ពលករ​ខ្មែរ​បន្ត​ទ្រាំ​រស់​នៅ​ប្រទេស​ថៃ ក្រោយ​មិន​អាច​វិល​មក​ស្រុក​កំណើត​

31
កក្កដា

ពលករ​ខ្មែរ​បន្ត​ទ្រាំ​រស់​នៅ​ប្រទេស​ថៃ ក្រោយ​មិន​អាច​វិល​មក​ស្រុក​កំណើត​

ប្រភព៖ VOD

ពលករខ្មែរមួយចំនួនបន្តទ្រាំរស់នៅក្នុងប្រទេសថៃ បន្ទាប់ពីពួកគេបាត់បង់ការងារ ហើយមិនអាចវិលត្រឡប់មកស្រុកកំណើតវិញ ដោ​យសារវិធានការបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់ព្រំដែនរបស់រដ្ឋាភិបាល និងការបារម្ភខ្លាចនាំយកមេរោគកូវីដ-១៩ទៅច​ម្លងក្នុងសហគមន៍។

កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២១ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចបិទខ្ទប់ការធ្វើដំណើរឆ្លងព្រំដែនគោកជា​មួ​​យ​​​​ប្រទេសថៃ និងខេត្តចំនួន៨ រយៈពេល២សប្តាហ៍ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ដើម្បីទប់ស្កាត់ការនាំមេរោ​គកូវីដ-១៩ប្រភេទ “ដែលតា” ចូលសហគមន៍តាមរយៈពលករខ្មែរដែលត្រឡប់ពីប្រទេសថៃ។

ពលករសំណង់នៅខេត្តណាខនប៉ាធំ អ្នកស្រី ហេង ស្រីណុប លើកឡើងថា អ្នកស្រីនិងស្វាមីបាត់បង់ការងារអស់រយៈជិត៤ខែ ដោយសារវិធានការបិទខ្ទប់របស់អាជ្ញាធរថៃ ដើម្បីទប់ស្កាត់ការរីករាលដាលនៃ​​​ជំងឺកូវីដ-១៩ ហើយក៏មិនទទួលបានប្រាក់ឧ​បត្ថម្ភ​ពីថៅកែឬរដ្ឋាភិបាល​ថៃទេ ដោយសារពួកគាត់​មិនមាន​បណ្ណធានារ៉ាប់រងសង្គម។

ស្រ្តីវ័យ២៦ឆ្នាំដែលបានធ្វើចំណាកស្រុកអស់រយៈពេល៣ឆ្នាំរូបនេះ និយាយថា ពួកគាត់​ចង់ត្រឡប់ទៅស្រុកកំណើតក្នុងខេត្តបន្ទា​​យមានជ័យ ដើម្បី​ជួបជុំក្រុមគ្រួសារវិញ​ ប៉ុន្តែ​ដោយ​សារវិធាន​ការ​បិទ​ខ្ទប់ គ្មានប្រាក់​សោហ៊ុយធ្វើដំណើរ និងខ្លាចនាំមេរោគទៅចម្លងនៅភូមិស្រុក អ្នកស្រីត្រូវតែបន្តទ្រាំរស់នៅទីនោះទៀត។

ប្រភពដដែលបន្តថា ពួកគាត់ចាំបាច់ត្រូវដើរស្វែងរកត្រីនិងខ្ចៅខ្យងទៅលក់បានលុយបន្តិចបន្តួចដើម្បីទិញអាហារបរិភោគប្រ​ចាំ​​​ថ្ងៃ​។

អ្នកស្រីថា អ្នកស្រីគាំទ្រវិធានការបិទខ្ទប់ព្រំដែនរបស់រដ្ឋាភិបាលកម្ពុជា ប៉ុន្តែរដ្ឋាភិបាលគួរជួយដោះស្រាយបញ្ហាលំបាកកំពុងប្រឈមរប​ស់​ពួកគាត់។

អ្នកស្រីបន្ថែមថា៖ «សំណូមពរតែស្បៀងអាហារ ប្រាក់កាសតិចតួ​ចសម្រាប់ទិញម្ហូប​ហូបទៅមុខទៀត ព្រោះអីវាមិនដឹង​ថា​ពេល​ណា​បានការងារធ្វើ ពេលណាបានគេបើកឱ្យយើងធ្វើដូចមុនទៀត ដោយសារពេលនេះ​ កំពុងតែយ៉ាប់​ពេ​ញធឹង​ហើយ និយា​​​យ​មិនរួចទេ»។

ពលករខ្មែរមួយរូបធ្វើការនៅរោងចក្រកែច្នៃឈើក្នុងក្រុងបាងកក​ លោក កៅ យឺត លើកឡើងថា ការបិទព្រំដែនមិនឱ្យពលករខ្មែរត្រ​ឡប់ចូលស្រុកវិញ ធ្វើឱ្យរូបគាត់មិនមានជម្រើសផ្សេងក្រៅពីត្រូវបន្តធ្វើការទាំងប្រឈម​នឹងជំងឺកូវីដ-១៩ ដើម្បីរកប្រា​ក់ផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ។

លោក​ថា លោកមិនបានធ្វើការជាប់លាប់និងទទួលបានប្រាក់ខែពេញលេញនោះទេ ចាប់​ពីផ្ទុះការឆ្លងរាតត្បាតនៃជំងឺកូវីដ-១៩។ ប្រភពដដែល​បន្ថែមថា ពេលណារកឃើញអ្នកឆ្លង ខាងរោងចក្រយកអ្នកទាំងនោះទៅព្យាបាល និងអ្នកពាក់ព័ន្ធទៅ​ពិនិ​ត្យសំណាក ហើ​យបើមិនឃើញ ​ពួកគេត្រូវត្រឡប់មកធ្វើការវិញធម្មតា។

លោក កៅ យឺត និយាយថា៖ «ឥលូវបិទអ៊ីចឹងទៀត បិទទាំងខ្មែរ បិទទាំងថៃទៀត អ៊ីចឹងពួកគាត់ទៅផ្ទះវិញ ក៏ទៅអត់រួចអីអ៊ីចឹងទៀត អ៊ីចឹងវាប៉ះពាល់ច្រើន។ នៅថៃឥលូវវាអត់មានការងារធ្វើទេ វាកូវីដផងអីផង ជួនកាលរកតែរស់មិន​ចង់កើត​ផង អ៊ីចឹងក៏សម្រេចចិត្តខ្លះចុះ ខ្លះផ្ញើលុយពីផ្ទះមកចុះអ៊ីចឹងទៅ»

ពលករខ្មែរមួយរូបធ្វើការផ្នែកវេចខ្ចប់នៅរោងចក្រមួយកន្លែងក្នុងក្រុងបាងកក លោក ចាន់ សំអាត​ លើកឡើងថា រដ្ឋាភិបាលគួរតែមានវិធានការល្អជាជាងការបិទខ្ទប់ព្រំដែន ព្រោះពលករខ្មែរនៅថៃ​ខ្លះដែលនៅកន្លែងផ្ទុះ​ជំងឺ​កូវីដ-១៩​ខ្លាំង ពួកគាត់​មិន​អាច​ធ្វើការ​បាន​ទេ ហើយ​ស្ទើរ​តែគ្មាន​ប្រាក់ស​ម្រាប់​ទិញ​ម្ហូប​អាហារ ទើប​សម្រេច​ចិត្តឱ្យ​​ពួកគាត់ខ្លះត្រូវត្រឡប់ទៅស្រុកខ្មែរវិញ។

លោកបន្ថែមថា លោកក៏ចង់ត្រឡប់ទៅស្រុកកំណើតវិញដែរ បើទោះជានៅ​អាចមានការងារធ្វើខ្លះ ប៉ុន្តែ​លោកបារម្ភខ្លាចឆ្លងជំងឺនៅថ្ងៃណាមួយដែលអាចធ្វើឱ្យលោកគ្មានលទ្ធភាពព្យាបាល ខណៈ​ករណីឆ្លងកាន់តែកើនឡើងនិងកាន់តែធ្ងន់ធ្ងរ។

លោកបន្ថែមថា៖ «ប្រសិនជាអាចទៅរួច ចង់បានឱ្យ​​ស្ថានទូតខ្មែរយើងគាត់ចែករំលែក​ថវិកា​មកជួយដល់​ប្រជាពលរដ្ឋ​ខ្មែរ​ កុំឱ្យ​​គាត់ទៅវិញ ទៅមក! តែយើង​ចុះ​ទៅ យើង​អត់ដឹងទេថា​យើងមានរោគទៅជាមួយទេ ប្រសិនបើគាត់នៅក្នុងហ្នឹង[ប្រទេសថៃ] ហើយមានវ៉ាក់សាំងចាក់ជូនឱ្យ​គាត់ អាហ្នឹងក៏ជាការល្អដែរ»។

មន្រ្តីគម្រោងនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (សង់ត្រាល់) ប្រចាំ​ប្រទេស​ថៃ លោក លឹង សុផុន លើកឡើ​​ងថា រដ្ឋាភិបាលកម្ពុជាគួរតែបន្តអនុញ្ញាត​ឱ្យពលករខ្មែរ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដើម្បីឱ្យពួកគេបានជួបជុំគ្រួសារនិងទ​ទួល​បាន​ការព្យាបាល​នៅក្នុងប្រទេសវិញ។

លោកបន្ថែមថា ស្ថានភាពឆ្លងរាលដាលជំងឺកូវីដ-១៩កំពុងបន្តកើនឡើងជាខ្លាំង ហើយពលករខ្មែរកាន់តែច្រើនឆ្លងជំងឺនេះ ខណៈគ្រែអ្នកជំងឺនៅ​មន្ទីរពេទ្យ​តាមបណ្តាខេត្ត-ក្រុង​នានាកំពុងពាសពេញដោយអ្នកជំងឺកូវីដ-១៩។ លោកថា ពលករដែលត្រឡប់ទៅកម្ពុជាវិញ គឺ​ពួកគេសុទ្ធ​តែគ្មានជម្រើស។

លោក លឹង សុផុន និយាយថា៖ «ខាងខ្មែរហ្នឹងគួរតែជំរុញទទួលយកពលករខ្មែរ ដើម្បីឱ្យពួកគាត់បានសម្រាកព្យាបាលនៅខា​ងស្រុកខ្មែរវិញ ហ្នឹងកាន់តែល្អ! ប្រសិនបើបិទវិញ អាហ្នឹងជាបញ្ហាប្រឈមរបស់បងប្អូន។ អ្នកដែលមិនទាន់ជួបប្រទះ យើងមិ​នដឹងថាទុក្ខលំបាកប៉ុនណាទេ ប៉ុន្តែអ្នកដែលជួបប្រទះ ខ្ញុំគិតថា ពួកគាត់ហ្នឹងព្រួយបារម្ភកាន់តែខ្លាំង កាន់តែវេទនាឡើងៗអ៊ីចឹង»

ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈកម្ពុជា បានចេញសេចក្តីជូនដំណឹងដល់ពលករខ្មែរដែលកំពុងស្នាក់នៅនិងធ្វើការនៅប្រទេសថៃ ផ្អាកការធ្វើដំណើរត្រឡប់មកកម្ពុជាវិញ រហូតដល់វិធានការបិទខ្ទប់ការធ្វើដំណើរឆ្លងកាត់ព្រំដែនត្រូវបានបញ្ចប់។

ក្នុងលិខិតដែលចុះនៅថ្ងៃទី៣០ ខែកក្កដាដដែល ក៏បានស្នើឱ្យពលករណាដែលមានប​ញ្ហាលំបាក​ផ្នែក​ជីវភាព​ខ្លាំងនិង​​ស​ង្ស័យ​ឆ្លងជំងឺកូវីដ-១៩ អាចទាក់ទងសុំជំនួយពីក្រុមការងារស្ម័គ្រ​ចិត្តនិង​ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃតាមលេខទូរសព្ទផងដែរ៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...