សេចក្តីថ្លែងការណ៍រួម​៖ ទិវាសេរីភាពសារព័ត៌មានពិភពលោក

03
ឧសភា

ការលើកកម្ពស់ និងការពារសេរីភាពសារព័ត៌មានគឺជាការធានានូវព័ត៌មានដែលជាប្រយោជន៍សាធារណៈ

រាជធានីភ្នំពេញ ថ្ងៃទី0 ខែឧសភា ឆ្នាំ២០២១

ក្នុងឱកាសទិវាសេរីភាពសារព័ត៌មានពិភពលោក យើងខ្ញុំជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមក្រើនរម្លឹកឡើងវិញថាសេរីភាពខាងការបញ្ចេញមតិ រួមមានសិទ្ធិប្រព័ន្ធផ្សព្វផ្សាយដែលសេរីនិងឯករាជ្យ ក៏ដូចជាសិទ្ធិសេរីភាពក្នុងការប្រកាន់មតិដោយគ្មានការជ្រៀតជ្រែក សិទ្ធិសេរីភាពក្នុងការស្វែងរក ការទទួល និងការផ្សព្វផ្សាយព័ត៌មាន និងគំនិតនានា។ សារព័ត៌មានដើរតួនាទីយ៉ាងសំខាន់ក្នុងការធានានូវលទ្ធិប្រជាធិប  តេយ្យដែលមានវិបុលភាពនិងល្អប្រសើរ។ យើងខ្ញុំ​ជាអង្គការសង្គមស៊ីវិលមានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះការបន្តធ្លាក់ចុះនូវបរិយាកាសមិនល្អនៃប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ហើយយើងខ្ញុំ​សូមជំរុញឱ្យរាជរដ្ឋាភិបាល-   កម្ពុជា (“រដ្ឋាភិបាល”) បញ្ឈប់នូវ​ការយាយីនានាដែលកំពុងបន្តកើតមានចំពោះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកសារព័ត៌មានដែលបានអនុវត្តសិទ្ធិមូលដ្ឋានចំពោះសេរីភាពខាងការបញ្ចេញមតិរបស់ខ្លួន​។​ យើងខ្ញុំ​ក៏សូមជំរុញឱ្យរដ្ឋាភិបាលធ្វើការលុបបំបាត់នូវអំពើនិទណ្ឌភាពប្រឆាំងនឹងអ្នកសារព័ត៌មាន ដែលត្រូវបានវាយប្រហារ និងធ្វើឃាតផងដែរ​។ យើងខ្ញុំសូមជំរុញឱ្យរដ្ឋាភិបាល​លុបចោល នូវច្បាប់ដែលមានលក្ខណៈ​គាបសង្កត់ ដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពមូលដ្ឋាន ក៏ដូចជាសេរីភាពសារព័ត៌មាន ហើយត្រូវធានាថារាល់ការតាក់តែងច្បាប់នានាក្នុងពេលខាងមុខនឹងត្រូវបានព្រាងឡើងឱ្យ​ស្របតាមកាតព្វកិច្ចសិទ្ធិមនុស្សរបស់ប្រទេសកម្ពុជា ប្រកបដោយតម្លាភាព និងមានការពិគ្រោះយោបល់ជាមួយសង្គមស៊ីវិល។ 

សេរីភាពសារព័ត៌មាននៅតែ​ជាការរំពឹងទុក​សម្រាប់​ប្រ​ព័ន្ធផ្សព្វផ្សាយ ​និង​អ្នក​សារព័ត៌​មានឯក​រាជ្យ​នៅក្នុង​ប្រ​ទេសកម្ពុជា ខណៈដែលនិន្នាការនៃការបំបិទសំឡេងប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យ     នៅតែបន្តក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។ យោងតាមសន្ទស្សន៍សេរីភាពសារព័ត៌មានពិភពលោក           ឆ្នាំ២០២០ ដែលវាយតម្លៃពីការអនុវត្តជាទូទៅនៃសេរីភាពសារព័ត៌មានតាមបណ្តាប្រទេស និងតំបន់នានាជុំវិញសកលលោក បានចាត់ចំណាត់ថ្នាក់ប្រទេសកម្ពុជាថាមិនល្អ ដោយឈរនៅលេខរៀងទី១៤៤ ក្នុងចំណោមប្រទេស១៨០ ។ តួលេខ​នេះបានរុញឱ្យកម្ពុជាធ្លាក់១២ ចំណាត់ថ្នាក់ បើប្រៀបធៀបទៅឆ្នាំ២០១៧ ហើយប្រទេសកម្ពុជាត្រូវបានចាត់ទុកថាជាប្រទេស “មិនសេរី”។  

ប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មានឯករាជ្យនៅតែបន្តប្រឈមនឹងឧបសគ្គជាច្រើនក្នុង​កា​រ​បំពេញ​ ការ​ងារ​ដោយស្របច្បាប់របស់ខ្លួនដោយសេរី និងដោយគ្មានការដាក់កំហិត​សិទ្ធិរបស់ខ្លួនឯងជាដើម។ របាយ-ការណ៍ដែល​ចេញផ្សាយដោយសមាគមអ្នកសារព័ត៌មានក្នុងស្រុក នាពេល​ថ្មីៗនេះ បានបង្ហាញពីឧបសគ្គទាំងនេះដោយ​បានគូសបញ្ជាក់ផងដែរថា ក្នុងឆ្នាំ២០២០ មានអ្នកកាសែតមិនតិចជាង ៧២ នាក់ នោះទេ ដែលត្រូវបានយាយីតាមផ្លូវតុលាការ ដែលក្នុងនោះមានជាង ៤២ នាក់ ត្រូវបានឃុំខ្លួន សាកសួរ ឬចាប់ដាក់ពន្ធ​នាគារ។ អ្នកទាំងនោះ​ភាគច្រើនត្រូវបានចោទប្រកាន់ពីបទញុះញង់តាមមាត្រា៤៩៤ និង៤៩៥ នៃក្រមព្រហ្មទណ្ឌកម្ពុជា ឧទាហរណ៍ដូចជា​ ករណីលោក សុខ ឧត្តម ដែលជាម្ចាស់ស្ថានីយវិទ្យុរិទ្ធិសែនក្នុងខេត្តកំពង់ឆ្នាំង និង           លោក  រស់ សុឃិត ដែលជាអ្នកសារព័ត៌មាននិងជាអ្នកបោះពុម្ពផ្សាយកាសែតជាតិខ្មែរ ហើយអ្នកទាំងពីរត្រូវបានផ្តន្ទាទោស ដាក់ពន្ធនាគារ។  ជាងនេះទៅទៀត ករណីអតីតអ្នកយកព័ត៌មានវិទ្យុអាស៊ីសេរី លោក អ៊ួន ឈិន និងលោក យាង សុធារិន ដែលត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆិកា ឆ្នាំ២០១៧ និងចោទប្រកាន់ពីបទចារកម្ម      និង ផលិតរូបភាពអាសអាភាសនៅមិនទាន់បានដោះស្រាយនៅឡើយទេ។ ទោះបីជា អ្នកទាំងពីរត្រូវបានដោះលែងឱ្យនៅក្រៅឃុំជាបណ្តោះអាសន្នតាំងពីខែតុលា ឆ្នាំ២០១៩ ហើយក៏ដោយ ករណីរបស់អ្នកទាំងពីររូបនេះ        មិនទាន់បានបញ្ចប់ អស់រយៈពេលជាង៣ឆ្នាំមកនេះ ដោយមិនទាន់មានដំណោះស្រាយជាក់លាក់ណាមួយ         នៅ​ឡើយទេ។ យើងខ្ញុំ​សូមអំពាវនាវដល់រដ្ឋាភិបាលឱ្យទម្លាក់រាល់ការចោទប្រកាន់ទាំងអស់ទៅលើករណី         លោក យាង សុធារិន និងលោក អ៊ួន ឈិន និងដោះលែងលោក សុខ ឧត្តម និងលោក រស់ សុឃិត និងសុំឱ្យមានការផ្តល់អាជ្ញាប័ណ្ណសារព័ត៌មានដល់អ្នកទាំងពីរឡើងវិញ។   ​

ជាការបារម្ភផងដែរនៅ​ក្នុងបរិបទនៃ​ការ​រាតត្បាតជំងឺកូវីដ១៩ អាជ្ញាធរបានរឹតបន្តឹងនិងមិនអត់​ឱនចំពោះសំឡេង​រិះគន់ ហើយអ្នកសារព័ត៌មានកាន់តែងាយរងគ្រោះពីការយាយី និងការចោទប្រកាន់តាមផ្លូវតុលាការ ចំពោះសកម្មភាពរាយការណ៍ព័ត៌មានរបស់ខ្លួនទៅលើប្រធានបទពាក់ព័ន្ធនឹងជំងឺរាតត្បាត។​  រវាង     ​ខែមក​រា​ ដល់​ខែមេសា ឆ្នាំ​២០២១ អ្នក​កាសែត​ចំនួន​បី​នាក់​ត្រូវ​បាន​ឃាត់​ខ្លួន​ និង​ប្រ​ព័ន្ធផ្សព្វផ្សាយ​ចំនួន​៦ ​ត្រូវបាន​​ក្រសួង​ព័ត៌​មានដកអាជ្ញាប័ណ្ណដោយសារតែសកម្មភាពរាយការណ៍ព័ត៌មានទាក់ទងនឹង​ជំងឺកូវីដ១៩។ ​ទាំងនេះបានបង្កឱ្យមានផលប៉ះពាល់មិនល្អចំពោះអ្នករាយការណ៍ព័ត៌មានឯករាជ្យ ​បង្កើននូវការចាប់ពិរុទ្ធខ្លួនឯង និងរារាំងដល់ការទទួលបានព័ត៌មានសំខាន់ៗរបស់ពលរដ្ឋផងដែរ។ ​នៅក្នុងបរិបទនេះ យើងខ្ញុំ​សូមក្រើនរម្លឹកថា ការធ្វើការរួមគ្នារវាងប្រព័ន្ធផ្សព្វផ្សាយនិងអាជ្ញាធរ អាចនាំឱ្យមានការផ្សព្វផ្សាយព័ត៌មានកាន់តែទូលំទូលាយទាក់ទងនឹងជំងឺកូវីដ១៩ ដល់សាធារណជននៅក្នុងប្រទេសកម្ពុជា។ ដូច្នេះយើងខ្ញុំ​សូមអំពាវនាវឱ្យរដ្ឋាភិបាលទទួលស្គាល់ពីតួនាទីដ៏សំខាន់របស់អ្នកសារព័ត៌មានក្នុងពេលមានវិបត្ដិសុខភាពជាសកលនេះ និងត្រូវធានាថាអ្នកសារព័ត៌មានអាចអនុវត្តន៍ការងាររបស់ខ្លួន​ដោយគ្មានការភ័យខ្លាច។

ក្រៅពីនេះ បទល្មើសលើអ្នកសារព័ត៌មានបានបន្តកើតឡើងនិងក្លាយជាអំពើនិទណ្ឌភាព។ នៅ           ឆ្នាំ២០២០ យ៉ាងហោចណាស់មានអ្នកសារព័ត៌មាន​ ២២ នាក់ ត្រូវបានវាយប្រហារ ឬគំរាមកំហែងដោយអំពើហិង្សា​អំឡុងពេលបំពេញភារកិច្ច ហើយមានអ្នកសារព័ត៌មាន​ម្នាក់បានទទួលមរណៈភាពដោយគ្រោះថ្នាក់ចរាចរណ៍ ហើយករណីនេះពុំមានការស៊ើបអង្កេតឱ្យបានត្រឹមត្រូវនោះទេ។ នៅថ្ងៃទី២៨ ខែកញ្ញា     ឆ្នាំ២០២០ អ្នកសារព័ត៌មានតាមអ៊ីនធឺណិតចំនួន៤ នាក់ ត្រូវបានជន​ស្លៀកពាក់ស៊ីវិលមួយក្រុមវាយប្រហារ។ ក្រុមអ្នកសារ-ព័ត៌មានជឿថា ជន​វាយប្រហារទាំងនោះគឺជាក្រុមឈ្មួញរកស៊ីឈើខុសច្បាប់ ដែលមកសងសឹកដល់​ក្រុមអ្នកសារព័ត៌មានបន្ទាប់ពីពួកគេបានរាយការណ៍ប្រាប់ប៉ូលីសថាក្រុមនេះបានប្រព្រឹត្តបទល្មើសព្រៃឈើ។ ដូចគ្នានេះដែរ កាលនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ អ្នកសារព័ត៌មាន ២នាក់ ត្រូវបានវាយប្រហារ នៅពេលពួកគេកំពុងស៊ើបអង្កេតសកម្មភាពខុសច្បាប់របស់ឈ្មួញឈើនៅក្នុងខេត្តស្ទឹងត្រែង។ ទោះបីជាមានពាក្យបណ្តឹងដាក់ទៅអាជ្ញាធរ​ពាក់ព័ន្ធ​ក៏ដោយ តែមកទល់ពេលនេះ យុត្តិធម៌សម្រាប់អ្នកសារព័ត៌មានរងគ្រោះនៅមិនទាន់ទទួលបាននៅឡើយទេ។ បន្ថែមពីនេះ ចាប់តាំងពីឆ្នាំ១៩៩៤ មក អ្នកសារព័ត៌មានចំនួន ១៣ នាក់ ត្រូវបានសម្លាប់ ដោយសារការរាយការណ៍របស់ពួកគេទាក់ទងនឹងការប្រព្រឹត្តអំពើពុករលួយរបស់ឥស្សរជនជាច្រើនរូប និងមន្ត្រីយោធាជាន់ខ្ពស់ផងដែរ។ យើងខ្ញុំ​សូមទទូចឲ្យ​រដ្ឋាភិបាលចាត់វិធានការ​ច្បាស់​លាស់ ដើម្បីធានាថាអ្នកសារព័ត៌មានត្រូវបានការពារនៅពេលបំពេញតួនាទីដ៏សំខាន់របស់ខ្លួន​ និងសូមបញ្ចប់នូវរាល់អំពើនិទណ្ឌភាពនៃឧក្រិដ្ឋកម្មប្រឆាំងនឹងអ្នកសារព័ត៌មាន តាមរយៈការធ្វើការស៊ើបអង្កេតប្រកបដោយប្រសិទ្ធភាព ឯករាជ្យភាព តម្លាភាព និងការកាត់ទោសជនល្មើស ដោយអនុលោមទៅតាមបទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ។ 

ក្រៅពីនេះ រដ្ឋាភិបាលបានជំរុញឱ្យមានច្បាប់រឹតត្បិតកាន់តែច្រើនដែលធ្វើឱ្យប៉ះពាល់ដល់សេរីភាពខាងការបញ្ចេញមតិនៅតាមអ៊ីនធឺណិត និងក្រៅប្រព័ន្ធអ៊ីនធឺណិត។ នៅខែមេសា ឆ្នាំ២០២០ ច្បាប់ស្តីពីការគ្រប់គ្រងប្រទេសជាតិស្ថិតក្នុងភាពអាសន្ន ត្រូវបានអនុម័ត។ ច្បាប់នេះបានផ្តល់អំណាចដោយសេរីដល់រដ្ឋាភិបាល ក្នុងការរឹតត្បិតសេរីភាពមូលដ្ឋានរួមទាំងសេរីភាពសារព័ត៌មាន។ ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជាក៏បានអនុម័ត អនុក្រឹត្យស្តីពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ ដែលជួយសម្រួលដល់ការឃ្លាំមើលនិងត្រួតពិនិត្យចរាចរណ៍នៅតាមប្រព័ន្ធអ៊ីនធឺណិតទាំងអស់នឹងស្ថិតនៅក្នុងច្រកទ្វារតែមួយ ដែលរដ្ឋាភិបាល​ជាអ្នកគ្រប់គ្រង។ ​លើសពីនេះទៀត នៅខែមករា ឆ្នាំ ២០២១ អគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញសារាចរណ៍ណែនាំដល់ស្នងការដ្ឋាននគរបាលរាជធានី-ខេត្ត  ក្នុងការហាមឃាត់រាល់ការថតរបស់អ្នកសារព័ត៌មានចំពោះការស៊ើបអង្កេតរបស់ប៉ូលីសលើសកម្មភាពបទល្មើសផ្សេងៗ ដែលនេះ​បានធ្វើឱ្យប៉ះពាល់ដល់សេរីភាពសារព័ត៌មានផងដែរ។ រដ្ឋាភិបាលក៏បានធ្វើសេចក្តីព្រាងច្បាប់​មួយដែរទាក់ទងនឹងច្បាប់ស្តីពីឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិត ដែលមានបទប្បញ្ញត្តិមួយចំនួនអាចកាត់បន្ថយសេរីភាពការបញ្ចេញមតិតាមអ៊ីនធឺណិត ប្រសិនបើច្បាប់​នោះ​ត្រូវបានអនុម័ត។ ដូច្នេះយើងខ្ញុំ​សូមអំពាវនាវដល់រដ្ឋាភិបាល​ឱ្យធ្វើវិសោធនកម្ម ឬលុបចោលនូវច្បាប់ទាំងឡាយណាដែលមានលក្ខណៈគាបសង្កត់ និងត្រូវធានាថារាល់ការតាក់តែងច្បាប់នានាក្នុងពេលខាងមុខនឹងត្រូវបានព្រាងឡើង ឱ្យស្របតាមកាតព្វ​កិច្ច​សិទ្ធិមនុស្សរបស់ប្រទេសកម្ពុជាប្រកប​ដោយតម្លាភាព និងមានការ​ពិគ្រោះយោបល់។  

ប្រទេសកម្ពុជាមិនអាចសម្រេចបាននូវលទ្ធិប្រជាធិបតេយ្យនោះទេ ​បើ​គ្មានសារព័ត៌មានសេរីនិងឯករាជ្យ ដែលអាចទទួលបានព័ត៌មាន ក៏ដូចជាតម្លាភាព និងគណនេយ្យភាពរបស់ស្ថាប័នរដ្ឋ។ ដូច្នេះ រដ្ឋាភិបាលចាំបាច់ត្រូវចាត់វិធានការជាក់ស្តែង ដើម្បីបង្កឱ្យមានបរិយាកាសអំណោយផល ដែលសេរីភាពសារព័ត៌មានត្រូវបានការពារនិងលើកកម្ពស់ ហើយប្រព័ន្ធផ្សព្វផ្សាយនិងអ្នកសារព័ត៌មានឯករាជ្យអាចបំពេញតួនាទីដ៏សំខាន់របស់ខ្លួន​បានដោយសេរីនិងគ្មានការប្រឈមមុខនឹងការយាយី ការសងសឹក ឬប្រថុយជីវិតរបស់ខ្លួន​។ ជាមួយគ្នានេះដែរអ្នកសារព័ត៌មានក៏គួរតែបំពេញការងារបែបស៊ើបអង្កេត និងរាយការណ៍ព័ត៌មាន​ ប្រកបដោយវិជ្ជាជីវៈ និងឯករាជ្យ ​ ដើម្បីធានាថាពួកគេបានផ្តល់ព័ត៌មានត្រឹមត្រូវ និងអាចទុកចិត្តបានដល់សាធារណជន ក៏ដូចជាការចូលរួមចំណែកក្នុងការ​ពង្រឹង​អភិបាលកិច្ចឱ្យ​កាន់តែ​ប្រសើរឡើង។  

សេចក្តីថ្លែងការណ៍នេះ គាំទ្រដោយ៖

១.​អង្គ​ការក្រុម​ការ​ងារ​ដោះស្រាយទំនាស់

២.​បណ្តាញអាស៊ីដើម្បីការ​បោះឆ្នោត​ដោយ​សេរី​

៣.​អង្គ​ការ​អភិវឌ្ឍន៍សំលេង​សហគមន៍

៤.មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា​(ម.ស.ម.ក)

៥.​មជ្ឈមណ្ឌលកម្ពុជា​ដើម្បី​ប្រ​ព័ន្ធ​ផ្សព្វផ្សាយឯករាជ្យ​

៦.​សមាគមសម្ព័ន្ធ​អ្នក​សារព័ត៌​មាន​កម្ពុជា​ (ខេមបូចា)

៧.​សមាគមបណ្តាញយុវជន​កម្ពុជា​

៨.​សមាគមការពារ​សិទ្ធិមនុស្ស ​និង​អភិវឌ្ឍន៍នៅកម្ពុជា​

៩.​មជ្ឈមណ្ឌលសម្ព័ន្ធ​ភាព​ការ​ងារ​ និង​សិទ្ធិមនុស្ស​

១០.​​មជ្ឈមណ្ឌល​អប់រំច្បាប់​សម្រាប់​សហគមន៍

១១.​គណៈកម្មាធិការដើម្បីការបោះឆ្នោតដោយសេរី​ និងយុត្តិធម៍នៅកម្ពុជា

១២.​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា

១៣.​វិទ្យាស្ថាន​ប្រ​ជា​ធិបតេយ្យកម្ពុជា​

១៤.​សម្ព័ន្ធដើម្បីសុចរិតភាពនិងគណនេយ្យភាពសង្គម

១៥.​អង្គការសម្ព័ន្ធភាពការពារសិទ្ធិមនុស្សកម្ពុជា

១៦.​សមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យ

១៧.​បណ្តាញកសាង​សន្តិភាព​សហគមន៍

១៨.​សហភាពការងារកម្ពុជា​

១៩.​សហព័ន្ធ​សហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា

២០.​សម្ព័ន្ធសហជីពកម្ពុជា

២១.​សហគមន៍៩២ ភ្នំពេញ

២២.​សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស (លីកាដូ​)

២៣.​​អង្គ​ការ​សមធម៌កម្ពុជា​

២៤.សមាគមប្រ​ជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ច​ក្រៅប្រ​ព័ន្ធ​

២៥.​សហព័ន្ធអ្នកសារព័ត៌មានអន្តរជាតិ 

២៦.​សហព័ន្ធសហជីពឯករាជ្យ 

២៧.​អង្គ​ការក្លាហាន​

២៨.​សហគមន៍ឡពាង កំពង់ឆ្នាំង​

២៩.​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករនៃក្រុមហ៊ុនណាហ្គាវើលដ៍ 

៣០.​សហគមន៍មានជ័យ ស្វាយរៀង

​៣១.​គណៈកម្មាធិការអព្យាក្រិត និងយុត្តិធម៌ដើម្បីការបោះឆ្នោតដោយសេរីនិងត្រឹមត្រូវនៅកម្ពុជា

៣២.​មជ្ឈមណ្ឌល​ប្រ​ជា​ពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍និង​សន្តិភាព​​

៣៣.​អង្គ​ការ​ពន្លកខ្មែរ​

៣៤.​សហគមន៍ផ្លូវរថភ្លើង ភ្នំពេញ

៣៥.​សហគមន៍ព្រែកតាគង់ ៦០ម៉ែត្រ ភ្នំពេញ

៣៦.​សហគមន៍ឬស្សីស្រស់ ភ្នំពេញ​

៣៧.​អង្គ​ការ​សមាគមធាង​ត្នោត​

៣៨.​សហគមន៍ស្មសាន្ត ភ្នំពេញ

៣៩.​សហគមន៍ចេកមាស ស្វាយរៀង

៤០.​អង្គ​ការតម្លា​ភាពកម្ពុជា​​

៤១​.​សហគមន៍ទូលសង្កែអេ ភ្នំពេញ​

៤២.​អង្គ​ការមណ្ឌលព័ត៌​មាន​ស្រ្តីកម្ពុជា​

៤៣.​អង្គការកម្មវិធីអភិវឌ្ឍន៍ធនធានយុវជន​

៤៤.​អង្គ​ការ​ក្រុមប្រឹក្សាយុវជន​កម្ពុជា​

៤៥.​អង្គការយុវសន្តិភាព​

សេចក្តីថ្លែងការណ៍រួមទាំងស្រុងជាភាសារខ្មែរ

សេចក្តីថ្លែងការណ៍រួមទាំស្រុងជាភាសារអង់គ្លេស

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...