេ​ហៅ​ថា អំពើ​អយុត្តិធម៌​ណាស់ ដែល​ទទួល​បាន​ពី​ថ្នាក់​ដឹក​នាំ Cambodia Airport ហ្នឹង​តែម្តង។ ការ​ដោះ​ស្រាយ​បញ្ហា​គឺ ខ្ញុំ​មិន​ទាមទារ​ឲ្យ​ខាង​មន្ទីរ​ការងារ ឬក៏​មន្ទីរ​ពាក់ព័ន្ធ​ណា​ផ្សេង​ទៀត មក​ព្យាយាម​អូស​ពួក​ខ្ញុំ​យក​ទៅ​ដោះ​ស្រាយ​ម្តង​ម្នាក់ៗ ជា​លក្ខណៈ​បុគ្គល​ទេ ពីព្រោះ​ក្រុម​ហ៊ុន​បាន​បញ្ចប់​កិច្ច​សន្យា​ការងារ​របស់​ខ្ញុំជា​លក្ខណៈ​រួម ពីព្រោះ​មនុស្ស​ទាំង​អស់​ហ្នឹង ត្រូវ​បាន​គេ​ហៅ​ម្តង​មួយៗ ហើយ​គេ​បាន​បញ្ជូន​មេធាវី​ទៅ​តាម​ផ្ទះ ដើម្បី​យក​ក្រដាស​ស្នាម​តាម​ទៅផ្តិត​មេដៃ​ដល់​ផ្ទះ ដើម្បី​បញ្ចប់​ពួក​ខ្ញុំ​១៦១នាក់​ហ្នឹង នៅក្នុង​ថ្ងៃ​ជាមួយ​គ្នា ក្នុង​អីចឹង​ទៅ​ណា គឺ​នៅក្នុង​ឧបសម្ព័ន្ធ​រួម​ទាំង​អស់ គឺ​នៅ​ក្នុង​ពេល​តែ​មួយ​ទេដែល​មាន​ឈ្មោះ​បញ្ឈប់​រួម»

លោក រ៉ន រ៉ាវ៉ាន់ បញ្ជាក់​ថា សហជីព និង​បុគ្គលិក​ព្រះលាន​យន្ត​ហោះ​ខេត្ត​សៀមរាប ធ្លាប់​បាន​ដាក់​ពាក្យ​បណ្ដឹង​ទៅ​ក្រសួង​ការងារ​ម្ដង​រួច​មក​ហើយ កាល​ពី​ថ្ងៃ​ទី១៥ ខែធ្នូ ឆ្នាំ២០២០ ប៉ុន្តែ​ត្រូវ​ក្រសួង​ការងារ​ទម្លាក់​ពាក្យ​បណ្ដឹង​នោះ មក​ឲ្យ​មន្ទីរ​ការងារ​ខេត្ត​សៀមរាប​ជា​អ្នក​ដោះ​ស្រាយ​ទៅ​វិញ។ ប៉ុន្តែ​មន្ទីរ​ការងារ​មួយ​នេះ មិន​បាន​ដោះ​ស្រាយ​វិវាទ​នេះ ជា​វិវាទ​រួម​នោះ​ទេ តែ​ដោះ​ស្រាយ​ជា​វិវាទ​បុគ្គល និង​មិន​បាន​កោះ​ហៅ ឬ​ជជែក​ជាមួយ​សហជីព​ដែល​ជា​តំណាង​បុគ្គលិក​នោះ​ទេ។ ក្រោយ​មក ក្រុម​បុគ្គលិក បាន​តវ៉ា​នៅ មុខ​មន្ទីរ​ការងារ​ខេត្ត​សៀមរាប ដោយ​ទាមទារ​ឲ្យ​ដាក់​វិវាទ​ពួកគេ​ជា​វិវាទ​រួម កាល​ពី​ថ្ងៃទី២២ មករា។ ការ​តវ៉ា​នេះ​ ធ្វើ​ឡើង ក្រោយ​ពី​ក្រុម​ហ៊ុន​បាន​បញ្ឈប់​បុគ្គលិក​ទាំងនោះ កាល​ពី​ថ្ងៃ​ទី៩ ដល់​ថ្ងៃ​ទី១១ ធ្នូ ឆ្នាំ២០២០ ក្រោយ​ហេតុផល​វិបត្តិ​ជំងឺ​កូវីដ១៩។ ពួក​គេ​អះអាង​ដូចៗ គ្នា​ថា ក្រុមហ៊ុន​បាន​ប្ដូរ​កិច្ច​សន្យា​ការ​ងារ​ដោយ​មិន​ឈរ​លើ​គោល​ការណ៍​ច្បាប់ ហើយ​ទូទាត់​សំណង​​មិន​សមរម្យ​ដល់​ពួកគេ​ជា​ដើម។ លោក​សង្កត់​ធ្ងន់​ថា បុគ្គលិក​ដែល​ក្រុមហ៊ុន​បាន​បញ្ឈប់​​ទាំង​នោះ​ ភាគ​ច្រើន​ជា​សមាជិក​សហជីព​ដែល​ធ្វើការ​ជា​យូរ​ឆ្នាំ​មក​ហើយ និង​មួយ​ចំនួន​ត្រូវ​បាន​ប្ដូរ​តួនាទី​ដោយ​មិន​ស្រប​តាម​លក្ខខណ្ឌ​ការងារ​ជា​ដើម។

អាស៊ី​សេរី មិន​អាច​ទាក់ទង​ទៅ​ខាង​តំណាង​ក្រុមហ៊ុន​អាកាស​យានដ្ឋាន​កម្ពុជា (VINCI/SCA/CAMS) និង​ប្រធាន​មន្ទីរ​ការងារ​ខេត្ត​សៀមរាប លោក ចាន់ សុខុម​ចិន្ដា បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃ​ទី២៤ មករា​នេះ។

អ្នក​គ្រប់​គ្រង​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ​ហៅ​កាត់​ថា សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ ទទូច​ឲ្យ​ក្រសួង​ការងារ គួរ​ស៊ើប​អង្កេត​លើ​តួនាទី​ភារកិច្ច​របស់​មន្ទីរ​ការងារ​ខេត្ត​សៀមរាប។ លោក​បន្ត​ថា​កន្លង​មក មានការ​រិះគន់​ជា​ច្រើន ពី​សហជីព​ធំៗ បុគ្គលិក កម្មករ មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ជាតិ និង​អន្តរ​ជាតិ អំពី​ការ​មិន​បាន​បំពេញ​ការងារ​ឲ្យ​បាន​ត្រឹម​ត្រូវ​របស់​មន្ត្រី​ក្នុង​មន្ទីរ​ខេត្ត​សៀមរាប​នេះ។ លោក​បន្ថែម​ថា ការ​អូស​បន្លាយ​ពេល​នៃ​ការ​ដោះ​ស្រាយ​វិវាទ​ជូន​កម្មករ​នេះ នឹង​នាំ​ឲ្យ​មាន​ការ​តវ៉ា​កើត​ឡើង​ជា​បន្ត​បន្ទាប់៖ «សហជីព​ហ្នឹង​ក៏​គាត់​ព្យាយាម​ស្វែង​រក​ដំណោះ​ស្រាយ​ជាច្រើន​លើក​ជា​ច្រើន​សា​ជា​មួយ​នឹង​ខាង​ក្រុម​ហ៊ុន ជាមួយ​នឹង​ខាង​មន្ទីរ​ការងារ​ហ្នឹង​ដែរ ប៉ុន្តែ​ហាក់​ដូច​ជា​មិន​មាន​កិច្ច​អន្តរាគមន៍​ណា​មួយ​ឲ្យ​វា​មាន​ប្រសិទ្ធ​ភាព​ពី​មន្ទីរ​ការងារ​ហ្នឹង​នៅ​ក្នុង​ការ​ដោះ​ស្រាយ​វិវាទ​រួម​ទៅ​ដល់​ពួក​គាត់​ហ្នឹង ពីព្រោះ​ថា ការ​បញ្ឈប់​កម្មករ​និយោជិក​ជា​លក្ខណៈ​ទ្រង់​ទ្រាយ​ធំ ការ​បញ្ឈប់​កម្មករ​និយោជិក​ដោយ​មិន​មាន​ការ​ទូទាត់​ទៅ​តាម​ផ្លូវ​ច្បាប់​ត្រឹមត្រូវ​ហ្នឹង​ អា​ហ្នឹង​វា​ជា​វិវាទ​រួម​ទៅ​ហើយ ហើយ​ខណៈ​ដែល​មន្ទីរ​ហ្នឹង​ចាត់​ទុក​ថា អា​ហ្នឹង​ជា​វិវាទ​បុគ្គល អា​ហ្នឹង​មន្ទីរ​ខ្លួនឯង​ហ្នឹង គឺ​គាត់​មិន​យល់​ច្បាស់​អំពី​នីតិវិធី​ផ្លូវ​ច្បាប់​នៅ​ក្នុង​ការ​ញែក​អ្វី​ដែល​ជា​វិវាទ​បុគ្គល​ អ្វី​ដែល​ជា​វិវាទ​រួម»

បុគ្គលិក​ព្រះលាន​យន្ត​ហោះ​ខេត្ត​សៀមរាប​ទាំង​នោះ ប្ដេជ្ញា​ថា និង​បន្ត​ការ​តវ៉ា​រហូត​ ប្រសិន​បើ​ក្រសួង​នៅតែ​មិន​មាន​ដំណោះ​ស្រាយ​ជូន​ពួក​គេ និង​គ្រោង​សរសេរ​ញត្តិ ឬ​សារ​ផ្ញើ​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ដើម្បី​ឲ្យ​ជួយ​រក​ដំណោះ​ស្រាយ​ជូន​ពួក​គេ​ផង​ដែរ៕

ប្រភព៖ RFA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...