មន្ត្រីសង្គមស៊ីវិលមិនជឿលើការអួតអាងដែលថា សេដ្ឋកិច្ចកម្ពុជា២០២០ទទួលបានកំណើនប្រសើរជាងការរំពឹងទុក
មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អះអាងថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០ កន្លងទៅ ទទួលបានកំណើនជាង –៣% ប្រសើរជាងការរំពឹងទុក។ មន្ត្រីរូបនោះ គូសបញ្ជាក់ថា ការណ៍ដែលកំណើនសេដ្ឋកិច្ចមិនធ្លាក់ចុះទាបជាងនេះ គឺដោយសារតែរដ្ឋាភិបាលបានអន្តរាគមន៍ទាន់ពេលវេលា។ ក៏ប៉ុន្តែ មន្ត្រីសង្គមស៊ីវិល យល់ថា ការលើកឡើងនេះ គឺជាការអួតអាង ស្របពេលដែលសេដ្ឋកិច្ចកម្ពុជាកំពុងប្រឈមនឹងបញ្ហាជាច្រើនរាប់មិនអស់។
បើទោះបីជាសេដ្ឋកិច្ចកម្ពុជាកំពុងទទួលរងនូវការដាំក្បាលចុះមិនធ្លាប់មានពីមុនមកដោយសារវិបត្តិផ្ទួនៗក៏ដោយ ក៏ហេតុការណ៍នេះ មិនបានធ្វើឲ្យមន្ត្រីក្រសួងសេដ្ឋកិច្ចឈប់និយាយល្អពីកំណើនសេដ្ឋកិច្ចរបស់កម្ពុជានោះឡើយ។ កំណើនសេដ្ឋកិច្ចដែលកម្ពុជាធ្លាប់ទទួលបានក្នុងរង្វង់ ៧% ហើយពេលនេះ ធ្លាក់ចុះរហូតដល់ជាង –៣% ឯណោះ ត្រូវមន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច បកស្រាយថា កម្ពុជានៅតែធ្វើបានល្អប្រសើរជាងការរំពឹងទុក ឬព្យាករណ៍ពីមុន។
រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក វង្សី វិស្សុត ថ្លែងក្នុងវេទិកាសាធារណៈស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២០កន្លងទៅ មានភាពប្រសើរជាងប្រទេសជិតខាងក្នុងតំបន់រួមមាន ម៉ាឡេស៊ី (Malaysia) និងសិង្ហបុរី (Singapore) ទៅទៀត៖ «ដូច្នេះ សេដ្ឋកិច្ចយើងធ្វើបានល្អមែនទែន។ កំណើនយើង ៣,១% អ្វីដែលគ្រោងនឹងធ្លាក់ដល់ ៥% មកនៅ ៣,១% ដោយសារអន្តរាគមន៍។ UNDP គាត់ថា គាត់ធ្វើ impact assessments តាមម៉ូឌែលរបស់គាត់ គាត់គិតថា សេដ្ឋកិច្ចរបស់កម្ពុជា បើអត់មានអន្តរាគមន៍ ហើយអន្តរាគមន៍មានប្រសិទ្ធភាពដូចនេះទេ កំណើនយើងមកដល់ថ្ងៃនេះ អាចធ្លាក់ដល់ –៤,១%។ ប៉ុន្តែ ដោយសារតែអន្តរាគមន៍របស់យើងមានប្រសិទ្ធភាព ដកតែ ៣,១% ទេ។ លេខ ៣,១% ជាលេខកណ្ដាលរបស់អាស៊ាន។ អាស៊ាន –៣,៣% ហើយយើង –៣,១%។ យើងជាប្រទេសមួយដែល exposure ធំជាងគេទៅក្រៅ យើងធ្លាក់តិចជាងគេ។ យើងកុំនិយាយវៀតណាមជាពិសេស ប៉ុន្តែបើយើងមើលថៃ មើលសិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន វិញ គឺធ្លាក់ខ្លាំងជាងយើង»។
ការលើកឡើងរបស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ មិនអាចធ្វើឲ្យមន្ត្រីសង្គមស៊ីវិលមានទំនុកចិត្ត ឬជឿជាក់បានឡើយ។ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ពន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅកាត់ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា ហាក់អស់សំណើចទៅនឹងការបកស្រាយរបស់មន្ត្រីរដ្ឋាភិបាលរូបនោះ។ លោកហៅការបកស្រាយរបស់មន្ត្រីសេដ្ឋកិច្ចខ្មែរ ថា ជាការអួតអាងជ្រុលហួសហេតុ ស្របពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជាកំពុងត្រដាបត្រដួស៖ «ការលើកឡើងនេះ ខ្ញុំថា គ្រាន់តែជាសារនយោបាយច្រើនជាង ច្រើនជាងព័ត៌មានពិតប្រាកដ ពីព្រោះសេដ្ឋកិច្ចខ្មែរយើងផ្ដោតតែទៅលើវិស័យដែលធំជាងគេ គឺវិស័យកាត់ដេរ សំលៀកបំពាក់។ បន្ទាប់មកទេសចរណ៍ ហើយនិងកសិកម្ម។ បើទេសចរណ៍ដួលបាត់ហើយ កាត់ដេរហ្នឹងក៏ឃើញមានការធ្លាក់ចុះដែរ កសិកម្មយើងក៏វាអត់ទាន់ដើរឲ្យពេញលេញដែរ។ អ៊ីចឹង ដូចជាមិនមានហេតុផលអីថាសេដ្ឋកិច្ចយើងមានស្ថានភាពធម្មតា ឬក៏ប្រសើរជាងប្រទេសផ្សេងនោះទេ»។
លោក មឿន តុលា បន្តថា មន្ត្រីរដ្ឋាភិបាលគួរក្រឡេកមើលបញ្ហាដែលពលរដ្ឋខ្មែរខ្លួនឯងប្រថុយប្រថានគ្រោះថ្នាក់ទៅលួចធ្វើការនៅប្រទេសថៃ និងករណីអ្នកជាប់ជំពាក់បំណុលមីក្រូហិរញ្ញវត្ថុទទូចឲ្យរដ្ឋាភិបាលអន្តរាគមន៍ក្នុងការពន្យារពេលសងបំណុល ក្នុងពេលដែលកំពុងមានវិបត្តិសេដ្ឋកិច្ចបង្កឡើងដោយជំងឺកូវីដ១៩ និងកត្តារួមផ្សំដទៃទៀត៖ «មន្ត្រីរដ្ឋាភិបាល មុននឹងផ្ញើសារចេញអី យើងគួរគិតគូរចំណុចហ្នឹងផង។ ចង់និយាយថា យ៉ាងហោចណាស់ក៏ខ្មាសសម្ដីខ្លួនឯងផងមែនទែនទៅ។ នៅពេលដែលពលរដ្ឋនាំគ្នាតវ៉ារឿងឲ្យរដ្ឋាភិបាល អន្តរាគមន៍ឲ្យមានការពន្យារពេលក្នុងការបង់ធនាគារ ប្រជាពលរដ្ឋនាំគ្នាប្រថុយប្រថាន ហើយថៃគេដាក់ស្រាស់របងជុំវិញព្រំដែនរបស់គេកុំឲ្យពលរដ្ឋកម្ពុជាឆ្លងដែនទៅប្រទេសខុសច្បាប់អី។ល។ ហើយគេចាប់បញ្ជូនមកវិញរាល់ថ្ងៃ ហើយមានពលករឆ្លងដែនខុសច្បាប់រាល់ថ្ងៃ។ យើងថា សេដ្ឋកិច្ចយើងរីកចម្រើន ខ្ញុំគិតថា វាជារឿងមួយគួរឲ្យអស់សំណើចដែរ»។
ដូចគ្នានេះដែរ មន្ត្រីអង្គការសង្គមស៊ីវិលមួយរូបទៀតដែលជានាយកប្រតិបត្តិអង្គការតម្លាភាពកម្ពុជា លោក ប៉ិច ពិសី យល់ថា ការនិយាយពីកំណើនសេដ្ឋកិច្ចនៅថ្នាក់ជាតិយ៉ាងណានោះ មិនឆ្លុះបញ្ចាំងពីទិដ្ឋភាពពិតប្រាកដនៃការរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋក្រីក្រដែលរស់នៅតំបន់ដាច់ស្រយាលនោះទេ៖ «ទោះបីជាយើងធ្លាក់ចុះ ៣,១ នៅក្នុងកម្រិតមួយដែលយើងថា ល្អប្រសើរ ប៉ុន្តែយើងធ្លាក់ចុះរួចទៅហើយនៅក្នុងបរិបទមួយដែលប្រទេសយើងស្ថិតក្នុងប្រទេសមួយដែលមានភាពក្រីក្ររហូតដល់ ១១ ដល់ ១៣% ឯណោះ។ មួយវិញទៀត យើងមានប្រជាពលរដ្ឋដែលរស់នៅជិតបន្ទាត់នៃភាពក្រីក្រ គឺ ៤លាន៥សែននាក់ឯណោះ។ អ៊ីចឹងដោយសារជំងឺកូវីដ១៩នេះ ពលរដ្ឋដែលរស់នៅក្បែរបន្ទាត់ភាពក្រីក្រ គាត់អាចធ្លាក់ទៅក្នុងភាពក្រីក្រវិញ ពីព្រោះគាត់នៅប្របេះពីភាពក្រីក្រនៅឡើយទេ អត់ទាន់ចេញផុតឆ្ងាយទេ។ ដូច្នេះ កាលណាយើងមានជំងឺកូវីដ១៩ ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ច និងដំណើរការរកស៊ីរបស់ពួកគាត់ គឺពួកគាត់អាចប៉ះពាល់ធ្ងន់ធ្ងរដែរ ហើយធ្វើឲ្យគាត់ត្រលប់ទៅក្រវិញ ជាពិសេសបងប្អូនដែលរកស៊ីក្រៅប្រព័ន្ធ បងប្អូនដែលធ្វើអាជីវកម្មរកមួយថ្ងៃរស់មួយថ្ងៃ គឺគាត់ងាយរងគ្រោះណាស់»។
សេដ្ឋកិច្ចកម្ពុជាទទួលរងនូវផលប៉ះពាល់ផ្ទួនៗ ក្នុងឆ្នាំ២០២០ និងបន្តអូសបន្លាយរហូតដល់ពេលបច្ចុប្បន្ន។ វិបត្តិទាំងនោះ រួមមាន វិបត្តិជំងឺរាតត្បាតសាកលកូវីដ១៩ វិបត្តិសហភាពអឺរ៉ុបកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA ២០% វិបត្តិសហភាពអឺរ៉ុបដាក់បញ្ចូលឈ្មោះក្នុងបញ្ជីខ្មៅនៃក្រុមប្រទេសលាងលុយកខ្វក់ និងវិបត្តិទឹកជំនន់ជាដើម។ លើសពីនេះទៀត សហរដ្ឋអាមេរិក ក៏កំពុងពិចារណាឡើងវិញ ថាតើត្រូវបន្ត ឬលុបចោលប្រព័ន្ធអនុគ្រោះពន្ធទូទៅ GSP ពីកម្ពុជា ឬយ៉ាងណានោះ។ ទន្ទឹមនឹងការអួតអាងថា សេដ្ឋកិច្ចកម្ពុជាមានកំណើនប្រសើរជាងការរំពឹងទុក ពលរដ្ឋខ្មែរជាង ២លាន៤សែនគ្រួសារកំពុងជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ។ នេះ គេនៅមិនទាន់គិតពីចំនួនពលករចំណាកស្រុកខ្មែរអត់ការងារធ្វើនៅក្នុងប្រទេស រួចរត់ទៅធ្វើការខុសច្បាប់ នៅក្រៅប្រទេស ដែលមានដល់ទៅរាប់សែននាក់នៅឡើយផង។ រីឯ រដ្ឋវិញ ក៏កំពុងជាប់ជំពាក់បំណុលបរទេសជិត ៨ពាន់លានដុល្លារ ដែលក្នុងនោះបំណុលស្ទើរតែជិតពាក់កណ្ដាលជារបស់ «មហាមិត្ត» ចិន៕
ប្រភព៖ RFA