សាច់ញាតិ​ពលករ​ដែល​ឆ្លង​កូវីដ​ស្លាប់​នៅ​ថៃ​ស្នើ​មន្ត្រី​ស្ថានទូត​ខ្មែរ​ជួយ​អន្តរាគមន៍​បញ្ជូន​ធាតុ​ប្អូន​ត្រឡប់​ទៅ​កម្ពុជា

16
សីហា

សាច់ញាតិ​ពលករ​ដែល​ឆ្លង​កូវីដ​ស្លាប់​នៅ​ថៃ​ស្នើ​មន្ត្រី​ស្ថានទូត​ខ្មែរ​ជួយ​អន្តរាគមន៍​បញ្ជូន​ធាតុ​ប្អូន​ត្រឡប់​ទៅ​កម្ពុជា

ប្រភព៖ RFA

សាច់ញាតិ​ពលករ ២នាក់ ដែល​ឆ្លង​ជំងឺ​កូវីដ១៩ ស្លាប់​នៅ​ប្រទេស​ថៃ ​ស្នើ​សុំ​ឱ្យ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ទី​ក្រុង​បាងកក​ជួយ​អន្តរាគមន៍​​ទៅ​រដ្ឋាភិបាល​ថៃ​ ដើម្បី​យក​ធាតុ​ជនរងគ្រោះ​ត្រឡប់​ទៅ​កម្ពុជា​វិញ។ ការ​ស្នើ​សុំ​នេះ ដោយសារ​តែ​សព​ពលករ​ខ្មែរ​ទាំង​ពីរ​នាក់​បាន​ស្លាប់​ចំនួន ២ថ្ងៃ​មក​ហើយ គ្រួសារ​ពុំ​ទាន់​ទទួល​ធាតុ​យក​ទៅ​ធ្វើ​បុណ្យ​នៅ​ឡើយ​ទេ។

សាច់ញាតិ​សព​ពលករ​ខ្មែរ​ដែល​ស្លាប់​នៅ​ខេត្ត​ឈុនបុរី (Chunbori) ប្រទេស​ថៃ កំពុង​ទន្ទឹង​រង់ចាំ​ធាតុ​ប្អូន​ប្រុស ដើម្បី​យក​ទៅ​ធ្វើ​បុណ្យ​នៅ​កម្ពុជា​វិញ។

បង​ថ្លៃ​ជនរងគ្រោះ លោក វាត ដេវីត ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី១៦ សីហា​ថា ប្អូន​ប្រុស​របស់​លោក​ឈ្មោះ ហុក សួន អាយុ ៣៩ឆ្នាំ​បាន​ស្លាប់ នៅ​ថ្ងៃ​ទី១៤ សីហា ក្រោយ​ពេល​កើត​ជំងឺ​កូវីដ១៩ រយៈ​ពេល ៧ថ្ងៃ​ប៉ុណ្ណោះ។ ពលករ​វ័យ ៤២ឆ្នាំ​រូប​នេះ​ បន្ត​ថា សព​ប្អូន​ប្រុស​របស់​លោក​ត្រូវ​បាន​អាជ្ញាធរ​ថៃ​បូជា​រួច​ហើយ ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ មិន​ទាន់​ប្រគល់​ធាតុ​ជនរងគ្រោះ​មក​ឱ្យ​ក្រុម​គ្រួសារ​នៅ​ឡើយ​ទេ៖ «បើ​គេ​មើល​ល្អិត​ល្អន់​ដូច​នៅ​ខ្មែរ​មិន​ស្លាប់​ទេ ព្រោះ​គាត់​មិន​បាន​ធ្ងន់ធ្ងរ​ទេ។ សាច់​ញាតិ​ដឹង​អស់​ហើយ រឿង​គាត់​បាត់បង់​ជីវិត​ តែ​មិន​ទាន់​ដឹង​ច្បាស់​រឿង​គេ​យក​ទៅ​បូជា​ហើយ មិន​ទាន់​ដឹង​ធាតុ​ទុក​នៅ​កន្លែង​ណា​។​ខ្ញុំ​ចង់​ឱ្យ​ស្ថានទូត​ខ្មែរ​ជួយ​ទាក់​ទង ព្រោះ​ខ្ញុំ​មិន​ដឹង​ថា​​​ទៅ​រក​ធាតុ​នៅ​ណា បើ​សព្វ​ថ្ងៃ​ស្ថានភាព​អីចឹង គឺ​ទៅ​ធ្វើ​អី​ក៏​មិន​បាន​ដែរ»

ពលករ​ខ្មែរ ២នាក់​ធ្វើការ​នៅ​រោងចក្រ​សាច់​មាន់ ឈ្មោះ ជី.អេហ្វ.អិន (GFN) ក្នុង​ខេត្ត​ឈុនបូរី (Chunburi) ប្រទេស​ថៃ បាន​ស្លាប់​ដោយសារ​ជំងឺកូវីដ១៩ កាល​ពី​ថ្ងៃ​ទី១៤ ខែ​សីហា ក្រោយ​ពេល​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់ ៧ថ្ងៃ។

ពលករ​ដែល​ស្លាប់​នោះ​ម្នាក់​ទៀត​មាន ឈ្មោះ ឈន ជីវ៉ា ពួក​គេ​ទាំង​ពីរ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ។ បច្ចុប្បន្ន​នៅ​ក្នុង​រោងចក្រ​មួយ​នេះ​មាន​ពលករ​ខ្មែរ​ជិត ១ពាន់​នាក់​ទៀត​កំពុង​កើត​ជំងឺ​កូវីដ១៩ ក្នុង​នោះ​ពលករ​មួយ​ចំនួន ត្រូវ​បាន​ថៅកែ​ថៃ​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទីរពេទ្យ​ក្នុង​ខេត្ត​ឈុនបុរី (Chunbori) និង​ពលករ​ជា​ច្រើន​ទៀត​កំពុង​សម្រាក​ព្យាបាល ដោយ​ខ្លួនឯង​នៅ​ក្នុង​រោងចក្រ។

អាស៊ី​សេរី​មិន​ទាក់​ទង​​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ និង​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ ដើម្បី​សុំ​អត្ថាធិប្បាយ​ជុំ​វិញ​​ពី​ការ​ស្នើ​សុំ​របស់​ពលករ​នេះ​បាន​ទេ​នៅ​ថ្ងៃ​ទី១៦ សីហា។

ទោះ​ជា​យ៉ាង​ណា​ មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក លឹង សុផុន ប្រាប់​វិទ្យុ​អាស៊ី​សេរី​ថា កន្លង​មក​សព​ពលករ ដែល​ស្លាប់​ដោយ​សារ​ជំងឺ​កូវីដ១៩ គឺ​អាជ្ញាធរ​ថៃ​បាន​បូជា​នៅ​ក្នុង​ប្រទេស​ថៃ​ទាំង​អស់។ ក្រោយ​ពេល​បូជា​ហើយ​ អាជ្ញាធរ​ថៃ​នឹង​ស្វែង​រក​សាច់ញាតិ ដើម្បី​ប្រគល់​ធាតុ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ។ លោក​យល់​ថា ក្នុង​ស្ថានភាព​បែប​នេះ​ សាច់ញាតិ​មិន​អាច​ស្វែង​រក​ធាតុ​ជនរងគ្រោះ​បាន​ទេ ប្រសិន​បើ​មន្ត្រី​ស្ថានទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​ថៃ​មិន​​​អន្តរាគមន៍​​​ទៅ​ភាគី​ថៃ​ជួយ​ដល់​ពួកគាត់​នោះ​ទេ៖ «បើ​សិន​ជា​យើង​អត់​មាន​ឯកសារ​អត់​មាន​បងប្អូន​ណា​ជួយ​បញ្ជាក់​ឈ្មោះ​ច្បាស់​លាស់​ទេ គឺ​គេ​អត់​ឱ្យ​ទេ តែ​បើ​សិន​ជា​មាន​អ្នក​គ្រប់គ្រង​ហ្នឹង​ជួយ​តាម​ដាន​​ជួយ​ទៅ​យក​ហ្នឹង​គេ​រៀប​ចំ​ឱ្យ​យើង​អីចឹង។ ដូច​ជា​ខាង​ស្ថានទូត​ជួយ​ចេញ​ជួយ​ស្វែង​រក​ខ្ញុំ​ជឿ​ថា ​វា​លឿន​ទេ​រឿង​ធាតុ​ហ្នឹង​ តែ​បងប្អូន​​គាត់​បូជា​ហើយ​​គាត់​មិន​ដឹង​ថា​គាត់​ទៅ​យក​នៅ​កន្លែង​ណា​អី​កន្លែង​ណា​អីចឹង​ជូន​កាល​គាត់​​មិន​អាច​រក​ធាតុ​របស់​សាច់ញាតិ​គាត់​ឃើញ​ទេ»

លោក លឹង សុផុន បន្ត​ថា អំឡុង​ពេល​នេះ​មាន​ពលករ​ខ្មែរ​រាប់​ពាន់​នាក់​នៅ​ខេត្ត​ឈុនបុរី និង​តំបន់​ទីក្រុង​បាងកក ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩ នោះ ពួកគេ​កំពុង​រស់​នៅ​តាម​យថា​កម្ម​ នៅ​ក្នុង​បន្ទប់​ជួល​និង​នៅ​តាម​ការដ្ឋាន​សំណង់​ ហើយ​គ្មាន​គ្រួសារ​ពេទ្យ​ព្យាបាល​នោះ​ទេ។

ពលករ​ធ្វើ​ការ​រោងចក្រ​ផលិត​គ្រឿង​បន្លាស់​កុំព្យូទ័រ នៅ​ខេត្ត​ឈុនបុរី (Chunbori) លោក គឹម ឡេង ប្រាប់​ថា លោក​និង​ប្រពន្ធ​របស់​គាត់​បាន​ឆ្លង​ជំងឺ​កូវីដ១៩ ប្រហែល ១០ថ្ងៃ​ហើយ ពុំ​មាន​អាជ្ញាធរ​ណា​មក​សួរសុខទុក្ខ​គ្រួសារ​លោក​នោះ​ទេ។ បច្ចុប្បន្ន​ស្ថានភាព​ជំងឺ​របស់​លោក​បាន​ធូរ​ស្រាល​បន្តិច​ ក្រោយ​ពេល​លោក​ទិញ​ថ្នាំ​លេប​ព្យាបាល​ជំងឺ​ដោយ​ខ្លួន​ឯង​នៅ​ក្នុង​បន្ទប់​ជួល។ ពលករ​រូប​នេះ ក៏​គ្រោង​ចង់​ត្រឡប់​ទៅ​កម្ពុជា​វិញ​ដែរ​នៅ​ពេល​ពួក​លោក​ជាសះស្បើយ​ពី​ជំងឺ​កាច​សាហាវ​នេះ ​ព្រោះ​លោក​ព្រួយបារម្ភ​ខ្លាច​ឈឺ​ធ្ងន់​នៅ​ពេល​ក្រោយ​ទៀត គ្មាន​ប្រាក់​ព្យាបាល៖ «និយាយ​រួម​ទៅ​អត់​មាន​កន្លែង​ដាក់​ទៅ​ពេទ្យ​អត់​មាន​គ្រែ​ដេក​អីចឹង វា​អត់​មាន​វា​ពេញ​លំបាក​ដែរ។ ប៉ុន្តែ​គ្រាន់​ថា​មុន​នឹង​យើង​ឈឺ​យើង​ធ្វើ​ការ​បាន​ប្រហែល ១ខែ​ដែរ លុយ​បើក​បាន​មក​ហូប​ទៅ​វិញ​អស់ ហើយ​ទម្រាំ​តែ​បាន​ធ្វើ​​ការ​យូរ​ណាស់។ រោងចក្រ​គេ​ដឹង​ថា ឆ្លង​កូវីដ​អីចឹង បើ​យើង​ជា​គេ​យក​ទៅ​ត្រួត​ទៅ យក​ទៅ​ពេទ្យ​អីចឹង។ បើ​សិន​ណា​ជា​យើង​ធូរ​គេ​ឱ្យ​ដេក​អីចឹង គេ​ត្រួត​អត់​ឃើញ​គេ​ឱ្យ​ដេក ១៤ថ្ងៃ​តទៅ​ទៀត»

របាយការណ៍​របស់​អាជ្ញាធរ​ថៃ បង្ហាញ​ថា ចាប់​ពី​ចុង​ខែ​មីនា ដល់​ថ្ងៃ​ទី៥ សីហា​មាន​ពលករ​ខ្មែរ​ជាង​មួយ​ម៉ឺន ៤ពាន់​នាក់ (១៤.១៩៤) ហើយ​ឆ្លង​ជំងឺ​កូវីដ១៩។ ក្នុង​នោះ​យ៉ាង​ហោច​ណាស់​មាន​ពលករ​ខ្មែរ ៥នាក់ បាន​ស្លាប់​ក្នុង​ខែ​មេសា ឧសភា និង​ខែ​សីហា។ ដោយ​សារ​តែ​ប្រឈម​នឹង​វិបត្តិ​បែប​នេះ​ហើយ ទើប​ពលករ​ខ្មែរ​ជា​ច្រើន​នាក់​នាំគ្នា​ប្រថុយ​ធ្វើដំណើរ​មក​កម្ពុជា​វិញ ហើយ​ក៏​ជាប់​គាំង​នៅ​តំបន់​ព្រំដែន។

​​​​​​​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​ លោក លឹង សុផុន យល់​ថា ការ​ដែល​ពលករ​ត្រឡប់​ទៅ​កម្ពុជា​វិញ​អំឡុង​ពេល​នេះ​ជា​ជម្រើស​ល្អ​បំផុត​ ហើយ​រដ្ឋាភិបាល​ខ្មែរ​គួរតែ​ជួយ​សម្រួល​ឱ្យ​ពួក​គាត់​បាន​ត្រឡប់​ទៅ​ប្រទេស​វិញ ពីព្រោះ​ពួកគាត់​អត់​ការងារ​ធ្វើ ​ហើយ​ប្រឈម​នឹង​ការ​ឆ្លង​ជំងឺ​កូវីដ១៩ គ្មាន​គ្រូពេទ្យ​ព្យាបាល។

ទោះ​ជា​យ៉ាង​ណា ចាប់​តាំង​ពី​ថ្ងៃ​ទី១៣ សីហា ដែល​អាជ្ញាធរ​កម្ពុជា​បើក​ព្រំដែន​មក​មាន​ពលករ​ខ្មែរ​រាប់​ពាន់​​នាក់​ហើយ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ដោយសារ​ពួកគាត់​មិន​អាច​ទ្រាំ​នៅ​ប្រទេស​ថៃ​បន្ត​ទៅ​ទៀត​បាន៕

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...