ក្រុម​អ្នក​ធ្វើការ​​ពាក់ព័ន្ធ​​នឹង​​វិស័យ​​កាត់ដេរ​និង​​សំណង់ មើលឃើញ​​ពី​​ផលប៉ះពាល់​ធ្ងន់ធ្ងរ​​ដល់​​សេដ្ឋកិច្ច​ជាតិ បើ​​ការ​​បិទ​ខ្ទប់​​​នៅ​បន្តអូស​បន្លាយ​

03
ឧសភា

សេដ្ឋកិច្ច​ជាតិ​ក្នុង​ឆ្នាំ២០២១​នេះ ទំនងជា​​ពិបាក​​នឹង​​ងើបឡើង​វិ​ញ​​ប្រសើរ​​ជាង​​ឆ្នាំ២០២០ កន្លង​ទៅ​ណាស់​ បើទោះបីជា​មាន​ការវាយតម្លៃ​ពី​ស្ថាប័ន​ជាតិ និង​អន្តរជាតិ​​នៅ​មុន​ពេល​​មាន​​វិបត្តិ​ជំងឺកូវីដ១៩​​ផ្ទុះឡើង​​ខ្លាំង​​ថា សេដ្ឋកិច្ច​អាច​​នឹង​​ប្រសើរ​ជាង​​ឆ្នាំទៅ​​ក៏​ដោយ។

គិត​មកទល់​​ពេល​​នេះ នៅ​មិនទាន់​​មាន​ការ​សិក្សា​​ស្រាវជ្រាវ​​ជាក់​លាក់​​ណា​​មួយ អំពី​ទំហំ​​ខាតបង់ ឬ​​ផលប៉ះពាល់​​ផ្នែក​​សេដ្ឋកិច្ច​​បណ្តាល​​មក​​ពី​ការ​បន្ត​អូសបន្លាយ​​នៃ​​វិធានការ​​បិទ​ខ្ទប់​​របស់​​រដ្ឋាភិបាល​​ដោយ​សារ​​ជំងឺកូវីដ​១៩ អស់រយៈពេល​​ជាង ២ សប្តាហ៍​​នៅ​ឡើយទេ ក្រៅតែ​​ពី​​ផលប៉ះពាល់​​ផ្ទាល់​​ដល់​​ពលរដ្ឋ​បម្រើ​​ការងារ​​ក្នុ​ង​​វិស័យ​​គោល​ដៅ​​មួយ​ចំនួន ដូចជា​​វិស័យ​​ទេសចរណ៍ សេវាកម្ម កាត់ដេរ​​សំលៀកបំពាក់ ស្បែកជើង និង​វិស័យ​សំណង់​ជាដើម។

អ្នកជំនាញ​វិស័យ​​ការងារ និង​​ជា​​នាយក​ប្រតិបត្តិ​នៃ​​មជ្ឈមណ្ឌល​​សម្ព័ន្ធ​ការងារ និង​សិទ្ធិ​មនុស្ស ហៅកាត់​ថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា មើល​ឃើញ​​ថា ​ក្នុង​ចំណោម​​វិស័យ​​គោលដៅ​​សំខាន់ៗ​​ដែល​ជា​​ឆ្អឹងខ្នង​​ទ្រទ្រង់​​សេដ្ឋកិច្ច​ជាតិ វិស័យ​ឧស្សាហកម្ម​​កាត់ដេ​រ​ អាច​​នឹង​​ប្រឈម​នឹង​ឱនភាព​​ខ្លាំង​​ក្នុង​​ឆ្នាំ២០២១​​នេះ ​ដោយ​សារ​​ការ​បន្ត​អូសបន្លាយ​​នៃ​​វិបត្តិ​ជំងឺ​កូវីដ​១៩ ផ្ទុះ​ចូល​​ក្នុង​​រោងចក្រ៖ «ខ្ញុំ​មិនទាន់​​ជា​គិត​ថា វិស័យ​ឧស្សាហកម្ម​កាត់​ដេរ​នេះ អាច​នឹង​ដួល​ទាំងស្រុង​នោះទេ។ ក៏ប៉ុន្តែ ប្រហែល​ជា​បណ្តោះអាសន្ន​នេះ រោងចក្រ​ សហគ្រាស​មួយ​ចំនួន​ បើសិន​ជា​ការ Lockdown នេះ​នៅតែ​បន្ត ប្រហែល​ជា​រោងចក្រ សហគ្រាស​មួយចំនួន​ ត្រូវ​បង្វែរ​ផលិតផល​របស់​ខ្លួន​ទៅ​រោងចក្រ សហគ្រាស​ទាំងឡាយណា​ដែល​ស្ថិតនៅ​ក្នុង​តំបន់​ដែល​មិនសូវ​មាន​បញ្ហា មានន័យថា​​ ទៅខេត្តណា​ដែល​អត់សូវ​មាន​ផ្ទុក​ជំងឺកូវីដ១៩។ ក៏ប៉ុន្តែ ការបង្វែរ​ផលិតកម្ម​នេះ គឺ​វា​អាច​នឹង​ធ្វើ​ឲ្យ​វិស័យ​ហ្នុង​មាន​ឱនភាព​ហើយ។ ចង់​និយាយ​ថា វិស័យ​នេះ គាត់​អត់បាន​ផលិត​អី​ត្រឹមត្រូវ​អ៊ីចឹង។ អត់ទាន់​ផលិត​ទាន់​ពេលវេលា​ដើម្បី​ផ្គត់ផ្គង់​ដល់​អ្នកបញ្ជាទិញ។ ចង់​មិន​ចង់ តិច​ឬក៏​ច្រើន​ វិស័យ​នេះ ត្រូវតែ​រង​ផលប៉ះពាល់។ បើ​កូវីដ វា​ផ្ទុះ​ទៅដល់​ខេត្តផ្សេងៗ នោះ​​វា​នឹង​កាន់តែ​ធ្ងន់ទៀតហើយ»។

 

Lockdown​_New_03_05_2021.jpg
       រដ្ឋាភិបាលកម្ពុជាបានសម្រេចពន្យារពេលវិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅខេត្តកណ្តាលមួយសប្តាហ៍ទៀត ចាប់ពីថ្ងៃទី២៩ ខែមេសា ដល់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២១។

 

នៅទូទាំង​ប្រទេសកម្ពុជា​​មាន​រោងចក្រ​សរុប​ជាង ១ពាន់​៨រយ រោងចក្រ (១.៨៦៤ រោងចក្រ) ភាគច្រើន​ជា​រោងចក្រ​កាត់ដេរ​សំលៀកបំពាក់ ស្បែកជើង និង​មាន​ឧស្សាហកម្ម​ធុនតូច មធ្យម និង​សិប្បកម្ម​ជាង ៤ម៉ឺន​មូលដ្ឋាន (៤៣.០៨២ មូលដ្ឋាន) ដែល​បាន​ស្រូប​កម្លាំង​ពលករ​សរុប​ប្រមាណ​ជាង ១លាន ​៥សែន ​នាក់។

ទិន្នន័យ​បឋម​បង្ហាញ​ថា ចាប់តាំង​ពី​មាន​ការផ្ទុះ​រាលដាល​នៃ​ជំងឺកូវីដ១៩ ចូលក្នុង​សហគមន៍​ជាលើកទី៣ នេះ យ៉ាងហោចណាស់​រោងចក្រ​ប្រមាណ ៣០០ រោងចក្រ មាន​កម្មករ​កើត​ជំងឺកូវីដ១៩។ នេះ​គេនៅ​មិនទាន់​រាប់​បញ្ចូល​ពី​ចំនួន​សហគ្រាស និង​ឧស្សាហកម្ម​ធុន​តូច មធ្យម និង​សិប្បកម្ម​នៅឡើយ។ មន្ត្រី​ក្រសួង​ការងារលោក ហេង សួរ ធ្លាប់​លើកឡើង​នៅ​មុន​ដំណាច់​ខែមេសាថា មាន​កម្មករ​ជិត ២ពាន់​នាក់​ មកពី​រោងចក្រ​សហគ្រាស​ចំនួន ២០៦ បាន​ឆ្លង​ជំងឺកូវីដ១៩ ខណៈ​កម្មករ​ជាង ១ម៉ឺន៧ពាន់​នាក់ កំពុង​ធ្វើ​ចត្តាឡីស័ក។ លោក​ទទួលស្គាល់​ថា ចំនួន​ពិតប្រាកដ​អាច​កើនឡើង​ច្រើន​ជាងនេះ។ ផលប៉ះពាល់​ជារួម​ដល់​វិស័យ​រោងចក្រ​វាយនភណ្ឌ កាត់ដេរ​សំលៀកបំពាក់ ផលិតផល​ស្បែកជើង និង​សម្ភារ​ធ្វើដំណើរ អាច​មាន​ដល់​ជិត ៧០០ រោងចក្រ (៦៩០ រោងចក្រ)។ រីឯ ក្រុមហ៊ុន​តូចធំ​នៅ​តំបន់បិទខ្ទប់​ក្រុងភ្នំពេញ និង​តាខ្មៅ​មាន​សរុប​ជាង ៧ពាន់​ ទីតាំង។ យ៉ាងហោចណាស់ បុគ្គលិក​ និង​កម្មករ​សរុប​ជិត ១លាន​២សែន​នាក់ ​កំពុង​រង​ផលប៉ះពាល់​ពី​វិធានការ​បិទខ្ទប់​ដោយសារ​ជំងឺកូវីដ១៩​នេះ។

ប្រធាន​សហភាព​ការងារ​កម្ពុជាលោក អាត ធន់ លើកឡើង​ថា ការបិទ​ខ្ទប់​នេះ កំពុង​បង្កឲ្យ​​ប៉ះពាល់​ដល់​ទំនុកចិត្ត​របស់​អ្នកបញ្ជាទិញ ទាំង​នាពេល​បច្ចុប្ប​ន្ន​ និង​នាឆ្នាំ​បន្ទាប់៖ «ក្នុង​រយៈពេល ២ សប្តាហ៍​នេះ គឺ​វាប៉ះពាល់​ទៅនឹង​ទំនុកចិត្ត​របស់​អ្នកបញ្ជាទិញ ឬក៏​ការរារែក​ក្នុងការ​ទទួល​យក​ទំនិញ​ ឬ​មិន​ទទួល។ នេះ​គឺ​ជា​រឿង​ធំណាស់​ មិនមែន​រឿង​តូចទេ។ សកម្មភាព​ដែល​ត្រូវ​ផ្អាក គឺ​ផលិតកម្ម​ អត់​អាច​ផលិត​បាន​ទេ គឺ​ត្រូវ​កកស្ទះ​តែម្តង។ វាប៉ះពាល់​ធំ​ណាស់​ ហើយ​បើសិន​ជា​បញ្ហា​នេះ​នៅតែ​បន្ត​ទៀត​ក្នុង​រយៈពេល​អាចថា​តែ​មួយខែ​ទៀត គឺ​អាច​និយាយ​ថា វា​ជារឿង​មួយ​គួរឲ្យ​បារម្ភ​មែនទែន​ ដោយសារតែ​អ្នកបញ្ជា​ទិញ​ក៏​គេលក់​អីវ៉ាន់​ ទោះបីជា​គេ Lockdown ទោះបីជា​គេ​បិទខ្ទប់​ ក៏ប៉ុន្តែ គេ​នៅ​លក់​អនឡាន លក់អី គេលក់​ទៅ​តាម​រដូវកាល។ វា​ចោទ​ជា​បញ្ហា​ទំនុកចិត្ត ហើយ​វា​ជះឥទ្ធិពល​ទៅលើ​ការកម្មង់​ទិញ​នៅ​ឆ្នាំ​បន្តបន្ទាប់​ទៀត»

ក្រៅពី​វិស័យឧស្សាហកម្ម​កាត់ដេរ វិស័យសំណង់​ឯណោះវិញ ក៏កំពុង​តែ​ទទួល​រង​នូវ​ផលប៉ះពាល់​ខ្លាំង​ក្រោយពី​មាន​វិធានការ​បិទខ្ទប់​ដោយសារតែ​ការផ្ទុះ​ជំងឺ​កូវីដ​១៩ ខ្លាំង​ចូល​ក្នុង​សហគមន៍។ ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជាលោក សុខ គីន ប្រាប់អាស៊ីសេរីនៅ​ថ្ងៃទី០២ ខែឧសភាថា ​កម្មករ​បម្រើ​ការងារ​ក្នុង​វិស័យ​សំណង់​កំពុង​ប្រឈម​នឹង​ការប៉ះពាល់​ខ្លាំងជាងគេ ដោយសារ​ពួកគាត់​ធ្វើការ​មួយថ្ងៃ​ដើម្បី​បាន​ប្រាក់ឈ្នួល​សម្រាប់​មួយ​ថ្ងៃ​ដើម្បី​ចិញ្ចឹមជីវិត ហើយ​ពួកគាត់​ភាគច្រើន​ពុំទទួលបាន​ការធានា​រ៉ាប់រង​ផ្នែក​សង្គម និង​សុខភាព​នោះទេ ដែល​ខុស​ពី​វិស័យដទៃ។ លោកថា តាមការប៉ាន់​ប្រមាណ​អាច​មាន​កម្មករ​សំណង់​ប្រមាណ ១០ម៉ឺន​នាក់​ក្នុង​ចំណោម​កម្មករ​សំណង់​ ៣០ម៉ឺន​នាក់ ​នៅទូទាំង​ប្រទេស​ កំពុង​ទទួល​រង​នូវការប៉ះពាល់​ខ្លាំង​ពី​វិធានការ​បិទខ្ទប់​នេះ៖ «តាមការ​ប៉ាន់​ប្រមាណ​ ប្រសិន​បើ​យើង​សរុប​កម្មករ​នៅ​ទូទាំង​ប្រទេស​គឺ​ជាង ៣០ម៉ឺន​នាក់​ ក៏ប៉ុន្តែ បើយើង​គិត​តែ​ក្រុង​តាខ្មៅ ហើយ​នឹង​ក្រុងភ្នំពេញ គឺ​កម្មករ​ប្រមាណ ២០ម៉ឺន​នាក់​ អី​ប៉ុណ្នឹង។ ក៏ប៉ុន្តែ ផលប៉ះពាល់​ អ្វី​ដែល​យើង​ពិនិត្យ​មើល​ ប្រៀបធៀប​ទៅនឹង​សមាជិក​គោលដៅ​ដែល​ខាង​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​យើងមាន​បានន័យ​ថា ៦០កន្លែង​ គឺ​បិទ​៤០ ទៅ​ ៤៥ កន្លែង​ហើយ។ អញ្ចឹង នៅ​ប្រហែល​ជា​ ១៥គោលដៅ​ប៉ុណ្ណឹង​ឯង។ ប្រសិនបើ​យើង​ប្រៀបធៀប​ទៅ ប្រហែល​ជា ៣០នៅ​ដំណើរការ ហើយ​ ៧០អាច​នឹង​បិទខ្ទប់​នៅក្នុង​សកម្មភាព​កម្មករ​សំណង់​នេះឯង»។

មន្ត្រី​សហជីព​វិស័យ​សំណង់​រូបនេះ បន្តថា បញ្ហា​នេះ​នឹង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​វិស័យ​សំណង់ និង​អចលនទ្រព្យ​ ព្រមទាំង​សេដ្ឋកិច្ច​ជាតិ​ទាំងមូល ប្រសិន​បើ​វិធានការ​បិទខ្ទប់​នេះ​នៅតែ​អូសបន្លាយ៖ «បើប្រសិន​បើ​នៅតែ​ស្ថានភាព​បែប​ហ្នុង ខ្ញុំ​គិតថា​ សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា វា​អាច​នឹង​ធ្លាក់ចុះ ព្រោះ​ដោយសារតែ​វិនិយោគទុន​ពី​មួយឆ្នាំ​ទៅ​មួយឆ្នាំ​នៅក្នុង​វិស័យ​សំណង់ យើង​គិត​មើលទៅ​ឡើងជាង​ ៧នៃ​កំណើន​សេដ្ឋកិច្ច​នៅ​ក្នុង​វិស័យ​សំណង់​មួយ ហើយ​នៅ​វិស័យ​អី​ផ្សេងៗ​ទៀត។ ខ្ញុំ​ប្រៀបធៀប​មួយទៀត ដោយសារ​មាន​ការធ្លាក់ចុះ​នៃ​សេដ្ឋកិច្ច​ យើង​មើល​ឡឥដ្ឋ​ទាំងប៉ុន្មាន​ដែល​យើង​មាន​នៅក្នុង​ដៃ ប្រហែល​ជា ២០ឡឥដ្ឋ​ត្រូវ​បាន​បិទខ្ទប់​ដោយ​មិន​មាន​ដំណើរការ​ទេ។ អ៊ីចឹង កាលណា​ឡឥដ្ឋ​អត់​ដំណើរការ​ សំណង់​អីផ្សេងៗ​អត់​មាន​សម្ភារៈ​ក្នុងការធ្វើ សេដ្ឋកិច្ច​វាអាច​ធ្លាក់ចុះ​ ព្រោះ​អត់​មាន​អី​ចរាចរ​ទាំងអស់»

 

Lockdown_28_04_2021.jpg
                  រដ្ឋាភិបាលកម្ពុជាបានដាក់វិធានការបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃខេត្តកណ្តាល នៅពេលជំងឺកូវីដ១៩វាយលុកខ្លាំង។

 

វិស័យ​ឧស្សាហកម្ម​កាត់ដេរ ទេសចរណ៍ និង​សំណង់ រួមចំណែក​ជាង ៧០% ដល់​កំណើន​សេដ្ឋកិច្ច​ជាតិ ឬ​ផលិតផល​សរុប​ក្នុងស្រុក GDP របស់​កម្ពុជា ដែល​កាលពី​ឆ្នាំ២០១៩ បើ​តាម​ធនាគារ​ពិភពលោក (World Bank) មាន​ទំហំ​ជិត ២៧ពាន់​លាន​ដុល្លារ (២៦,៩ ពាន់លាន​ដុល្លារ) ស្មើនឹង​ជាង ១ពាន់៦រយ​ដុល្លារ (១.៦២៣ ដុល្លារ) សម្រាប់​ពលរដ្ឋ​ម្នាក់ៗ។ ធនាគារ​ពិភពលោក​ប៉ាន់​ប្រមាណ​ថា ក្នុង​រវាង​​ពី​ចន្លោះ​ខែមិថុនា ឆ្នាំ២០២០ ដល់​ខែមករា ឆ្នាំ២០២១ មាន​ពលរដ្ឋ​យ៉ាងហោចណាស់ ១សែន៥ម៉ឺន​គ្រួសារ​(១៥០.០០០ គ្រួសារ) ស្មើនឹង​ជាង​កន្លះ​លាន​នាក់ បាន​ធ្លាក់ខ្លួន​ជា​អ្នកក្រ​ដោយសារ​តែ​វិបត្តិ​ជំងឺកូវីដ១៩។

កាលពី​ចុងឆ្នាំ២០២០ អង្គការ​កម្មវិធី​អភិវឌ្ឍន៍​សហប្រជាជាតិ UNDP ​បាន​វាយតម្លៃ​លើ​ផលប៉ះពាល់​ផ្នែកសេដ្ឋកិច្ច និង​សង្គម​ដោយសារ​វិបត្តិ​ជំងឺកូវីដ១៩ ​ថា អត្រា​ពលរដ្ឋ​កម្ពុជា​រស់នៅ​ក្រោម​បន្ទាត់​ភាព​ក្រីក្រ ឬ​ចំណាយ​តិច​ជាង ២​ដុល្លារ​ក្នុង​មួយថ្ងៃ អាច​នឹង​កើនឡើង​រហូតដល់​ជាង ១៧% ឬ​ស្មើនឹង​ពលរដ្ឋ​ប្រមាណ​ជិត ៣លាន​នាក់។ ក្រៅពី​ការសិក្សា​នេះ ធនាគារ​អភិវឌ្ឍន៍​អាស៊ី ADB ថ្មីៗ​នេះ ក៏​បាន​ព្រមាន​ពី​ហានិភ័យ​ដល់​វិស័យ​មួយ​ចំនួន​ដោយសារ​ការបន្ត​អូសបន្លាយ​នៃ​វិបត្តិ​ជំងឺកូវីដ១៩ ជាពិសេស​​ការគំរាមកំហែង​ដល់​ស្ថិរភាព​នៃ​វិស័យ​ហិរញ្ញវត្ថុ​ដោយសារ​ការកើន​ឡើង​នៃ​កម្ចី​មិន​ដំណើរការ និង​កម្ចី​ដែល​ពលរដ្ឋ​មិនអាច​សងវិញ​បាន ការកើនឡើង​នូវ​អតិផរណា ឬថ្លៃ​ទំនិញ និង​សេវាកម្ម​សព្វសារពើ ព្រមទាំង​បាន​ព្យាករណ៍​ថា រដ្ឋអាច​នឹង​ឈាន​ទៅខ្ចីបុល​បរទេស​កាន់តែ​ច្រើន​ថែមទៀត​ដើម្បី​យក​មក​ទប់ទល់​នឹង​សភាពការណ៍​ដុនដាប​នេះ៕

ប្រភព៖ វិទ្យុអាស៊ីសេរី

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...