ពលករ​ខ្មែរដែល​ឆ្លង​ជំងឺ​កូវីដ១៩ ​នៅ​​ថៃ​មួយ​ចំនួន ទិញ​ថ្នាំ​ពេទ្យ និង​ព្យាបាល​ខ្លួន​ឯង​តាម​បែប​បុរាណ

11
សីហា

ពលករ​ខ្មែរដែល​ឆ្លង​ជំងឺ​កូវីដ១៩ ​នៅ​​ថៃ​មួយ​ចំនួន ទិញ​ថ្នាំ​ពេទ្យ និង​ព្យាបាល​ខ្លួន​ឯង​តាម​បែប​បុរាណ

ប្រភព៖ RFA

ពលករ​ខ្មែរ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩ កម្រិត​ស្រាល បាន​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​តាម​គ្នា អ្នក​ខ្លះ​ទិញ​តាម​អនឡាញ (Online) ហើយ​ខ្លះ​ទៀត​ដាំ​ទឹក​ផឹក​ជាមួយ​មើម​ខ្ញី រំដេង ស្លឹក​ក្រូច​សើច ដើម្បី​ព្យាបាល​ជំងឺ​កូវីដ១៩។ អ្នក​ជំនាញ​ផ្នែក​វេជ្ជសាស្ត្រ​បារម្ភ​ថា ការ​ប្រើ​ថ្នាំ​គ្មាន​ការ​ណែនាំ​ពី​វេជ្ជបណ្ឌិត​ច្បាស់លាស់ អាច​មាន​ផល​វិបាក​ដល់​សុខភាព​នៅ​ពេល​ក្រោយ។

ពលករខ្មែរធ្វើការនៅប្រទេសថៃឆ្លងជំងឺកូវីដ១៩ដែលបានទិញថ្នាំព្យាបាលជំងឺតាមគ្នា ឬ​មិន​មាន​ការ​ណែនាំ​ច្បាស់លាស់​ពី​ពេទ្យ​ជំនាញ​ត្អូញត្អែរ​ថា ពេល​នេះ ឈឺ​ក្រពះ និង​ចំណាយ​ថវិកា​អស់​ច្រើន​ក្នុង​ការ​ទិញ​ថ្នាំ​នេះ។ ពួក​គេ​ថា ថ្នាំ​ខ្លះ​មាន​ប្រសិទ្ធភាព ប៉ុន្តែ​ថ្នាំ​ខ្លះ​ទៀត​ក៏​មិន​ទទួល​បាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​នោះ​ទេ។

ពលករ​ធ្វើការ​នៅ​ខេត្ត​ឈុនបុរី (Chonburi) លោកស្រី ង៉ាន ស្រឿង ដែល​កំពុង​ព្យាបាល​ជំងឺ​កូវីដ​ដោយ​ខ្លួន​ឯង​នៅ​កន្លែង​ស្នាក់​នៅ ឲ្យ​វិទ្យុ​អាស៊ី​សេរី​ដឹង​ថា មុន​ដំបូង​លោក​ស្រី​លេប​ថ្នាំ​ប៉ារា ប៉ុន្តែ​នៅ​រយៈ​ចុង​ក្រោយ​ឮ​គេ​ថា ថ្នាំ​របស់​ចិន​ល្អ​លោក​ស្រី ក៏​ប្ដូរ​មក​ផឹក​ថ្នាំ​នេះ​វិញ។ លោក​ស្រី​រៀបរាប់​ទៀត​ថា នៅ​ពេល​លោកស្រី​ឆ្លង​ជំងឺ​កាច​សាហាវ​មួយ​នេះ ពេល​ឮ​គេ​ថា ថ្នាំ​ណា​ពូកែ​ក៏​ទៅ​ទិញ​ថ្នាំ​នោះ​លេប។ លោក​ស្រី​បន្ត​ថា លោក​ស្រី​បាន​ទៅ​មន្ទីរពេទ្យ​ដែរ ប៉ុន្តែ​គ្រូពេទ្យ​មិន​ទទួល​ព្យាបាល​លោក​ស្រី​ឡើយ​ដោយ​ប្រាប់​ថា គេ​ទុក​កន្លែង​ព្យាបាល​អ្នក​ជំងឺ​កូវីដ​កម្រិត​ធ្ងន់​ប៉ុណ្ណោះ។ លោកស្រី ង៉ាន ស្រឿន ឲ្យ​ដឹង​ទៀត​ថា នៅ​ពេល​លោក​ស្រី​លេប​ថ្នាំ​ច្រើន​មុខ​បែប​នេះ ឥឡូវ​លោកស្រី​ឈឺ​ក្រពះ​ថែម​មុខ​ទៀត ខណៈ​ជំងឺ​កូវីដ​មិន​ទាន់​ជា​សះ​ស្បើយ​នៅ​ឡើយ៖ «

លោកស្រី ង៉ាន ស្រឿន បន្តថា ក្រៅ​ពី​ប្រឹង​លេប​ថ្នាំ​ពេទ្យ លោក​ស្រី​ក៏​ប្រឹង​ដាំ​ទឹក​ក្ដៅ ដាក់​ស្លឹក​គ្រៃ មើម​ខ្ញី មើម​រំដឹង និង​ស្លឹក​ក្រូច​សើច​ផឹក។

ស្រដៀង​គ្នា​នេះ ពលករ​ម្នាក់​ទៀត លោក អោ សម្បត្តិ និយាយ​ថា ដើម្បី​ព្យាបាល​ជំងឺ​កូវីដ លោក​បាន​ព្យាយាម​លេប​ថ្នាំ​ទៅ​តាម​អាការៈ​ជំងឺ​របស់​លោក។ លោក​បន្ត​ថា ពេល​លោក​ក្អក​ខ្លាំង​លោក​ផឹក​ថ្នាំ​ក្អក ពេល​ឈឺ​ក្បាល​ខ្លាំង​លោក​លេប​ថ្នាំ​ប៉ារ៉ាសេតាម៉ុល (Paracetamol) ពេល​លោក​ឈឺ​បំពង់​ក​លោក​បាញ់​ថ្នាំ​សម្អាត​បំពង់​ក។ លោក​បន្ត​ថា ក្រៅ​ពី​នេះ លោក​ដាំ​ទឹក​លាយ​ដាក់​ស្លឹក​គ្រៃ មើម​ខ្ញី មើម​រំដេង និង​ស្លឹក​ក្រូច​សើច​ផឹក និង​យក​មក​ឆ្ពង់​ផង​ដែរ។ លោក អោ សម្បត្តិ ប្រាប់​ទៀត​ថា មូលហេតុ​ដែល​លោក​ប្រឹង​លេប​ថ្នាំ​តាម​អាការៈ​បែប​នេះ ព្រោះ​លោក​មិន​ដឹង​ថា ត្រូវ​ធ្វើ​ព្យាបាល​ជំងឺ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​របៀប​ណា៖

ខណៈ​ពលករ​ប្រើប្រាស់ថ្នាំព្យាបាលជំងឺកូវីដ១៩គ្មានការណែនាំត្រឹមត្រូវបែបនេះ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម​មួយ​ចំនួន ដែល​ជា​ពលករ និង​អ្នក​រក​ស៊ី​តាម​អនឡាញ​មួយ​ចំនួន ក៏​បង្ហោះ​លក់​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ១៩ នេះ តាម​ហ្វេសប៊ុក​យ៉ាង​ព្រោងព្រាត។ អ្នក​ទាំង​នោះ​អះអាង​ថា ថ្នាំ​របស់​ពួក​គេ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ១៩។ លោកស្រី ង៉ាន ស្រឿន ប្រាប់​ថា លោកស្រី​បាន​ទិញ​ថ្នាំ​តាម​បណ្ដាញ​សង្គម​នោះ​ក្នុង​បន្ទះ​មាន​ដែល​មាន​ជាង ១០គ្រាប់​តម្លៃ​ជិត ៣០០បាត ឬ​ប្រមាណ ១០ដុល្លារ។

ប្រទេស​ថៃ​ពេល​នេះ​កំពុង​ផ្ទុះ​រីក​រាលដាល​ជំងឺ​កូវីដ​ខ្លាំង ដោយ​មាន​មនុស្ស​ប្រមាណ​ពីរ​ម៉ឺន​នាក់​បាន​ឆ្លង​ជំងឺ​នេះ និង​មាន​មនុស្ស​ស្លាប់​ប្រមាណ​ពីរ​រយ​នាក់​ក្នុង​មួយ​ថ្ងៃៗ។ ចំណែក ពលករ​ខ្មែរ គិត​ត្រឹម​ដើម​ខែសីហា ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ មាន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ជិត ១៥.០០០ (មួយ​ម៉ឺន​ប្រាំ​ពាន់ ១៤,១៩៤) បាន ឆ្លងជំងឺកូវីដ១៩។ ក្រសួង​សុខាភិបាល​ថៃ បាន​ប្រកាស​ពី​ភាព​អាសន្ន នៃ​បញ្ហា​កង្វះ​គ្រែ​សម្រាប់​អ្នក​ជំងឺ​នៅ​តាម​មន្ទីរពេទ្យ​នានា និង​កន្លែង​សម្រាប់​ធ្វើ​ចក្តាឡីស័ក​ក្នុង​ទីក្រុង​បាងកក ខណៈ​ចំនួន​អ្នក​ជំងឺ​កូវីដ​កើន​ឡើង​យ៉ាង​គំហុក។

មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ នៃ​មជ្ឈមណ្ឌល​សម្ពន្ធភាព​ការងារ និង​សិទ្ធិមនុស្ស ហៅ​កាត់​អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន ដែល​ពេល​លោក​កំពុង​ឆ្លង​ជំងឺ​កូវីដ​ដែរ​នោះ ប្រាប់​ថា លោក​ព្យាយាម​ទៅ​តម្រង់​ជួរ​ចាំ​ព្យាបាល​ជំងឺ​តាំង​ពី​ពាក់​កណ្ដាល​យប់​តែ​គ្រូពេទ្យ​ថៃ​មិន​បាន​ព្យាបាល​ឲ្យ​លោក​ទេ ព្រោះ​ពេទ្យ​ថា លោក​គ្មាន​ប័ណ្ណ​ធានា​រ៉ាប់រង​សង្គម (សុខភាព) ឬ​នៅ​ស្រុក​ខ្មែរ​ហៅ​ថា ប័ណ្ណ ប..(បេឡា​ជាតិ​របប​សន្តិសុខ​សង្គម)។ លោក​ថា ពេល​នេះ​លោក​ក៏​មិន​ខុស​ពី​ពលករ​ផ្សេង​ទៀត​ដែរ គឺ​លោក​បាន​ប្រើ​ថ្នាំ ដែល​ប្រជាជន​ថៃ​និយម​ប្រើ​ដែល​ផ្សំ​ចេញ​ពី​ស្មៅ​ប្រម៉ាត់​មនុស្ស និង​ថ្នាំ​គ្រាប់ ដែល​មាន​អក្សរ​ចិន។

មន្ត្រី​សង្គម​ស៊ីវិល​រូប​នេះ សង្កេត​ឃើញ​ថា ពលករ​ភាគ​ច្រើន​ទិញ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​តាម​គ្នា​ដោយ​គ្មាន​ការ​ណែនាំ​ផ្លូវការ​ស្ថាប័ន​មាន​សមត្ថកិច្ច ឬ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ​នោះ​ទេ៖

ជុំវិញ​បញ្ហា​នេះ វិទ្យុ​អាស៊ី​សេរី​ព្យាយាម​ហៅ​ទៅ​ទូរស័ព្ទ​ទៅ​មន្ត្រី​ស្ថានទូត​ខ្មែរ​ទទួល​បន្ទុក​ផ្នែក​ពលករ គឹម ចំរើន អ្នក​នាំ​ពាក្យ​ក្រសួង​ការងារ លោក ហេង ហេង សួរ អ្នក​នាំ​ពាក្យ​ក្រសួង​ការ​បរទេស លោក កុយ គួង នៅ​ថ្ងៃ​ទី១០ ខែសីហា ប៉ុន្តែ ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល។

កាល​ពី​ថ្ងៃ​ទី៣០ ខែ​កក្កដា ក្រសួង​ការងារ​ប្រាប់​ទៅ​ពលករ​ដែល​កំពុង​ធ្វើ​ការ និង​ស្នាក់​នៅ​ប្រទេស​ថៃ អាច​ទូរស័ព្ទ​សុំ​ជំនួយ ឬ​ប្រឹក្សា​ពី​ការ​ប្រើប្រាស់​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​ពី​ក្រុម​ការងារ​ស្ថានទូត។ ទោះ​បែប​នេះ​ក្ដី លេខ​ទូរស័ព្ទ​ដែល​ក្រសួង​ការងារ​ដាក់​បង្ហាញ​នោះ អ្នក​រាយការណ៍​ព័ត៌មាន​វិទ្យុ​អាស៊ី​សេរី​ព្យាយាម​ហៅ​ទៅ ប៉ុន្តែ​ពេល​ហៅ​ចូល​គ្មាន​អ្នក​ទទួល​នោះ​ទេ។

ជុំវិញ​ការ​ប្រើ​ថ្នាំ​ព្យាបាល​ជំងឺ​កូវីដ​របស់​ពលករ​ខ្មែរ​នៅ​ប្រទេស​ថៃ​នេះ លោក​ឱសថការី លឹម សួរ ដែល​កំពុង​រស់​នៅ​ប្រទេស​អូស្ត្រាលី សង្កេត​ឃើញ​ថា ថ្នាំ​ដែល​ក្រុម​ពលករ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​កូវីដ​ជា​ប្រភេទ​ថ្នាំ​ដែល​មិន​មាន​ការ​ទទួល​ស្គាល់​ពី​អង្គការ​សុខភាព​ពិភពលោក​នោះ​ទេ។ លោក​ព្រួយ​បារម្ភ​ថា ការ​ប្រើប្រាស់​ថ្នាំ​មិន​បាន​ត្រឹមត្រូវ​បែប​នេះ អាច​ធ្វើ​ឲ្យ​ពលករ​ជួប​គ្រោះថ្នាក់ និង​បង្ក​ឲ្យ​មាន​បញ្ហា​សុខភាព​នៅ​ពេល​ក្រោយ​ដូច​ជា​ប៉ះពាល់ ខូច​ថ្លើម ក្រលៀន បេះដូង ជា​ដើម៖

លោក​ឱសថការី លឹម សួរ យល់​ថា ប្រសិន​ពលករ​ពិបាក​ក្នុង​ការ​ស្វែង​យល់​ពី​ប្រភេទ​ថ្នាំ ឬ​ការ​ព្យាបាល​ជំងឺ​កូវីដ១៩ ពលករ​គួរ​យល់​ដឹង​ពី​របៀប​ការពារ​ខ្លួន​វិញ ដើម្បី​បង្ការ ដោយ​រក្សា​គម្លាត ពិសា​អាហារ​បែប​ធម្មជាតិ បន្លែ  ផ្លែឈើ ត្រី ស៊ុត និង​ជៀស​ពិសា​ជៀសវាង​គ្រឿង​ផ្អឹប គ្រឿង​កំប៉ុង ឬ​គ្រឿង​ស្រវឹង និង​បារី​ជា​ដើម។

ដោយ​ឡែក​ចំពោះ​ការ​ព្យាបាល​បែប​បូរាណ ដោយ​ការ​ដាំ​ទឹក​ក្ដៅ ដាក់​ស្លឹក​គ្រៃ មើម​ខ្ញី មើម​រំដេង និង​ស្លឹក​ក្រូច​សើច​ផឹក​នោះ លោក​យល់​ថា ជា​ការ​ល្អ។ លោក​បន្ថែម​ថា តាម​ការ​ស្រាវជ្រាវ ការ​ពិសា​មើម​ខ្ញី ជា​ពិសេស មើម​ខ្ញី​ស្រស់ អាច​ជួយ​ទ្រទ្រង់​ប្រព័ន្ធ​ការពារ​រាងកាយ​ក្នុង​ការ​ទប់​ស្កាត់​ជំងឺ​កូវីដ១៩។

មន្ត្រី​សង្គម​ស៊ីវិល​ឃ្លាំមើល​សិទ្ធិ​ពលករ​លោក លឹង សុផុន ស្នើ​ទៅ​រដ្ឋាភិបាល​កម្ពុជា ឬ​ស្ថានទូត​ខ្មែរ​ប្រចាំ​ប្រទេស​ថៃ គួរ​មាន​ការ​ផ្សព្វផ្សាយ ឬ​ណែនាំ​ពលករ​ឲ្យ​បាន​ទូលំទូលាយ​ពី​ការ​ប្រើប្រាស់​ថ្នាំ និង​ប្រភេទ​ថ្នាំ ដែល​ត្រឹមត្រូវ​ក្នុង​ការ​ព្យាបាល​ជំងឺ​កូវីដ១៩៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...