29
មេសា

សង្គមស៊ីវិលអំពាវនាវឱ្យ​អាជ្ញាធរ​បញ្ឈប់ជា​បន្ទាន់​នូវការ​យាយី​ដល់​អ្នក​ការពារ​សិទ្ធិមនុស្ស

ថ្ងៃ២៩ ខែមេសា ឆ្នាំ២០១៦ – យើងខ្ញុំ ជាអង្គការសង្គមស៊ីវិលដែលមានរាយនាមខាងក្រោម សូមថ្កោលទោសចំពោះការកោះហៅ និងសាកសួរទៅលើមន្ត្រីអង្គការសង្គមស៊ីវិលដែលបានធ្វើសកម្មភាពសមស្រប និងត្រឹមត្រូវតាមច្បាប់ក្នុងការការពារសិទ្ធិមនុស្ស។ នេះជាការអនុវត្តដោយបំពានរបស់អង្គភាពប្រឆាំងអំពើពុករលួយ (“អ.ប.ព”) ដែលត្រូវបានប្រើប្រាស់ដើម្បីគំរាមកំហែងទៅលើសង្គមស៊ីវិល។

មន្ត្រីអង្គការសង្គមស៊ីវិលចំនួនប្រាំពីររូបត្រូវបាន អ.ប.ព សាកសួរក្នុងរយៈពេលពីរថ្ងៃកន្លងមកនេះទាក់ទិនទៅនឹងពាក្យបណ្តឹងមួយប្តឹងដោយកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ ដែលត្រូវបានគេចោទថាជានារីកំណាន់របស់លោក កឹម សុខា អនុប្រធានគណបក្សជំទាស់។ អ្នកទាំងនោះរួមមានបុគ្គលិករបស់សមាគមអាដហុកប្រាំនាក់ផងដែរ ដូចជា លោក នី សុខា (ប្រធានផ្នែកសិទ្ធិមនុស្ស) លោក ណៃ វ៉ង់ដា (អនុប្រធានផ្នែកសិទ្ធិមនុស្ស) លោក យី សុខសាន្ត (មន្ត្រីស៊ើបអង្កេតនិងឃ្លាំមើលសិទ្ធិមនុស្ស) អ្នកស្រី ទ្រី ឈួន (មេធាវី) និង អ្នកស្រី លឹម មុនី (អនុប្រធានផ្នែកសិទ្ធិស្ត្រី) ព្រមទាំងលោកស្រី ធីតា ឃឹះ នាយិកាអង្គការសីលការ និងលោក នី ចរិយា អគ្គលេខាធិការរងគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(និងជាអតីតប្រធានផ្នែកសិទ្ធិមនុស្សនៃសមាគមអាដហុក)។ លោក សឿន សាលី មន្ត្រីការិយាល័យឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅកម្ពុជា ក៏ត្រូវបាន អ.ប.ព កោះហៅពាក់ព័ន្ធទៅនឹងករណីដូចគ្នានេះដែរ ប៉ុន្តែដោយសារតែលោកមានអភ័យឯកសិទ្ធិជាសមាជិកមួយរូបរបស់អង្គការសហប្រជាជាតិ ដូច្នេះលោកមិនបានចូលខ្លួនបង្ហាញនៅចំពោះមុខ អ.ប.ព ឡើយ។

តួនាទីរបស់ អ.ប.ព ក្នុងការកោះហៅមន្ត្រីអង្គការសង្គមស៊ីវិល ដើម្បីសាកសួរដោយសារតែធ្វើសកម្មភាពស្របច្បាប់ជាប់ពាក់ព័ន្ធនឹងករណីរសើបនយោបាយនោះគឺមិនសមហេតុផលឡើយ ហើយនេះគឺជាការគំរាមកំហែងនិងការយាយីទៅលើអ្នកការពារសិទ្ធិមនុស្ស។ ម្យ៉ាងទៀត ច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងអំពើពុករលួយតម្រូវឱ្យ អ.ប.ព អនុវត្តតួនាទីរបស់ខ្លួនដោយឯករាជ្យ មិនពាក់ព័ន្ធក្នុងរឿងនយោបាយ។ ប៉ុន្តែនៅដើមសប្តាហ៍នេះ អ្នកនាំពាក្យគណបក្សកាន់អំណាច បានថ្លែងថាជារឿងធម្មតាសម្រាប់រាជរដ្ឋាភិបាលក្នុងការតែងតាំងបុគ្គលិកដែលយល់ដឹងពីគណបក្សកាន់អំណាចឲ្យចូលធ្វើការនៅក្នុងអង្គភាពប្រឆាំងអំពើពុករលួយ។

ការអនុវត្តក្នុងការស៊ើបអង្កេតនេះបង្ហាញថា អ.ប.ព មិនបានធ្វើការងារជាអាទិភាពក្នុងការលុបបំបាត់អំពើពុករលួយជាទូទៅនោះឡើយ ផ្ទុយមកវិញបែរជាបំពេញការងារំលោភទៅលើអំណាចរបស់ខ្លួនទៅវិញ តាមរយៈការបង្ក្រាបទៅលើសង្គមស៊ីវិលនិងកំណត់មុខសញ្ញាទៅលើគណបក្សជំទាស់។ នេះជាការអនុវត្តមិនត្រឹមត្រូវទាល់តែសោះសម្រាប់ស្ថាប័ននេះក្នុងការអនុវត្តច្បាប់ព្រហ្មទណ្ឌទៅលើសង្គមស៊ិវិលនិងអ្នករិះគន់រដ្ឋាភិបាល។ ប្រទេសកម្ពុជាជាប់ឈ្មោះជាប្រទេសពុករលួយបំផុតនៅក្នុងតំបន់អាស៊ី ក្នុងបរិបទនេះ អ.ប.ព គួរតែត្រូវខិតខំលុបបំបាត់អំពើពុករលួយជំនួសវិញ ជាជាងធ្វើការ យាយីទៅលើមន្ត្រីអង្គការសង្គមស៊ីវិលដែលធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិមនុស្ស។

អ.ប.ព គឺជាស្ថាប័នចុងក្រោយបង្គស់ក្នុងចំណោមស្ថាប័នជាច្រើនដែលធ្វើការស៊ើបអង្កេតក្នុងករណីនេះ។ ការអនុវត្តតួនាទីមិនត្រឹមត្រូវរបស់នគរបាលប្រឆាំងភេវរកម្មក្នុងការសួរចម្លើយកញ្ញា ខុម ចាន់តារ៉ាទី នៅតែស្ថិតនៅក្នុងភាពមិនច្បាស់លាស់នៅឡើយ។ កញ្ញា ត្រូវបានសួរចម្លើយដោយមិនសមហេតុផលក្នុងពេលស៊ើបអង្កេតលើបណ្តឹងបរិហារកេរ្តិ៍ធ្វើឡើងដោយសកម្មជននយោបាយកញ្ញា ធី សុវណ្ណថា ទាក់ទិនទៅនឹងករណីនេះដែលមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងភេវរៈកម្មទាល់តែសោះ។ ករណីនេះធ្វើឡើងក្នុងអំឡុងពេលយុទ្ធនាការរបស់ក្រុមយុវជនប្រឆាំងនឹងលោក កឹម សុខា។

ជាការឆ្លើយតបទៅនឹងស្ថានភាពដ៏គួរឱ្យព្រួយបារម្ភនាពេលបច្ចុប្បន្ននេះ លោក ធន សារាយ ប្រធានសមាគមអាដហុកបានថ្លែងថា «សមាគមអាដហុកមិនបានធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សមត្ថកិច្ចរបស់ អ.ប.ព ឡើយ ព្រោះថារឿងនេះមិនមែនជាករណីពុករលួយ។ សមាគមអាដហុកគ្រាន់តែផ្តល់ជំនួយនិងការពារជនរងគ្រោះពីការរំលោភសិទ្ធិមនុស្សដែលមករកជំនួយដល់ការិយាល័យរបស់ខ្លួនតែប៉ុណ្ណោះ។ នេះគឺជាសកម្មភាពដែលសមាគមអាដហុកបានធ្វើ។ សមាគមអាដហុកមិនបានធ្វើអ្វីខុសឆ្គងឡើយ»។

លោកស្រី ណាលី ពីឡូក នាយិកាអង្គការលីកាដូ មានប្រសាសន៍ថា «ការអូសទាញបុគ្គលិកអង្គការសង្គមស៊ីវិលដែលមិនពាក់ព័ន្ធឱ្យចូលទៅក្នុងករណីនេះគឺជាឧទាហរណ៍មួយផ្សេងទៀតនៃភាពចន្លោះប្រហោងនៃប្រព័ន្ធយុត្តិធម៌កម្ពុជា ដែលមិនមែនគាបសង្កត់តែទៅលើអ្នករិះគន់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអ្នកដែលគាំទ្រពួកគេផងដែរ»។

នៅថ្ងៃទី២៥ ខែមេសា អ្នកវិភាគនយោបាយឯករាជ្យ លោក អ៊ូ វីរៈ ត្រូវបានកំណត់មុខសញ្ញាផងដែរដោយសារលោកបានថ្លែងមតិទាក់ទិនទៅនឹងករណីរបស់កញ្ញាចាន់តារ៉ាទី។ ជាការឆ្លើយតប លោក សុខ ឥសាន អ្នកនាំពាក្យ ប្រ.ជ បានដាក់ពាក្យបណ្តឹងព្រហ្មទណ្ឌប្រឆាំងនឹងលោក អ៊ូ វីរៈ ពីបទបរិហាកេរ្តិ៍ជាសាធារណៈ។ ពាក្យបណ្តឹងនោះទាមទារសំណងជម្ងឺចិត្តជាទឹកប្រាក់ចំនួន ៤០០.០០០.០០០ រៀល (ប្រមាណ១០០.០០០ដុល្លាអាមេរិក) ដែលអាចជាប់ពន្ធនាគាររយៈពេល ២ ឆ្នាំ ក្នុងករណីមិនបង់ប្រាក់តាមការបង្គាប់។ ពាក្យបណ្តឹងនោះធ្វើឡើងក្រោយពីមានការលើកឡើងរបស់នាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលថា ប្រ.ជ នឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនឹងអ្នកវិភាគនយោបាយណាដែលបង្ខូច “កិត្តិយស និងកិត្តិសព្ទ” របស់គណបក្សកាន់អំណាច។ មតិយោបល់របស់លោក អ៊ូ វីរៈ ធ្វើឡើងនៅក្នុងវិសាលភាពនៃការបញ្ចេញមតិដែលធានាដោយរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា ១៩ នៃកតិកា សញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយ។

លោកស្រី ចក់ សុភាព នាយិកាប្រតិបត្តិ ម.ស.ម.ក មានប្រសាសន៍ថា «ការកំណត់មុខសញ្ញាទៅលើលោក អ៊ូ វីរៈ ស្របពេលជាមួយនឹងការសួរចម្លើយបុគ្គលិកអង្គការសង្គមស៊ីវិលគឺមិនមែនជារឿងចៃដន្យឡើយ។ សង្គមស៊ីវិលនៅក្នុងប្រទេសកម្ពុជា កំពុងស្ថិតនៅក្រោមការវាយប្រហារយ៉ាងធ្ងន់ធ្ងរ ហើយស្ថានការណ៍នេះកំពុងតែយ៉ាប់យ៉ឺនឡើងព្រោះការបោះឆ្នោតកាន់តែខិតជិតមកដល់។ ប៉ុន្តែយុទ្ធសាស្ត្រនៃការបំភិតបំភ័យទាំងនេះនឹងមិនមានប្រសិទ្ធភាពនោះទេ។ យើងរួមសាមគ្គីគ្នាប្រឈមតទល់ទៅនឹងការគំរាមកំហែងនេះ»។

សកម្មភាពមិនសមរម្យរបស់ អ.ប.ព គឺជាសកម្មភាពថ្មីបំផុតក្នុងយុទ្ធនាការដែលកើតឡើងក្នុងការបំបិទលំហសង្គមស៊ីវិលនៅមុនការបោះឆ្នោតនាពេលខាងមុខ។ អង្គការសង្គមស៊ីវិលនិងបុគ្គលិករបស់ខ្លួនប្រឈមនឹងការយាយី និងអំពើហិង្សាជាបន្តបន្ទាប់មកលើសេរីភាពមូលដ្ឋានរបស់ពួកគេ ខណៈដែលការអនុម័តច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលបានវាយប្រហារដោយផ្ទាល់មកលើសង្គមស៊ីវិល។
យើងខ្ញុំ សូមអំពាវនាវដល់អង្គភាពប្រឆាំងអំពើពុករលួយឱ្យទម្លាក់ការស៊ើបអង្កេតរបស់ខ្លួនមកលើមន្ត្រីអង្គការសង្គមស៊ីវិលដែលគ្រាន់តែបំពេញការងាររបស់ខ្លួនដើម្បីការពារជនរងគ្រោះពីការរំលោភបំពានសិទ្ធិមនុស្សប៉ុណ្ណោះ។ ជាងនេះទៅទៀត យើងខ្ញុំសូមអំពាវនាវដល់សាលាដំបូងរាជធានីភ្នំពេញ ច្រានចោលពាក្យបណ្ដឹងប្រឆាំងនឹងលោក អ៊ូ វីរៈ ស្របតាមកាតព្វកិច្ចរបស់ខ្លួនក្រោមរដ្ឋធម្មនុញ្ញកម្ពុជានិងច្បាប់អន្តរជាតិ។

អង្គការសង្គមស៊ីវិលដែលគាំទ្រសេចក្តីថ្លែងការណ៍នេះ រួមមាន៖
សម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា
(ANSA Cambodia)
អង្គការអភិវឌ្ឍន៍សំលេងសហគមន៍ (BCV)
សង់ត្រាល់ (CENTRAL)
មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)
គណៈកម្មាធិការប្រព្រឹត្តិកម្ម នៃ អង្គការ~សមាគមការពារសិទ្ធិមនុស្សកម្ពុជា (CHRAC)
សហភាពការងារកម្ពុជា (CLC)
សម្ព័ន្ធខ្មែរជំរឿន និងការពារសិទ្ធិមនុស្ស លីកាដូ (LICADHO)
មជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ (CLEC)
សម្ព័ន្ធដើម្បីសុចរិតភាព និង គណនេយ្យភាពសង្គម (CISA)
សម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC)
គណៈកម្មាធិការ ដើម្បីការបោះឆ្នោត ដោយសេរី និងយុត្តិធម៌នៅកម្ពុជា (COMFREL)
Diakonia
បណ្ដាញយុវជនកម្ពុជា (CYN)
អង្គការសមធម៌កម្ពុជា (EC)
អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC)
ក្រុមការងារពិសេសសិទ្ធិលំនៅឋាន (HRTF)
សមាគម ឥន្ទ្រទេវី (IDA)
សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ (IDEA)
ជំនួយផ្នែកច្បាប់កម្ពុជា (LAC)
អង្គការមាតាធម្មជាតិ (MN)
មជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព (PDP-Center)
សមាគមធាងត្នោត (STT)
អង្គការស្ត្រីខ្មែរ (SKO)
សហព័ន្ធសហជីពកម្មករសំណង់និងព្រៃឈើកម្ពុជា (BWTUC)
ក្រុមការងារដើម្បីដោះស្រាយទំនាស់ (ACT)
សហព័ន្ធបុគ្គលិកទេសចរកម្ពុជា (CTSWF)
អង្គការអភិវឌ្ឍន៍ស្តី្រក្រីក្រក្នុងទីក្រុង (UPWD)

ទាញយកសេចក្តីថ្លែងការរួម

This post is also available in: អង់គ្លេស

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.

You are donating to : Donation

How much would you like to donate?
$10 $20 $30
Would you like to make regular donations? I would like to make donation(s)
How many times would you like this to recur? (including this payment) *
Name *
Last Name *
Email *
Phone
Address
Additional Note
paypalstripe
Loading...