របាយការណ៍ស្តីពី៖ បញ្ហាប្រឈមរបស់ពលករកម្ពុជាក្នុងអំឡុងពេលនៃការផ្ទុះមេរោគកូវីដ-១៩

16
កញ្ញា

បញ្ហាប្រឈមរបស់ពលករកម្ពុជាក្នុងអំឡុងពេលនៃការផ្ទុះមេរោគកូវីដ-១៩ 

រាជធានីភ្នំពេញ៖ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២១ -​ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស (ហៅកាត់់ថា សង់ត្រាល់) នៅថ្ងៃនេះ បានចេញផ្សាយនូវរបាយការណ៍មួយដែលមានចំណងជើងថា បញ្ហាប្រឈមរបស់ពលករកម្ពុជាក្នុងអំឡុងពេលនៃការផ្ទុះមេរោគកូវីដ-១៩

របាយការណ៍នេះ ចងក្រងឡើងក្នុងគោលបំណងឆ្លុះបញ្ចាំងពីបញ្ហាលំបាកមួយចំនួន ដែលពលករ ចំណាកស្រុកកម្ពុជានៅក្នុងប្រទេសថៃ និងពលករដែលវិលត្រលប់មកដល់ព្រំដែនវិញ បានជួបប្រទះ ខណៈពេលមានការរីករាលដាលធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ពិសេសនៅពេលដែលអាជ្ញាធរកម្ពុជា និងថៃ បានដាក់ចេញនូវវិធានការរឹតបន្តឹងជាបន្តបន្ទាប់សំដៅទប់ស្កាត់ការឆ្លងរាលដាល ។ អ្នកស្រាវជ្រាវចងក្រងព័ត៌មានដែលទទួលបានពីពលករចំណាកស្រុកកម្ពុជានៅប្រទេសថៃ កិច្ចសម្ភាសន៍ជាមួយពលករដែលបានធ្វើដំណើរត្រលប់មកវិញ និងតាមរយៈការចុះអង្កេតផ្ទាល់នៅតាមព្រំដែន ដើម្បីសិក្សាពីផលលំបាករបស់ពួកគាត់។

ក្រុមពលករចំណាកស្រុក ដែលជានិច្ចកាលមិនទាន់ទទួលបានការយកចិត្តទុកដាក់ពេញលេញ នៅឡើយ បានក្លាយជាក្រុមដែលងាយរងគ្រោះបំផុតនៅក្នុងវិបត្តិនេះ។ ក្នុងចំណោមពលករកម្ពុជា ប្រមាណជិត ២លាននាក់ ដែលកំពុងរស់នៅ និងធ្វើការក្នុងប្រទេសថៃ មានពលករជាច្រើនពាន់នាក់ កំពុងជួបប្រទះការលំបាកខ្លាំងដូចជា បាត់បង់ការងារ បាត់បង់ប្រាក់ចំណូល  ប្រឈមខ្លាំងនឹងការឆ្លង ជំងឺកូវីដ-១៩ មិនទទួលបានការគាំពារពីរបបសន្តិសង្គម និងសេវាសុខភាពផ្សេងទៀត ។ រីឯពលករខ្មែរដែលមានវិជ្ជមានកូវីដ-១៩ ក៏មិនអាចទទួលបានការព្យាបាល ឬពលករខ្លះទទួលបាន ការព្យាបាលមិនសមរម្យ និងមិនទាន់ពេលវេលានៅមន្ទីរពេទ្យនៅឡើយ។ របាយការណ៍នេះក៏បានបង្ហាញ ថា ក្រុមពលករធ្វើការក្នុងវិស័យសំណង់ និងពិសេសពលករដែលមិនមានឯកសារស្របច្បាប់ជួបបញ្ហា លំបាករឹតតែខ្លាំង ដោយសារពួកគេត្រូវផ្អាកការងារ និងមិនអាចចាកចេញទៅក្រៅបាន។

កន្លងមក រដ្ឋាភិបាលកម្ពុជាតាមរយៈស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃ បានធ្វើ ការឆ្លើយតបបន្ទាន់ និងជួយពលករដែលជួបការលំបាកបានខ្លះៗ ប៉ុន្តែដោយសារផលប៉ះពាល់មានទំហំធំ ការដោះស្រាយ និងឆ្លើយតបតាមករណីជាក់ស្ដែងនីមួយៗទាំងនេះ នៅមិនទាន់គ្រប់គ្រាន់ក្នុងការ សម្រាលបន្ទុករបស់ពលករជាច្រើនម៉ឺននាក់ដែលកំពុងជួបបញ្ហាជីវភាព និងសុខភាពនៅឡើយទេ ។ ពលករខ្មែរជាច្រើនគ្មានជម្រើសអ្វីក្រៅពីបង្ខំចិត្តវិលត្រលប់មកកាន់ប្រទេសកម្ពុជាវិញឡើយ បើទោះបី ពួកគេត្រូវចំណាយខ្ពស់ ធ្វើដំណើរដោយប្រថុយប្រថាន ងាយចាញ់បោកមេខ្យល់ និងងាយប្រឈមក្នុង ការឆ្លងមេរោគក៏ដោយ។ ដោយឡែក យន្តការក្នុងការទទួលពលករនៅតាមព្រំដែនពិសេស ការដឹកជញ្ជូន ពលករ និងការធ្វើចត្តាឡីស័ក ស្ថិតក្នុងភាពមានកម្រិតដែលមិនទាន់ឆ្លើយតបបានពេញលេញនឹងកំណើន ពលករដែលបន្តវិលត្រលប់នៅឡើយ។ បញ្ហាមួយចំនួនដែលពលករជួបប្រទះនៅមណ្ឌលចត្ដាឡីស័ក មានដូចជា ភាពចង្អៀតណែនដែលមិនអាចរក្សាគម្លាតសុវត្ថិភាព មិនមានបន្ទប់ទឹក និងកន្លែងលាងសម្អាត ដៃគ្រប់គ្រាន់ ហើយបន្ទប់ទឹកប្រើរួមគ្នារវាងបុរស និងស្រ្ដី សម្ភារៈប្រើប្រាស់មិនគ្រប់គ្រាន់ ពិសេសសម្រាប់ ស្រ្ដី និងកុមារ។

 

លោក មឿន តុលា នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស យល់ឃើញថា៖

<<ក្នុងរបាយការណ៍នេះ យើងបានលើកឡើងពីបញ្ហាប្រឈមមួយចំនួន ពលករចំណាកស្រុក កម្ពុជាកំពុងជួបប្រទះ តែយើងជឿជាក់ថានៅមានបញ្ហាជាច្រើនផ្សេងទៀត ដែលពួកគាត់កំពុងជួប នៅក្នុងប្រទេសដែលខ្លួនកំពុងធ្វើការ និង ស្នាក់នៅ ជាពិសេសនៅប្រទេសថៃ ក្នុងដំណាក់កាលនៃការ រីករាលដាលកូវីដ-១៩​ នេះ។>>

<<យើងសង្ឃឹមថាព័ត៌មាននានានៅក្នុងរបាយការណ៍នេះ អាចចូលរួមចំណែកជាមូលដ្ឋានដល់ អ្នកធ្វើសេចក្តីសម្រេចចិត្តផ្នែកគោលនយោបាយ និងអ្នកអនុវត្តគោលនយោបាយផ្សេងៗ ដើម្បីឆ្លើយតប ទៅនឹងបញ្ហាដែលពលករកំពុងជួបប្រទះជាក់ស្តែង អោយបានសមស្របតាមតម្រូវការ និងទាន់ពេល វេលា។​>>

 

ក្រុមពលករចំណាកស្រុកមិនគួរត្រូវបានគេទុកចោលនោះទេ ពិសេសក្នុងកំឡុងពេលនេះ។ វិបិត្តកូវីដ-១៩ គួរតែជាពេលវេលាមួយដែលយើងត្រូវគិតគូរឡើងវិញពីភាពស្មើគ្នា ការគោរពសិទ្ធិ និង សេចក្តីថ្លៃថ្នូររបស់ពលករចំណាកស្រុកដែលជានិច្ចកាលដើរតួនាទីយ៉ាងសកម្មក្នុងការជួយជ្រោមជ្រែងសេដ្ឋកិច្ចជាតិ ទាំងសម្រាប់ប្រទេសកំណើត និង ប្រទេសគោលដៅ។ យើងសូមអំពាវនាវយ៉ាងទទូច ឲ្យរដ្ឋាភិបាលធ្វើការពង្រីកនូវយន្តការឆ្លើយតបទៅនឹងវិបត្តិកូវីដ- ១៩ ដើម្បីជួយដល់ពលករកម្ពុជា ដែល កំពុងជួបការលំបាកទាំងនេះអោយបានសព្វជ្រុងជ្រោយ និងមានប្រសិទ្ធភាពបំផុត។ ម្យ៉ាងទៀត វាមាន ភាពចាំបាច់បំផុតក្នុងការដាក់បញ្ចូលក្រុមពលករចំណាកស្រុកទៅក្នុងបញ្ជីអាទិភាពក្នុងផែនការឆ្លើយតប បន្ទាន់ ឬផែនការស្តារឡើងវិញនៃផលប៉ះពាល់ដោយសារកូវីដ-១៩ ដូចក្រុមងាយរងគ្រោះដទៃទៀតដែរ។​

 

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង

លោក ឌី ថេហូយ៉ា ប្រធានផ្នែកកម្មវិធីប្រឆាំងអំពើជួញដូរមនុស្ស និងការពារសិទ្ធិពលករចំណាកស្រុក ទូរស័ព្ទលេខ:​ +៨៥៥ ៩៣ ៥៥ ​៦៦ ៣១

កញ្ញា ទ្រី សុភា មន្ត្រីផ្នែកទេសន្តរប្រវេសន៍​​ ទូរស័ព្ទលេខ:​ +៨៥៥ ៩៣ ៥៥ ​៦៦ ១៧

 

ទាញយករបាយការណ៍ (ភាសាខ្មែរ)៖ បញ្ហាប្រឈមរបស់ពលករកម្ពុជាក្នុងអំឡុងពេលនៃការផ្ទុះមេរោគកូវីដ-១៩ 

ទាញយករបាយការណ៍ (អង់គ្លេស)៖ Challenges of Cambodian Migrant Workers During the Covid-19 Outbreak

 

 

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...